(ព្រុចសែល)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ អគ្គលេខាធិការនៃអង្គការណាតូ (NATO) លោក Jens Stoltenberg បាននិយាយថា ១៨ ក្នុងចំណោមប្រទេសទាំង៣១ ដែលជាសមាជិកបក្សសម្ព័ន្ធយោធាមួយនេះ កំពុងត្រូវមើលឃើញថា នឹងសម្រេចបានតាមគោលដៅ នៃ​ការចំណាយលើវិស័យការពារជាតិ នៅក្នុងឆ្នាំ២០២៤នេះ គឺ២ភាគរយនៃអត្រា GDP ជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក Stoltenberg បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ចំនួនប្រទេសសមាជិក NATO ដែលនឹងសម្រេចបានតាមគោលដៅការចំណាយ ស្មើ២ភាគរយនៃ GDP បានកើនឡើងខ្ពស់ ប្រៀបធៀបនឹងត្រឹម១១ប្រទេស កាលពីឆ្នាំមុន។ បើតាមលោក Stoltenberg វាគឺជាកំណើន៦ដង ធៀបទៅនឹងឆ្នាំ២០២៤ នៅពេលមានសមាជិកតែ ៣ប្រទេសប៉ុណ្ណោះ ដែលអាចបំពេញបានតាមគោលដៅកំណត់។ សរុបមក កាណាដានិងក្រុមសម្ព័ន្ធមិត្តអឺរ៉ុប បានបន្ថែមថវិកាជាង៦០០ពាន់លានដុល្លារ ទៅក្នុងការចំណាយលើ វិស័យការពារជាតិរបស់ខ្លួន គិតចាប់តាំងពីពួកគេ បានកំណត់គោលដៅ២ភាគរយនៃ GDP នោះ កាលពីមួយទសវត្សរ៍មុន។

គួរបញ្ជាក់ថា ការបញ្ចេញតួលេខថ្មីនេះកើតមានឡើង បន្ទាប់ពីអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលឥឡូវជា បេក្ខជន​ប្រធានាធិបតីនៃបក្សសាធារណរដ្ឋ ទើបតែបង្កក្តីកង្វល់ចំពោះ NATO តាមរយៈការលើកឡើងថា រូបលោកនឹងលើកទឹកចិត្តឱ្យរុស្ស៉ីវាយប្រហារ​លើសមាជិក NATO ទាំងឡាយណា ដែលមិនព្រមបំពេញកាតព្វកិច្ច នៃការបង្កើនការចំណាយលើវិស័យយោធា។ លោក Stoltenberg ក៏បានព្រមានលោក ត្រាំ ផងដែរ កុំឱ្យមកបង្កការប៉ះពាល់ចំពោះ គោលការណ៍ធានាសន្តិសុខរួមរបស់អង្គការ NATO ដែលកំណត់ថា សម្ព័ន្ធមិត្តទាំងអស់នឹងចូលរួមជួយការពារទប់ទល់ ប្រសិនបើសមាជិកណាមួយ រងការវាយប្រហារពីសត្រូវ៕

រូបភាពពី Reuters