(ហ្សាការតា)៖ ប្រជាជនឥណ្ឌូណេស៊ី នឹងត្រូវធ្វើដំណើរទៅកាន់ការិយាល័យបោះឆ្នោត នៅថ្ងៃ១៤ ខែកុម្ភៈ ដើម្បីបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់ពួកគេ ក្នុងការបោះឆ្នោតសកលមួយដែលត្រូវបានគេដាក់ឈ្មោះឱ្យថា «មហោស្រពប្រជាធិបតេយ្យ»។ ពួកគេមិនត្រឹមតែបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងអនុប្រធានាធិបតីថ្មី ប៉ុណ្ណោះទេ តែក៏ត្រូវជ្រើសរើសសមាជិកសភាផងដែរ នៅក្នុងការបោះឆ្នោតមានរយៈពេលមួយថ្ងៃធំជាងគេបំផុតរបស់ពិភពលោក។

បើតាមគណៈកម្មការរៀបចំការបោះឆ្នោតសកលឥណ្ឌូណេស៊ី ប្រជាជនឥណ្ឌូណេស៊ីជាង ២០៤លាននាក់ ក្នុងចំណោមប្រជាជន ២៧០លាននាក់ បានចុះឈ្មោះបោះឆ្នោត ហើយខណៈការបោះឆ្នោតមិនមែនជាកាតព្វកិច្ច ថ្ងៃបោះឆ្នោតគឺជាថ្ងៃឈប់សម្រាកដែលនេះធ្វើឱ្យជាធម្មតាអត្រាអ្នកចូលរួមបោះឆ្នោត ស្ថិតក្នុងកម្រិតខ្ពស់។ តួយ៉ាង ការបោះឆ្នោតកាលពីឆ្នាំ២០១៩ អត្រាអ្នកចូលរួមមានជាង៨១ភាគរយ។ ក្នុងឆ្នាំនេះ មានគណបក្សនយោបាយចំនួន១៨ នៅទូទាំងប្រទេសឥណ្ឌូណេស៊ី បានចូលរួម ប្រកួតប្រជែង ហើយគណបក្សនីមួយៗមានបេក្ខជនប្រធានាធិបតី និងអនុប្រធានាធិបតីរៀងៗខ្លួន។ ប្រធានាធិបតីសព្វថ្ងៃ លោក Joko Widodo ឬគេស្គាល់ថា Jokowi បានដឹកនាំឥណ្ឌូណេស៊ី អស់រយៈពេល ២អាណត្តិអតិបរមារួចមកហើយ ដូច្នេះការបោះឆ្នោតក្នុងឆ្នាំនេះនឹងក្លាយជាការជ្រើសរើសមេដឹកនាំថ្មីដំបូងបំផុតក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ។

ខាងក្រោមនេះគឺជាចំណុចសំខាន់ៗគួរដឹងពីការបោះឆ្នោតនៅឥណ្ឌូណេស៊ី៖

* តើនរណាខ្លះជាបេក្ខជនប្រធានាធិបតី និងអនុប្រធានាធិបតី?

តាមគណៈកម្មការរៀបចំការបោះឆ្នោតសកលឥណ្ឌូណេស៊ី មានបេក្ខជនចំនួន ៣គូ ដែលចូលរួមក្នុងការប្រកួតប្រជែងយកតំណែងជាប្រធានាធិបតី និងអនុប្រធានាធិបតី ក្នុងនោះរួមមាន៖

១. លោក Prabowo Subianto និងលោក Gibran Rakabuming Raka
លោក Prabowo Subianto មានអាយុ ៧២ឆ្នាំ ជាអតីតបុរសខ្លាំងក្នុងជួរយោធាឥណ្ឌូណេស៊ី និងសព្វថ្ងៃកាន់តំណែងរដ្ឋមន្ត្រីការពារជាតិ។ នេះគឺជាលើកទី៣របស់លោក ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតសកល បន្ទាប់ពីធ្លាប់បរាជ័យ ២លើកក្រោមថ្វីដៃ លោក Jokowi ក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៩។ លោក Prabowo បានទទួលរងការរិះគន់ជាយូរណាស់មកហើយចំពោះការដឹកនាំរបស់លោកក្នុងជួរយោធា និងត្រូវបានចោទប្រកាន់ពីការចាប់ពង្រត់សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ ២០នាក់ អំឡុងចុងទសវត្សរ៍១៩៩០។ ក្នុងចំណោមអ្នកទាំងនេះភាគច្រើនបានបាត់ដំណឹងសូនឈឹង រីឯលោក Prabowo មិនធ្លាប់ត្រូវបានចោទប្រកាន់ម្ដងណាឡើយ។

លោក Prabowo ក៏ត្រូវបានចោទប្រកាន់ផងដែរថាពីការរំលោភសិទ្ធិមនុស្ស នៅទីម័រខាងកើត និងខេត្ត Papua ហើយត្រូវបានបណ្ដេញចេញពីយោធាក្នុងឆ្នាំ១៩៩៨ និង ត្រូវបានហាមឃាត់មិនឱ្យចូលសហរដ្ឋអាមេរិក រហូតដល់ឆ្នាំ២០២០ បន្ទាប់ពីលោកក្លាយជារដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី ក្រោមការដឹកនាំរបស់លោក Jokowi។ ចំណែក ដៃគូអនុប្រធានាធិបតីរបស់លោក គឺលោក Gibran Rakabuming Raka ដែលជាបេក្ខជនដ៏ចម្រូងចម្រាសម្នាក់។ លោក Gibran មានអាយុ ៣៦ឆ្នាំ គឺជាកូនប្រុសចម្បងរបស់ លោក Jokowi និងដំបូងឡើយលោកត្រូវបានគេសន្មត់ថាមិនអាចឈរឈ្មោះជាបេក្ខជនអនុប្រធានាធិបតីបាននោះទេ ដោយសារតែលោកមិនទាន់ដល់អាយុ៤០ឆ្នាំ ជាអាយុ សម្រាប់អ្នកចង់ឈរឈ្មោះជាបេក្ខជនប្រធានាធិបតី និងអនុប្រធានាធិបតី។ ក៏ប៉ុន្តែ តុលាការធម្មនុញ្ញឥណ្ឌូណេស៊ី បានចេញសាលក្រម កាលពីខែតុលា ឆ្នាំ២០២៣ដោយ សម្រេចថាបេក្ខជនដែលមិនទាន់គ្រប់អាយុកំណត់ដោយច្បាប់ អាចឈរឈ្មោះជាបេក្ខជនអនុប្រធានាធិបតីបាន ប្រសិនបើពួកគេបានជាប់ឆ្នោតជាមន្ត្រីសាធារណៈពីមុនមក។ លោក Gibran បច្ចុប្បន្នគឺជាចៅហ្វាយក្រុង Surakarta។ ការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ ទទួលរងការចោទប្រកាន់ថាបក្សពួកនិយមដោយសារតែនៅពេលនោះ ប្រធានតុលាការមួយនេះគឺលោក Anwar Usman ដែលជាបងថ្លៃរបស់លោក Jokowi។

លោក Prabowo គឺជាប្រធានគណបក្ស Gerindra ដែលជាគណបក្សជាតិនិយម និងមានការគំាទ្រពីគណបក្សជាដៃគូមួយចំនួនទៀតដូចជាគណបក្ស Golkar និងគណបក្ស National Mandate Party (PAN)។ លោក Prabowo និងលោក Gibran បានសន្យាថានឹងបន្តដើរតាមគំនិតផ្ដួចផ្ដើមរបស់លោក Widodo ដែលចង់ប្រែក្លាយឥណ្ឌូណេស៊ី ទៅជាមហាអំណាចសេដ្ឋកិច្ចទី៥ នៅលើពិភពលោកក្នុងឆ្នាំ២០៤៥។ លោក Prabowo ក៏បានសន្យាដែរថាលោកនឹងសាងសង់ផ្ទះថ្មី ៣លានខ្នង នៅតាមទីជនបទ ទីប្រជុំជន និងនៅតាមតំបន់ឆ្នេរ ព្រមទាំងដាក់ចេញកម្មវិធីផ្ដល់អាហារពេលថ្ងៃត្រង់ដោយឥតគិតថ្លៃដល់សិស្សសាលាបឋម នៅក្រោមគោលនយោបាយលុបបំបាប់ការខ្វះអាហាររូបត្ថម្ភ។ តាមការស្ទង់មតិ លោក Prabowo ត្រូវបានរំពឹងថានឹងទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនៅថ្ងៃទី១៤ ខែកុម្ភៈ។

២. លោក Ganjar Pranowo និងលោក Mahfud MD
លោក Ganjar Pranowo មានអាយុ៥៥ឆ្នាំ គឺជាអតីតអភិបាលខេត្ត Central Java និងជាសមាជិកម្នាក់មកពីគណបក្ស Indonesian Democratic Party of Struggle (PDI-P) ដែលជាគណបក្សនយោបាយជាតិនិយមមួយធ្លាប់បានគាំទ្រលោក Jokowi កាន់តំណែងជាប្រធានាធិបតីឥណ្ឌូណេស៊ី ក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៩ និងស្ថិតក្រោម ការដឹកនាំរបស់លោកស្រី Megawati Sukarnoputri ជាកូនស្រីបង្កើតរបស់ប្រធានាធិបតីដំបូងបំផុតរបស់ឥណ្ឌូណេស៊ី គឺលោក Sukarno។

លោក Ganjar ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតដោយមានលោក Mahfud MD ជាដៃគូបេក្ខជនអនុប្រធានាធិបតី។ លោក Mahfud MD មានអាយុ ៦៦ឆ្នាំ ជាអតីតរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការនយោបាយ ច្បាប់ និងសន្តិសុខ។ លោក Ganjar និងលោក Mahfud MD ទទួលបានការគំាទ្រពីសមាជិកជាដៃគូ ដូចជា United Development Party (PPP), People’s Conscience Party (Hanura) និងគណបក្ស Indonesian Unity Party (Perindo)។

៣. លោក Anies Baswedan និងលោក Muhaimin Iskandar
លោក Anies Baswedan ជាអតីតអភិបាលក្រុងហ្សាការតា ហើយលោកចូលរួមក្នុងការបោះឆ្នោតក្នុងនាមជាបេក្ខជនឯករាជ្យ និងជាបេក្ខជនប្រឆាំងម្នាក់។ បុរស មានវ័យ ៥៤ឆ្នាំរូបនេះដែលទទួលបានការអប់រំនៅសហរដ្ឋអាមេរិក បានប្រឡូកចូលក្នុងវិស័យអប់រំ និងក្រោយមកបានឈានជើងជាន់ឆាកនយោបាយដោយទទួលបានតំណែងជា រដ្ឋមន្ត្រីក្រសួងអប់រំ។ ចំណែក ដៃគូជាអនុប្រធានាធិបតីរបស់លោក គឺលោក Muhaimin Iskandar មានអាយុ៥៧ឆ្នាំ និងជាអនុប្រធានក្រុមប្រឹក្សាតំណាងប្រជាជន និងជាមេដឹកនាំគណបក្ស National Awakening Party (PKB) ជាបក្សនយោបាយមូស្លីមធំបំផុតនៅឥណ្ឌូណេស៊ី។

* តើប្រព័ន្ធបោះឆ្នោតឥណ្ឌូណេស៊ី ដំណើរការដូចម្ដេច?
នៅថ្ងៃទី១៤ ខែកុម្ភៈ ការិយាល័យបោះឆ្នោតជាង ៨២០,០០០កន្លែងនៅទូទាំងប្រទេសឥណ្ឌូណេស៊ី នឹងត្រូវបើកទ្វារតាមម៉ោងក្នុងតំបន់ចែកចេញជា៣។ ការិយាល័យ បោះឆ្នោតនឹងត្រូវបើកទ្វារចាប់ពីម៉ោង ៧ព្រឹក ហើយបិទនៅម៉ោង ១សៀល (ម៉ោងក្នុងតំបន់) ក្រោមការត្រួតពិនិត្យដោយមន្ត្រីរៀបចំការបោះឆ្នោត និងអ្នកឃ្លាំមើលឯករាជ្យ ចំនួន ៧លាននាក់។ រីឯប្រជាជនឥណ្ឌូណេស៊ីនៅក្រៅប្រទេសវិញ អាចបោះឆ្នោតមុនកាលកំណត់ចាប់តាំងពីថ្ងៃទី៥ ខែកុម្ភៈ នៅតាមការិយាល័យបោះឆ្នោតនៃ ស្ថានទូតឥណ្ឌូណេស៊ីប្រចាំប្រទេសនានា ឬក៏បោះឆ្នោតតាមសារអេឡិចត្រូនិក ឬអ៉ីម៉ែលក៏បាន។

អ្នកបោះឆ្នោតនឹងទទួលបានសន្លឹកឆ្នោតចំនួន ៥សន្លឹកផ្សេងៗគ្នា ដើម្បីជ្រើសរើសបេក្ខជនប្រធានាធិបតី និងអនុប្រធានាធិបតីដែលខ្លួនពេញចិត្ត ព្រមទាំងសមាជិកសភាថ្នាក់ ជាតិ ថ្នាក់ខេត្ត ថ្នាក់តំបន់ និងទីក្រុង។ នៅឥណ្ឌូណេស៊ី ប្រជាជនមានអាយុ១៧ឆ្នាំឡើងទៅ គឺមានសិទ្ធិបោះឆ្នោត តែមន្ត្រីប៉ូលិស និងយោធាមិនត្រូវបានអនុញ្ញាតឱ្យចូលរួម ក្នុងការបោះឆ្នោតនោះទេ ទោះជាសមាជិកគ្រួសាររបស់ពួកគេអាចបោះឆ្នោតបានក៏ដោយ។ តាមគណៈកម្មការរៀបចំការបោះឆ្នោតឥណ្ឌូណេស៊ី ការបោះឆ្នោតក្នុងឆ្នាំ២០២៤នេះ ៥២ភាគរយ នៃប្រជាជនបានចុះឈ្មោះបោះឆ្នោតមានអាយុក្រោម៤០ឆ្នាំ និងមួយភាគបីក្នុងចំណោមពួកគេមានអាយុក្រោម៣០ឆ្នាំ ដែលសុទ្ធតែជាគោលដៅរបស់បេក្ខជនម្នាក់ៗ ក្នុងការស្វែងរកការគំាទ្រពីពួកគេ អំលុងយុទ្ធនាការឃោសនាបោះឆ្នោត។ ការរាប់សន្លឹកឆ្នោតត្រូវធ្វើឡើងជាសាធារណៈតាមការិយាល័យបោះឆ្នោតនីមួយៗ។

* តើនឹងមានអ្វីកើតឡើងក្រោយថ្ងៃទី១៤ ខែកុម្ភៈ?
បេក្ខជនប្រធានាធិបតីម្នាក់ៗ ត្រូវការសំឡេងគាំទ្រលើស ៥០ភាគរយនៃសន្លឹកឆ្នោតទាំងអស់ ដើម្បីអះអាងពីជ័យជម្នះតែម្ដងដោយមិនចាំបាច់ត្រូវឆ្លងកាត់ការបោះឆ្នោតនៅជុំទី២ ជាបន្តទៀត។ រីឯគណបក្សនយោបាយវិញត្រូវការសំឡេងគាំទ្រ ៤ភាគរយនៃការបោះឆ្នោតថ្នាក់ជាតិ ដើម្បីមានអាសនៈក្នុងសភា។

ប៉ុន្តែប្រសិនបើមិនមានបេក្ខជនណាម្នាក់ទទួលបានសំឡេងសរុបលើស៥០ភាគរយទេ នោះបេក្ខជននាំមុខគេចំនួន២គូ នឹងត្រូវបន្តប្រជែងក្នុងការបោះឆ្នោតជុំទី២ ដែលជា ជុំចុងក្រោយនៅថ្ងៃទី២៦ ខែមិថុនា។

គួរបញ្ជាក់ថា ប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី នឹងត្រូវស្បថចូលកាន់តំណែងនៅខែតុលា ឆ្នាំ២០២៤៕