(ញូវដេលី)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ កងកម្លាំងសន្តិសុខឥណ្ឌា បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកការតវ៉ារបស់ក្រុមកសិករ រយៈពេលពីរថ្ងៃមកនេះ និងបានរារាំងមនុស្សរាប់ម៉ឺននាក់មិនឱ្យដើរក្បួនចូលទៅកាន់រដ្ឋធានីញូវដេលី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៤

ដោយប្រើរថយន្តដឹកទំនិញ និងរទេះរុញមានទាំងអាហារ ពូក រួមទាំងសម្ភារៈផ្គត់ផ្គង់ផ្សេងៗទៀត កសិករបានចាប់ផ្តើមដង្ហែក្បួនដែលពួកគេឱ្យឈ្មោះថា Delhi Chalo (តោះទៅក្រុងញូវដេលី) ចាប់តាំងពីព្រឹកថ្ងៃអង្គារមក ក្រោយកិច្ចពិភាក្សាជាមួយរដ្ឋាភិបាល មិនបានផ្តល់ការប្តេជ្ញាចិត្តណាមួយចំពោះតម្លៃអប្បបរមា សម្រាប់ដំណាំជាច្រើនប្រភេទរបស់ពួកគាត់។

អាជ្ញាធរបានរៀបចំសន្តិសុខយ៉ាងតឹងរ៉ឹង នៅចំណុចឆ្លងចូលមកក្នុងទីក្រុងញូវដេលី ដោយមានបុគ្គលិករាប់រយនាក់ បំពាក់នូវឧបករណ៍បង្រ្កាបកុបកម្ម និងយករបាំងស៉ីម៉ងត៍គ្របដោយលួសបន្លា ទូកុងតឺន័រមកដាក់ពង្រាយនៅលើផ្លូវ។ កងកម្លាំងសន្តិសុខ បានរារាំងក្រុមកសិករនៅតំបន់ Shambhu ដែលបែងចែករដ្ឋ Punjab និងរដ្ឋ Haryana ជារដ្ឋនៅភាគខាងជើង ដែលកសិករភាគច្រើនមានដីជាកម្មសិទ្ធិ។

នាយនគរបាលប្រចាំរដ្ឋ Haryana លោក Shatrujeet Kapur បាននិយាយថា ក្រុមបាតុករបានគប់ដុំថ្ម និងព្យាយាមបំបែករបាំងការពារ។ ជាការឆ្លើយតប កងកម្លាំងសន្តិសុខ ក៏បានប្រើប្រាស់យន្តហោះដ្រូន ដើម្បីទម្លាក់កំប៉ុងឧស្ម័នបង្ហូរទឹកភ្នែក ហើយបាញ់ទៅលើពួកគេវិញ។

គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២១ ការតវ៉ាដូចគ្នានេះ បានជំរុញឱ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi លុបចោលច្បាប់កសិកម្មមួយចំនួន ហើយសន្យាថានឹងស្វែងរកវិធីដើម្បីធានាតម្លៃ សម្រាប់ផលិតផលកសិកម្មទាំងអស់។ ប៉ុន្តែកសិករនិយាយថា រដ្ឋាភិបាលមានភាពយឺតយ៉ាវក្នុងការបំពេញតាមការសន្យាចុងក្រោយរបស់ខ្លួន៕

រូបភាពពី Reuters