(ម៉ានីល)៖ មន្ត្រីរដ្ឋាភិបាលម្នាក់បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរអិលបាក់ដីកាលពីថ្ងៃទី ៦ ខែកុម្ភៈ ដែលបានវាយប្រហារទីក្រុងជីករ៉ែមួយ ក្នុងខេត្ត Davao de Oro ភាគខាងត្បូងប្រទេសហ្វីលីពីន បានកើនឡើងដល់ ៧១ នាក់ហើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

មន្ត្រីនាយកដ្ឋានមហាផ្ទៃ និងរដ្ឋាភិបាលក្នុងតំបន់ លោកស្រី Leah Anora បានប្រាប់សន្និសីទសារព័ត៌មានមួយនៅឯទីក្រុង Maco ដែលជាកន្លែងសោកនាដកម្មបានកើតឡើងថា ក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរកអ្នកបាត់ខ្លួនចំនួន ៤៧ នាក់ទៀត។ លោកស្រីបានគូសបញ្ជាក់បន្ថែមថា មនុស្សចំនួន ៣២ នាក់ទៀតបានរងរបួស ប៉ុន្តែបានរួចជីវិតពីសោកនាដកម្មនេះ។

ក្នុងចំណោមអ្នកស្លាប់មានកម្មករនៅក្រុមហ៊ុនរុករករ៉ែ ដែលជាប់ក្នុងរថយន្តក្រុងពីរគ្រឿងកប់ដោយថ្ម ភក់ និងដើមឈើដែលហូរធ្លាក់ពីលើភ្នំ។ ឡានក្រុងដឹកកម្មករទៅ និងមកពីការដ្ឋានជីករ៉ែ។

គួរបញ្ជាក់ថា សន្ទស្សន៍ហានិភ័យសកលឆ្នាំ ២០២២ បានចាត់ចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ជាប្រទេសដែលងាយរងគ្រោះនឹងគ្រោះមហន្តរាយបំផុតរបស់ពិភពលោក។ ប្រទេសប្រជុំកោះនេះស្ថិតនៅក្នុងក្រវ៉ាត់ភ្លើងប៉ាស៊ីហ្វិក ហើយជារឿយៗទទួលរងនូវព្យុះសង្ឃរាដ៏ខ្លាំងក្លា ដែលនាំឱ្យទឹកជំនន់ និងការរអិលបាក់ដី ការរញ្ជួយដី និងការផ្ទុះភ្នំភ្លើងជាដើម៕