(វ៉ាស៊ីនតោន)៖ សភាតំណាងរាស្ត្រអាមេរិក គ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ កាលពីថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ បានបោះឆ្នោតដកតំណែងរដ្ឋមន្ត្រីសន្តិសុខមាតុភូមិ របស់លោកប្រធានាធិបតី ចូ បៃដិន ដោយចោទប្រកាន់រដ្ឋមន្ត្រីរូបនេះថាមានគោលនយោបាយធូររលុង ដែលជំរុញឱ្យមានលំហូរជនអន្តោប្រវេសន៍ខុសច្បាប់មកកាន់ សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters​។

ក្នុងសំឡេងបោះឆ្នោតគាំទ្រយ៉ាងប្រផិតប្រផើយ ២១៤ ទល់នឹងសំឡេង២១៣ជំទាស់ សភាតំណាងរាស្ត្រអាមេរិកបានអនុម័តមាត្រាចំនួន២ ដើម្បីចោទប្រកាន់ដក តំណែងរដ្ឋមន្ត្រីសន្តិសុខមាតុភូមិ លោក Alejandro Mayorkas តាមនីតិវិធី impeachment ហើយដែលនេះបានធ្វើឱ្យលោកក្លាយជារដ្ឋមន្ត្រីអាមេរិកដំបូងបំផុតដែល ត្រូវបានបោះឆ្នោតដកតំណែង ក្នុងរយៈពេលជិត ១៥០ឆ្នាំមកនេះ។

សមាជិកសភាតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋ បានចោទប្រកាន់លោក Mayorkas ថាមិនបានពង្រឹងការអនុវត្តច្បាប់អន្តោប្រវេសន៍អាមេរិកនោះទេ ជាហេតុ នាំឱ្យមានលំហូរជនអន្តោប្រវេសន៍ខុសច្បាប់យ៉ាងសម្បើមនៅឯតំបន់ព្រំដែនសហរដ្ឋអាមេរិក និងម៉ិកស៊ិក ហើយបានធ្វើសេចក្ដីថ្លែងការណ៍កុហកសភាទាំង២ ទៀតផង។ ប៉ុន្តែ លោក Mayorkas បានអះអាងថាលោកមិនមែនជាអ្នកត្រូវទទួលខុសត្រូវចំពោះស្ថានភាពនៅព្រំដែនឡើយ ពីព្រោះថាសភាទៅវិញទេដែលមិនមាន សមត្ថភាពដោះស្រាយប្រព័ន្ធច្បាប់អន្តោប្រវេសន៍អាមេរិកដែលកំពុងមានបញ្ហា។

គួរបញ្ជាក់ថា ការបោះឆ្នោតដកតំណែងលោក Mayorkas កើតមានឡើងតែជាងមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីសភាតំណាងរាស្ត្រអាមេរិកគ្រប់គ្រងដោយ បក្សសាធារណរដ្ឋ បរាជ័យក្នុងការបោះឆ្នោតដកតំណែងរដ្ឋមន្ត្រីរូបនេះ ដោយសារតែនៅពេលនោះសមាជិកសភាតំណាងរាស្ត្រសាធារណរដ្ឋម្នាក់ គឺលោក Steve Scalise បានអវត្តមានដ្បិតត្រូវទទួលព្យាបាលជំងឺមហារីក។ ប៉ុន្តែ លោកបានត្រឡប់មកធ្វើការកាលពីថ្ងៃអង្គារ និងបានបោះឆ្នោតយ៉ាងសំខាន់ដើម្បីដកតំណែង លោក Mayorkas។ តែយ៉ាងណាក៏ដោយ ការដកតំណែង លោក Mayorkas ត្រូវបានគេមើលឃើញថាមានភាគរយតិចណាស់ នឹងអាចធ្វើទៅរួចក្នុងព្រឹទ្ធសភាអាមេរិក ដែលសព្វថ្ងៃគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ៕

រូបភាពពី Reuters