(ឡុងដ៍)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងបទសម្ភាសន៍ចេញផ្សាយកាលពីថ្ងៃពុធ ទី១៤ ខែកុម្ភៈថាលោកពេញចិត្ត លោក ចូ បៃដិន ជាងលោក ដូណាល់ ត្រាំ ប៉ុន្តែបញ្ជាក់ថាលោកត្រៀមខ្លួនជាស្រេចំ ដើម្បីធ្វើការជាមួយគ្រប់ប្រធានាធិបតីអាមេរិកទាំងអស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក Pavel Zarubin លោក ពូទីន ត្រូវបានសាកសួរថារវាងលោក បៃដិន មកពីបក្សប្រជាធិបតេយ្យ និងលោក ដូណាល់ ត្រាំ មកពីបក្សសាធារណរដ្ឋ ថាតើមួយណាមានភាពល្អប្រសើរសម្រាប់រុស្ស៉ី? លោក ពូទីន បានឆ្លើយដោយគ្មានស្ទាក់ស្ទើរថា គឺលោក បៃដិន ពីព្រោះលោកជាអ្នកនយោបាយមានបទពិសោធន៍ច្រើន ជាមនុស្សងាយប៉ាន់ស្មានទឹកចិត្ត និងជាអ្នកនយោបាយមានគំនិតចាស់ បុរាណ។

ប៉ុន្តែ លោក ពូទីន បានបន្ថែមថាលោកត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយគ្រប់ប្រធានាធិបតីអាមេរិកទាំងអស់ដែលទទួលបានការផ្ដល់ទំនុកចិត្ត ពីប្រជាជនអាមេរិក។

គួរបញ្ជាក់ថា នេះគឺជាលើកទី១ ដែលលោក ពូទីន ធ្វើការអត្ថាធិប្បាយជាសាធារណៈពីការប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ ខណៈលោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន ត្រូវបានគេរំពឹងខ្ពស់ថាអាចនឹងជួបតតាំងគ្នាជាលើកទី២ ក្នុងការប្រជែងយកកៅអីជាប្រធានាធិបតី របស់សហរដ្ឋអាមេរិក៕

រូបភាពពី Reuters