(តូក្យូ)៖ ទូរទស្សន៍ជប៉ុន Fuji TV នៅថ្ងៃពុធ ទី១៤ ខែកុម្ភៈនេះបានរាយការណ៍ថានាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida កំពុងពិចារណាលើការបំពេញទស្សនកិច្ច ទៅកាន់កូរ៉េខាងត្បូង នៅថ្ងៃទី២០ ខែមីនាខាងមុខ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីរដ្ឋាភិបាលជប៉ុនក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ លោក Kishida ចង់ជួបលោកប្រធានាធិបតី Yoon Suk Yeol និងពិភាក្សាគ្នាលើបញ្ហាជាច្រើនក្នុងនោះរួមមានកូរ៉េខាងជើង នៅមុនការបោះឆ្នោតសភាកូរ៉េខាងត្បូងដែលនឹងប្រព្រឹត្តទៅនៅខែមេសា ឆ្នាំនេះ។ ប៉ុន្តែ ខាងរដ្ឋាភិបាលជប៉ុន មិនបានធ្វើអត្ថាធិប្បាយអ្វីទេ ចំពោះសេចក្ដីរាយការណ៍នេះ។

គួរបញ្ជាក់ថា លោក Kishida បានបំពេញទស្សនកិច្ចចុងក្រោយបំផុត ទៅកាន់ប្រទេសកូរ៉េខាងត្បូង កាលពីខែឧសភា ឆ្នាំ២០២៣ ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងផ្សះផ្សារ ទំនាក់ទំនងជាមួយទីក្រុងសេអ៊ូល ដើម្បីបើកផ្លូវឱ្យមានការធ្វើទស្សនកិច្ចជាធម្មតាឡើងវិញរវាងមេដឹកនាំនៃប្រទេសទាំង២៕