(​ហ្សាការតា)៖ ការបោះឆ្នោតសកលនៅក្នុងប្រទេសឥណ្ឌូណេស៊ី បានចាប់ផ្ដើមហើយ នៅព្រឹកថ្ងៃពុធ ទី១៤ ខែកុម្ភៈនេះ ដើម្បីជ្រើសរើសអ្នកដែល ត្រូវឡើងកាន់តំណែងជំនួសលោកប្រធានាធិបតី Joko Widodo។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការិយាល័យបោះឆ្នោតជាង ៨២០,០០០កន្លែងនៅទូទាំងប្រទេសឥណ្ឌូណេស៊ី បានបើកទ្វារបើកទ្វារចាប់ពីម៉ោង ៧ព្រឹក ហើយបិទនៅម៉ោង ១សៀល (ម៉ោងក្នុងតំបន់) នៅថ្ងៃពុធនេះ ដើម្បីឱ្យប្រជាជនឥណ្ឌូណេស៊ីដែលបានចុះឈ្មោះបោះឆ្នោតជិត ២០៥លាននាក់ បោះឆ្នោតជ្រើសរើសប្រធានាធិបតី អនុប្រធានាធិបតី ព្រមទាំងសមាជិកសភាថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់តំបន់ និងទីក្រុង។

គួរបញ្ជាក់ថា បើតាមការស្ទង់មតិជាច្រើនរបស់ឥណ្ឌូណេស៊ី រដ្ឋមន្ត្រីការពារជាតិ លោក Prabowo Subianto គឺជាបេក្ខជនប្រធានាធិបតីនាំមុខគេ ហើយ ត្រូវបានរំពឹងថានឹងទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនេះ ខណៈដៃគូជាបេក្ខជនអនុប្រធានាធិបតីរបស់លោក នោះគឺលោក Gibran Rakabuming Raka ដែលជាកូនប្រុសរបស់លោក Joko Widodo។

បេក្ខជនប្រធានាធិបតីម្នាក់ៗ ត្រូវការសំឡេងគាំទ្រលើស ៥០ភាគរយនៃសន្លឹកឆ្នោតទាំងអស់ ដើម្បីអះអាងពីជ័យជម្នះតែម្ដងដោយមិនចាំបាច់ ត្រូវឆ្លងកាត់ការបោះឆ្នោតនៅជុំទី២ ជាបន្តទៀត។ ប៉ុន្តែ ប្រសិនបើមិនមានបេក្ខជនណាម្នាក់ទទួលបានសំឡេងសរុបលើស ៥០ភាគរយទេ នោះបេក្ខជននាំមុខគេចំនួន២គូ នឹងត្រូវបន្តប្រជែងក្នុងការបោះឆ្នោតជុំទី២ ដែលជាជុំចុងក្រោយនៅថ្ងៃទី២៦ ខែមិថុនា។

ប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី នឹងត្រូវស្បថចូលកាន់តំណែងនៅខែតុលា ឆ្នាំ២០២៤៕

រូបភាពពី Reuters