(ឌូបៃ)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ឥណ្ឌា និងអេមីរ៉ាតរ៉ាប់រួម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីបង្កើតច្រករបៀងពាណិជ្ជកម្ម ដែលមានបំណងតភ្ជាប់តំបន់អឺរ៉ុបជាមួយឥណ្ឌា តាមរយៈផ្នែកខ្លះនៃតំបន់មជ្ឈិមបូព៌ា ដោយប្រើផ្លូវសមុទ្រ និងផ្លូវដែក ខណៈផែនការដ៏ធំនេះ ទទួលបានគាំទ្រពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៤។

ការប្រកាសពីព្រមព្រៀងក្របខណ្ឌ ដែលសម្រេចបានអំឡុងដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រី លោក Narendra Modi ទៅកាន់អេមីរ៉ាតអារ៉ាប់រួម ត្រូវបានចេញផ្សាយដោយក្រសួងការបរទេសឥណ្ឌា ទោះបីជាមានព័ត៌មានលម្អិតតិចតួច អំពីកិច្ចព្រមព្រៀងគ្នានេះក្តី។ ក្រសួងការបរទេសឥណ្ឌា បានបញ្ជាក់ថា «កិច្ចព្រមព្រៀងនេះ នឹងបន្ថែមពីលើការយោគយល់ និង​កិច្ចសហការគ្នាកន្លងមកជុំវិញបញ្ហានេះ ហើយជំរុញកិច្ចសហប្រតិបត្តិការរវាងឥណ្ឌានិងអេមីរ៉ាតអារ៉ាប់រួម ដោយផ្តោតលើការតភ្ជាប់ក្នុងតំបន់»។ ក្រសួងការបរទេសអេមីរ៉ាតអារ៉ាប់រួម មិនទាន់ឆ្លើយតបចំពោះសំណើរសុំការអត្ថាធិប្បាយ សម្រាប់ព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀងនេះទេ។

គួរបញ្ជាក់ថា ច្រករបៀងដែលត្រូវបានប្រកាស កាលពីខែកញ្ញា ឆ្នាំ ២០២៣នៅខាងក្រៅកិច្ចប្រជុំ G20 ក្នុងទីក្រុងញូវដែលី មានគោលបំណងតភ្ជាប់ពីឥណ្ឌា ឆ្លងកាត់សមុទ្រអារ៉ាប់ទៅកាន់អេមីរ៉ាតអារ៉ាប់រួម និងកាត់តាមអារ៉ាប៊ីសាអូឌីត មុនពេលតភ្ជាប់ពីហ្ស៊កដានី និងអ៉ីស្រាអែលទៅកាន់តំបន់អឺរ៉ុប៕

រូបភាពពី Reuters