(ញូវយ៉ក)៖ មន្រ្តីជាន់ខ្ពស់មួយរូបរបស់អង្គការសហប្រជាជាតិ (UN) បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា UN មានការភ័យខ្លាចចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការដាក់បញ្ចូលក្រុមហ៊ូទីទៅក្នុងបញ្ជីឈ្មោះក្រុមភេរវករ អាចនាំឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសយេម៉ែន ដែលញំាញីស្រាប់ដោយសង្រ្គាម ពិសេសការនាំចូលទំនិញសំខាន់ៗ ជាលក្ខណៈពាណិជ្ជកម្ម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៤។

ចំណាត់ការដែលសហរដ្ឋអាមេរិកប្រកាសកាលពីខែមករា បានចូលជាធរមានកាលពីថ្ងៃសុក្រសប្តាហ៍មុន នឹងវាយលុកលើក្រុមគាំទ្រដោយអ៉ីរ៉ង់មួយនេះ ជាមួយនិងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ដូចជាការកាត់ផ្តាច់មូលនិធិ និងអាវុធដែលក្រុមហ៊ូទីប្រើប្រាស់ ក្នុងការវាយប្រហារលើកប៉ាល់ពាណិជ្ជកម្មនៅសមុទ្រក្រហម។

លោកស្រី Edem Wosornu នាយកប្រតិបត្តិនៃកម្មវិធីផ្តល់ជំនួយរបស់ UN បាននិយាយថា កាលពីពេលដែលសហគមន៍មនុស្សធម៌ព្រួយបារម្ភពី «ផលប៉ះពាល់ដែលអាចកើតមាន» ទីក្រុងវ៉ាស៊ីនតោនបានចេញការលើកលែង ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់ ចំពោះជនស៉ីវិលនៅយេម៉ែន។ យ៉ាងណាក៏ដោយ លោកស្រី Wosornu បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ UN ថា «យើងបារម្ភអំពីចំណាត់ការថ្មីរបស់សហរដ្ឋអាមេរិក បង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច រួមទាំងការនាំចូលទំនិញសំខាន់ៗ ដែលប្រជាជនយេម៉ែនពឹងផ្អែកលើ ច្រើនជាងពេលណាៗទាំងអស់»

គួរបញ្ជាក់ថា យេម៉ែន បានជាប់គាំងក្នុងជម្លោះចាប់តាំងពីក្រុមហ៊ូទី បណ្តេញរដ្ឋាភិបាលចេញពីរដ្ឋធានី Sanaa កាលពីចុងឆ្នាំ ២០១៤ ហើយសម្ព័ន្ធភាពយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានចូលធ្វើអន្តរាគមន៍នៅឆ្នាំ ២០១៥ ក្នុងគោលបំណងស្តាររដ្ឋាភិបាលឡើងវិញ។ ប៉ុន្តែប៉ុន្មានខែចុងក្រោយនេះ ក្រុមហ៊ូទីបានបើកការវាយប្រហារលើកប៉ាល់ដឹកទំនិញ ទាំងនៅក្នុង និងជុំវិញតំបន់សមុទ្រក្រហម ធ្វើឱ្យមានភាពចលាចលនៅលើផ្លូវដឹកជញ្ជូនដ៏សំខាន់នេះ ហើយបង្កើនហានិភ័យនៃការរាលដាលជម្លោះទូទាំងតំបន់មជ្ឈិមបូព៌ា៕

រូបភាពពី AFP