(ឡុងដ៍)៖ អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់បាននិយាយនៅថ្ងៃអង្គារនេះថា ប្រតិបត្តិការបណ្តេញប្រជាជនប៉ាឡេស្ទីន របស់កងកម្លាំងអ៊ីស្រាអែល ​ចេញពីទឹកដីដែលកាន់កាប់​ នឹងនាំឱ្យមានការប្រឈមមុខដាក់គ្នា «សម្រាប់រាប់ពាន់ឆ្នាំខាងមុខទៀត»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោកនៅទីក្រុងឌូបៃ លោក Ahmed Aboul Gheit បានព្រមានម្តងទៀតអំពី «ផលវិបាកធ្ងន់ធ្ងរ» នៃការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តលើទីក្រុង Rafah ។

លោកបានថ្លែងយ៉ាងដូច្នេះថា «ចេតនារបស់ពួកអ្នកកាន់កាប់ (អ៊ីស្រាអែល) ក្នុងការបណ្តេញប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ ដែលបានភៀសខ្លួននៅទីក្រុង Rafah ជាមធ្យោបាយចុងក្រោយ ដែលជាការវាយប្រហារមិនរើសអើងលើជនស៊ីវិលដោយបើកជំហរ»។ លោកបានបន្ថែមថា វាបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពក្នុងតំបន់។

គួរបញ្ជាក់ថា ប្រជាជនប៉ាឡេស្ទីនរាប់រយពាន់នាក់ បានភៀសខ្លួនទៅកាន់ទីក្រុង Rafah ចាប់តាំងពីការចាប់ផ្តើមនៃការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ Gaza Strip ដែលបានកើតឡើង ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស លើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ខណៈដែលមនុស្ស ១,២០០ នាក់ត្រូវបានសម្លាប់។

ប្រតិបត្តិការយោធាអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា បានឆក់យកជីវិតប្រជាជនប៉ាឡេស្ទីនជាង ២៨,០០០ នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់នៅក្នុងតំបន់ហ្គាហ្សា។

សេចក្តីរាយការណ៍នៅថ្ងៃអង្គារនេះ បានឱ្យដឹងថា ប្រតិបត្តិការជួយសង្គ្រោះរបស់អ៊ីស្រាអែលកាលពីថ្ងៃចន្ទ បានរំដោះចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល-អាហ្សង់ទីនពីរនាក់ ដែលត្រូវបានឃុំខ្លួនដោយចលនាហាម៉ាសនៅទីក្រុង Rafah ប៉ុន្តែការគាំទ្រការវាយប្រហារតាមអាកាសនេះ បានឆក់យកជីវិតប្រជាជនប៉ាឡេស្ទីនជិត ៧០ នាក់៕

រូបភាពពី Reuters