(ម៉ូស្គូ)៖ រុស្ស៊ីនៅថ្ងៃអង្គារ ទី១៣ ខែកុម្ភៈនេះ បានប្រកាសថា មេដឹកនាំអេស្តូនី លោកស្រី Kaja Kallas និងមន្ត្រីរដ្ឋបាល់ទិកផ្សេងទៀតជា «ជនត្រូវតាមចាប់ខ្លួន» ចំពេលមានជម្លោះជុំវិញការដកចេញនូវវិមានចងចាំសង្រ្គាមសម័យសូវៀត នៅក្នុងប្រទេសរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៣ ខែកុម្ផៈ ឆ្នាំ២០២៤។

ចំណាត់ការនេះបានបង្ហាញពីភាពតានតឹងបន្ថែមទៀត នៅក្នុងទំនាក់ទំនងរវាងរុស្ស៊ី និងរដ្ឋបាល់ទិកដែលត្រូវបានគ្រប់គ្រងដោយសហភាពសូវៀត និងជាម្ចាស់ផ្ទះនៃជនជាតិភាគតិចរុស្ស៊ីដ៏ធំ។

រដ្ឋមន្ត្រីក្រសួងវប្បធម៌លីទុយអានី លោក Simonas Keris និងរដ្ឋមន្ត្រីការបរទេសអេស្តូនី លោក Temar Petrkop ក៏ត្រូវបានប្រកាសថាជា «ជនត្រូវគេតាមចាប់ខ្លួន» ផងដែរ ដោយក្រសួងមហាផ្ទៃទីក្រុងម៉ូស្គូ ប៉ុន្តែមិនបានបង្ហាញពីការចោទប្រកាន់ជាក់លាក់នោះទេ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា ពួកគេត្រូវបានបញ្ចូលក្នុងបញ្ជី «សម្រាប់ការបំផ្លាញបូជនីយដ្ឋានឧទ្ទេសដល់ទាហានសូវៀត» ។ លោកស្រីបាននិយាយដូច្នេះថា «ឧក្រិដ្ឋកម្មប្រឆាំងនឹងការចងចាំដល់អ្នករំដោះពិភពលោកពីលទ្ធិណាស៊ីស និងហ្វាស៊ីសនិយម ត្រូវតែទទួលទណ្ឌកម្ម។ នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ»

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីបានទម្លាក់កម្រិតទំនាក់ទំនងការទូតរបស់ខ្លួន ជាមួយអេស្តូនីក្នុងខែមករាឆ្នាំ ២០២៣ ហើយបានបញ្ជាឱ្យឯកអគ្គរដ្ឋទូតរបស់ប្រទេសនេះ ចាកចេញពីប្រទេសរបស់ខ្លួន ដោយចោទប្រកាន់ប្រទេសបាល់ទិកថា «កើតជំងឺស្អប់រុស្ស៉ី»។ រដ្ឋបាល់ទិកទាំងបីគឺអេស្តូនី ឡាតវី និងលីទុយអានី បានបណ្តេញអ្នកការទូតរុស្ស៊ីចេញពីប្រទេសរបស់ពួកគេរួចស្រេចទៅហើយ ចំពេលមានភាពតានតឹងជុំវិញជម្លោះនៅអ៊ុយក្រែន៕

រូបភាពពី AFP