(ទុយនីស)៖ ក្រុមសិទ្ធិមនុស្សទុយនីស៊ីបាននិយាយកាលពីថ្ងៃអង្គារថា ជនអន្តោប្រវេសន៍ខុសច្បាប់ជាង ១,៣០០ នាក់បានស្លាប់នៅសមុទ្រ ឬបានបាត់ខ្លួន ខណៈពេលដែលពួកគេព្យាយាមទៅដល់អឺរ៉ុប ពីប្រទេសទុយនីស៊ីកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក Islam Gharbi អ្នកជំនាញផ្នែកចំណាកស្រុក នៅវេទិកាទុយនីស៊ីសម្រាប់សិទ្ធិសង្គមនិងសេដ្ឋកិច្ច បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា «មនុស្ស ១,៣១៣ នាក់បានស្លាប់ ឬបាត់ខ្លួននៅឆ្នេរសមុទ្រទុយនីស៊ី ដែលជាចំនួនច្រើនមិនធ្លាប់មាននៅក្នុងប្រទេសមួយនេះ»។

លោកបានគូសបញ្ជាក់ថា យ៉ាងហោចណាស់ពីរភាគបីនៃពួកគេមកពីអនុតំបន់សាហារ៉ាអាហ្រ្វិក ដោយបន្ថែមថាចំនួននេះគឺ «ស្មើនឹងពាក់កណ្តាលនៃការស្លាប់ និងបាត់ខ្លួននៅសមុទ្រមេឌីទែរ៉ាណេ» ក្នុងឆ្នាំ ២០២៣ ។

អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក របស់អង្គការសហប្រជាជាតិបាននិយាយថាមនុស្ស ២,៤៩៨ នាក់បានស្លាប់ឬបាត់ខ្លួន ខណៈពេលដែលព្យាយាមឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេភាគកណ្តាលកាលពីឆ្នាំមុន ដែលបានកើនឡើង ៧៥ ភាគរយពីឆ្នាំ ២០២២។

គួរជម្រាបថា ប្រទេសទុយនីស៊ី និងលីប៊ី គឺជាចំណុចចេញដំណើរដ៏សំខាន់នៅអាហ្រ្វិកខាងជើង សម្រាប់ជនចំណាកស្រុកខុសច្បាប់រាប់ពាន់នាក់ ដែលប្រថុយជីវិតជារៀងរាល់ឆ្នាំ ដើម្បីសង្ឃឹមថាជីវិតកាន់តែប្រសើរឡើងនៅអឺរ៉ុប។

កាលពីខែធ្នូឆ្នាំមុន អង្គការពិភពលោកប្រឆាំងនឹងការធ្វើទារុណកម្ម បានចេញផ្សាយរបាយការណ៍ដែលខ្លួនបាននិយាយថា ជនចំណាកស្រុក និងជនភៀសខ្លួននៅក្នុងប្រទេសទុយនីស៊ីប្រឈមនឹង «អំពើហិង្សាក្នុងស្ថាប័នប្រចាំថ្ងៃ» រួមទាំងការចាប់ខ្លួនតាមអំពើចិត្ត ការផ្លាស់ទីលំនៅដោយបង្ខំ និងការបណ្តេញចេញទៅកាន់ព្រំដែនជាមួយប្រទេសលីប៊ី និងអាល់ហ្សេរីជាដើម៕

រូបភាពពី Reuters