(វ៉ាស៉ីនតោន)៖ លោកដូណាល់ត្រាំដែលកំពុងប្រជែងយក តំណែងបេក្ខជនប្រធានាធិបតី បានបញ្ជាក់ពីជំហរ របស់លោកសាជាថ្មីជុំវិញការគាំទ្ររបស់ សហរដ្ឋអាមេរិកដល់សមាជិករបស់អង្គការណាតូ ណាដែលបានអនុវត្តត្រឹមត្រូវតាម ការកំណត់ចំណាយថវិកាដែលធម្មនុញ្ញណាតូបានកំណត់។ សម្តីបញ្ជាក់ពីជំហរនេះ បានធ្វើឱ្យអគ្គលេខាធិការអង្គការណាតូ លោកជេនស្តូលថេនប៊ើក បានបង្ហាញក្តីបារម្ភជាខ្លាំងជុំវិញអនាគតអង្គការណាតូ ដែលប្តេជ្ញាការពារសន្តិសុខដល់សមាជិក របស់ខ្លួនជាពិសេសបញ្ហាអ៊ុយក្រែន។

អគ្គលេខាធិការអង្គការណាតូបាននិយាយថា ការផ្តល់យោបល់របស់លោក Donald Trump ដែលនិយាយថាសហរដ្ឋអាមេរិក នឹងមិនផ្តល់ការការពារ សម្ព័ន្ធមិត្តអង្គការណាតូណាដែលមិន បានចំណាយគ្រប់គ្រាន់លើ វិស័យការពារជាតិនោះទេ គឺជាសម្តីដែល"បំផ្លាញសន្តិសុខរបស់យើងទាំងអស់"

លោក Jens Stoltenberg បានបង្ហាញដែរថា សម្តីរបស់លោកដូណាល់ត្រាំ នេះនឹងធ្វើឱ្យកង កម្លាំងសហរដ្ឋអាមេរិក និងកម្លាំងសម្ព័ន្ធមិត្តអឺរ៉ុប បានស្ថិតក្នុងហានិភ័យយ៉ាងខ្លាំង។ លោក ដូ ណាល់ត្រាំនៃគណបក្សសាធារណរដ្ឋ បាននិយាយកាលពីចុងសប្តាហ៍ថា លោកបានប្រាប់ ទៅប្រទេសជាសម្ព័ន្ធមិត្តអាមេរិកថា លោកនឹង "លើកទឹកចិត្ត" ឱ្យរុស្ស៊ីឱ្យវាយប្រហារ សមាជិក អង្គការណាតូណាដែលមិនបានបំពេញតាមគោលដៅ របស់សម្ព័ន្ធភាពដែលតម្រូវ ត្រូវចំណាយ ២ភាគ រយ នៃទំហំGDP ប្រចាំឆ្នាំរបស់ខ្លួនលើកាតព្វកិច្ចយោធា។

អង្គការណាតូគឺជាអង្គការដែល មានធម្មនុញ្ញចែងថាត្រូវតែបំពេញកាតព្វកិច្ចរបស់ខ្លួន ជួយគ្នាទៅវិញទៅមកបើសិនជាមាន សមាជិកណាមួយរបស់ខ្លួនរងការវាយប្រហារពីសត្រូវ។ ប្រធានាធិបតីអាមេរិកលោក Joe Biden បានហៅអ្វីដែលលោកដូណាល់ Trump បាននិយាយ ថាវាជាសម្តី «គួរឱ្យរន្ធត់ និងគ្រោះថ្នាក់" ជាមួយនឹងពាក្យពេចន៍ ដែលមានបំណងផ្តល់ភ្លើង បៃតងដល់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin "សម្រាប់ការធ្វើសង្គ្រាម និងអំពើហឹង្សាជាបន្ថែមទៀត»

ថ្លែងទៅកាន់ហ្វូងមនុស្សជាច្រើនក្នុងពេលកំពុងប្រមូលផ្តុំគ្នានៅក្នុងរដ្ឋ South Carolina កាលពី ថ្ងៃសៅរ៍ទី១១កុម្ភៈ, លោកដូណាល់ Trump បាននិយាយថា អ្វីដែលពាក់ព័ន្ធជាមួយរឿងរុស្ស៊ី និងអង្គការណាតូទាំងនេះ គឺជាសម្តីរបស់លោកជាមួយនឹង កិច្ចប្រជុំជាមួយអង្គការណាតូក្នុង អតីតជំនាន់ដែលលោកធ្វើជាប្រធានាធិបតីអាមេរិក កាលពីពេលកន្លងមក។

លោក ដូណាល់ ត្រាំ កំពុងតែនាំមុខ ក្នុងការប្រកួតប្រជែងជាបេក្ខជនប្រធានាធិបតី សម្រាប់ការបោះឆ្នោតខែវិច្ឆិកាឆ្នាំ២០២៤ខាងមុខនេះ។ សម្តីបញ្ជាក់ជុំវិញជំហររបស់លោក នាពេលនេះ ត្រូវគេចាត់ទុកថា គឺជាការ ង្ហាញទុកជាមុនដល់ពិភពលោកនូវអ្វីដែលនឹងកើតមានឡើង ប្រ សិនណាបើលោកនឹងជាប់ឆ្នោតជា ប្រធានាធិបតីក្នុងពេលខាងមុខនេះ។ យោងតាមធម្មនុញ្ញរបស់អង្គការណាតូ, ប្រទេសដែលចង់ចូលជាសមាជិករបស់អង្គការណាតូ ត្រូវបំពេញកាតព្វកិច្ចចំណាយថវិកាយោធា ២ភាគរយនៃទំហំ GDP នៃជាតិរបស់ខ្លួនរហូតដល់ ឆ្នាំ២០២៤ ប៉ុន្តែសេចក្តីរាយការណ៍បានបង្ហាញថា ក៏នៅមានប្រទេសខ្លះ ដែលមិនទាន់បានធ្វើការចំណាយនូវទំហំចង់បាននេះ ដូចតាមកាលកំណត់ឡើយ។

លោកដូណាល់ត្រាំ ក្នុងអម្លុងយុទ្ធនាការឃោសនាបោះឆ្នោតក្នុងរដ្ឋ South Carolina ដដែល បានរំលឹកនូវសំណួររបស់មេដឹកនាំ នៃប្រទេសធំមួយដែលបានសួរមកកាន់ រូបលោកវិញថាតើ សហរដ្ឋអាមេរិក នឹងមកជួយប្រទេសរបស់គេដែរឬទេ បើសិនជាមិនបានបំពេញខ្ជាប់ខ្ជួនតាម សេណារីយ៉ូចង់បាននោះ? លោក ដូណាល់ ត្រាំ បានថ្លែងក្នុងពេលនោះថា «អង្គការណាតូបានបែកបាក់គ្នារហូតដល់ពេល ខ្ញុំបានមកដល់។ ខ្ញុំបានប្រាប់ទៅកាន់ អ្នករាល់គ្នាទាំងនោះថា អ្នកត្រូវតែចំណាយ។ ពេលនោះស្រាប់តែមានគេសួរខ្ញុំថា ប្រសិនបើខ្ញុំមិនចំណាយទេ តើសហរដ្ឋអាមេរិក នឹងការពារខ្ញុំដែរឬ ទេ? ខ្ញុំឆ្លើយថាអត់ទេ។ ពួកគេស្ទើរមិនជឿនូវអ្វីដែលខ្ញុំបានឆ្លើយទាំងនេះ។ ពេលនោះ មាន ប្រធានាធិបតីនៃប្រទេសធំមួយ បានក្រោកឈរហើយសួរមកខ្ញុំទៀតថា លោក, ប្រសិនណាបើ ខ្ញុំមិនចំណាយទេ ហើយខ្ញុំត្រូវរុស្ស៊ីវាយប្រហារមកលើខ្ញុំ តើលោកការពារដែរទេ? ខ្ញុំបានសួរទៅវិញថា បើអ្នកមិនចំណាយ តើអ្នកបំពាននឹងច្បាប់ទេ? គាត់ឆ្លើយមកវិញថា Yes។ ខ្ញុំបាននិយាយតបទៅវិញថា ខ្ញុំក៏មិនការពារ រូបលោកដែរ»។ លោក ដូណាល់ ត្រាំ បានថ្លែងបន្តថាខ្ញុំនឹង មិនលើកទឹកចិត្តដល់អ្នកដែលចង់ធ្វើអ្វីស្រេចតែនឹងចិត្តនោះទេ បើសិនជាអ្នកមិនចំណាយថវិកានោះទេ។

សម្តីបញ្ជាក់របស់លោកដូណាល់ត្រាំ ដែលកំពុងនាំមុខជាបេក្ខជនឈរឈ្មោះបោះឆ្នោតប្រធានាធិបតីនេះ ចង់មិនចង់ បានធ្វើឱ្យក្តីបារម្ភមួយបានបង្ហាញ ជាស្រមោលស្ទុងៗនៅចំពោះមុខ ថាបើសិនជាលោកដូណាល់ត្រាំ នឹងជាប់ឆ្នោតសាជាថ្មី ជាប្រធានាធិបតីអាមេរិកសាឡើងវិញ នោះ លោកមិនគាំទ្រដល់ប្រទេសជាសមាជិក អង្គការណាតូណាដែលមិនបង់ប្រាក់ក្នុងសេ ណារីយ៉ូដែលកំណត់ទំហំចំណាយ២ភាគរយនៃទំហំ GDP របស់ជាតិ និងការឃើញនូវភាព ស្រមោលអនាគតនៃសង្គ្រាមអ៊ុយក្រែន ដែលនឹងត្រូវបាត់បង់ការគាំទ្រទាំងស្រុងពីសហរដ្ឋ អាមេរិក និងពីអនាគតនៃក្តីស្រមៃក្លាយជា សមាជិករបស់អង្គការណាតូថែម ទៀតជាមិនខានឡើយ។

បើយោងតាមតួលេខផ្ទាល់របស់អង្គការណាតូសម្រាប់ការចំណាយឆ្នាំ២០២៣, មានប្រទេស ចំនួន១៩ ក្នុងចំណោមប្រទេស សមាជិកទាំង៣០ របស់ខ្លួន កំពុងចំណាយក្រោមគោលដៅ ២ភាគរយ នៃ GDPប្រចាំឆ្នាំលើវិស័យការពារជាតិ ក្នុងនោះមានប្រទេសអាល្លឺម៉ង់, ន័រវែស និង ប្រទេសបារាំងផងដែរ។ ប៉ុន្តែប្រទេសភាគច្រើន ដែលមានព្រំប្រទល់ជាប់អ៊ុយក្រែនរុស្ស៊ី ឬប្រ ទេសជិតខាង ដែលជាប់នឹងប្រទេសបេឡារុស ការចំណាយគឺហួសពីគោលការណ៍ណែ នាំ នេះថែមទៀត។

ប្រទេសប៉ូឡូញ បានចំណាយដាល់ជាង៣ចុច៩ភាគរយនៃទំហំ GDP ប្រចាំឆ្នាំរបស់ខ្លួនដែល ច្រើនជាងសហរដ្ឋអាមេរិក, រ៉ូម៉ានី, ហុងគ្រី, ហ្វាំងឡង់និងប្រទេស ដែលជាសមាជិកនៃបណ្តា រដ្ឋតំបន់បាល់ទិកដូចជាប្រទេស Latvia, Lithuania និងអេសតូនី ដែលស្ថិតក្នុងកម្រិតពី២ចុច ៣ដល់២ចុច៧ភាគរយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យទី១១កុម្ភៈ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg នៅតែថ្លែងបង្ហាញក្តីជឿជាក់ថា សម្ព័ន្ធភាពអង្គការណាតូ នៅតែ "ត្រៀមខ្លួនជាស្រេច និងមានលទ្ធភាព" ក្នុងការការពារសមាជិករបស់ខ្លួន។ លោក Jens Stoltenberg បាននិយាយថាការវាយប្រហារណាមួយ របស់សត្រូវដាក់លើ សមាជិករបស់អង្គ ការណាតូ «នឹងត្រូវបានឆ្លើយតបដោយការរួមគ្នា និងដោយប្រើកម្លាំងពេញទំហឹងទាំងអស់គ្នា» ។ លោក Jens Stoltenberg បាននិយាយពាក់ព័ន្ធនឹង សម្តីរបស់លោកដូណាល់ត្រាំថា ការផ្តល់ យោបល់ណាមួយដែលនិយាយថា "សម្ព័ន្ធមិត្តនឹងមិនការពារគ្នា ទៅវិញទៅមកនោះ គឺជាសម្តី ធ្វើឱ្យខូចសន្តិសុខរបស់យើងទាំងអស់" ។

មេដឹកនាំអង្គការណាតូរូបនេះ បាននិយាយថាសម្តី របស់លោកដូណាល់ត្រាំធ្វើឱ្យ «មានហានិភ័យកើនឡឡើងសម្រាប់ទាហានអាមេរិក និងអឺរ៉ុប»។ លោក បាននិយាយកម្លាទឹកចិត្តថា ខ្ញុំរំពឹងថា មិនថាអ្នកណាឈ្នះការបោះឆ្នោតប្រធានា ធិបតីក្នុងពេលក្រោយនេះក៏ដោយ, សហរដ្ឋអាមេរិកនឹងនៅតែជាប្រទេសនៃអង្គការណាតូ ដែលមានការប្តេជ្ញានិងការពារអង្គការបក្ខសម្ព័ន្ធអត្លង់ទិកខាងជើង។

ក្រោយសម្តីរបស់លោក Stoltenberg ដែលរំពឹងការជឿជាក់លើសហរដ្ឋអាមេរិក ដែលប្តេជ្ញាការពារអង្គការណាតូ, ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយថា "សម្តី សារភាពរបស់លោក Donald Trump គឺជាសម្តីដ៏គួរឱ្យខ្លាចនិងមានគ្រោះថ្នាក់ ក្នុងបំណងផ្តល់ភ្លើងបៃតង់ដល់លោកវ្លាឌីមៀរ Putin សម្រាប់សង្គ្រាមជាបន្ត និងការប្រព្រឹត្តអំពើហិង្សាជាបន្ថែមទៀតប្រឆាំងប្រទេសអ៊ុយក្រែនសេរី និងការពង្រីកអំពើឈ្លានពានរបស់លោកពូទីន ផងដែរទៅកាន់ប្រជាជន នៃប្រទេសប៉ូឡូញនិងពលរដ្ឋ នៃបណ្តាប្រទេសក្នុងតំបន់ Baltic។

បេក្ខជនគណបក្សសាធារណរដ្ឋ របស់សហរដ្ឋអាមេរិក លោកស្រី Nikki Haley ដែលជាគូ ប្រជែងនៅសល់តែមួយគត់ ជាមួយនឹងលោកដូណាល់ Trump បានថ្លែងព្រមានតបចំពោះ សម្តីរបស់លោកដូណាល់ត្រាំដែលបង្ហាញ ការកាន់ជើងរុស្ស៊ីនិងលោកវ្លាឌីមៀរពូទីន។ លោកស្រី Nikki Haley ក្នុងកិច្ចសម្ភាសន៍មួយ ជាបណ្តាញសារព័ត៌មាន បានចាត់ទុកសម្តីរបស់ លោកដូណាល់ត្រាំថាជាសម្តីរបស់ក្រុមពាលដែលសម្លាប់ដៃគូប្រជែងរបស់ខ្លួន។

លោក ដូណាល់ Trump បានរិះគន់អង្គការ Nato ជាយូរយារណាស់មកហើយ និងលោកបាន មើលឃើញថាវាជាអង្គការ ចំណាយហិរញ្ញវត្ថុលើសលប់ ដែលមានសហរដ្ឋអាមេរិក ធ្វើជាបន្ទុកធំលើ ការចំណាយទាំងនោះ ដើម្បីតែការការពារប្រទេសទាំង៣០ ជាសមាជិករបស់អង្គការណាតូ។ សម្តីបញ្ជាក់របស់លោកដូណាល់ត្រាំ ដែលបង្ហាញការមិនគាំទ្រដល់ សមាជិកអង្គការណាតូ ណាដែលមិនចំណាយត្រឹមត្រូវតាមការកំណត់ ក្នុងសេណារីយ៉ូថវិកា ត្រូវបានអ្នកវិភាគជាច្រើន បានលើកឡើងមកជជែក និងក៏មានក្តីបារម្ភខ្លាចក្រែង អង្គការណាតូនឹងបែងបាក់គ្នា និងក្តីបារម្ភអំពីសង្គ្រាមក្នុងប្រទេសអ៊ុយក្រែនដែល នឹងឈានដល់ ខួបគំរប់២ឆ្នាំក្នុងថ្ងៃទី២៤កុម្ភៈខាងមុខនេះ។

រុស្ស៊ីបានចាប់ផ្តើមការប្រកាស សង្គ្រាមវាយលុកអ៊ុយក្រែន នៅថ្ងៃទី២៤កុម្ភៈឆ្នាំ២០២២។ នៅ សល់តែប្រមាណ១២ថ្ងៃទៀតប៉ុណ្ណោះ គិតត្រឹមថ្ងៃចន្ទទី១២កុម្ភៈឆ្នាំ២០២២ គឺនឹងឈានដល់ ខួបគំរប់២ឆ្នាំនិងឈានចូលដល់ឆ្នាំទីបី។ លោកដូណាល់ត្រាំតែងរិះគន់ ចំពោះគោលនយោបាយរបស់លោកចូបៃដិន ដែលផ្តល់ថវិកាយោធាដល់ អ៊ុយក្រែនកន្លងមកនេះ។

សហរដ្ឋអាមេរិកបានផ្តល់ជំនួយហិរញ្ញវត្ថុដល់ប្រទេសអ៊ុយក្រែនច្រើនជាងប្រទេសដទៃទៀត ដែលសរុបមានច្រើនជាង ៤៤ពាន់លានដុល្លារហើយ។ ជំនួយយោធារបស់សហរដ្ឋអាមេរិក ដល់ប្រទេសអ៊ុយក្រែន ត្រូវរាំងខ្ទប់ចាប់តាំងពីចុងឆ្នាំ ២០២៣នោះមក។ រដ្ឋបាលលោក ចូ បៃដិន បានស្នើរកកញ្ចប់ថវិកាយោធា ចំនួន៦០ពានលាន ដុល្លារ ដើម្បីការបន្តជួយអ៊ុយក្រែន ដើម្បីធ្វើសង្គ្រាមយកឈ្នះ លើប្រទេសរុស្ស៊ី ប៉ុន្តែសំណើ រកជំនួយនោះ ត្រូវបានរាំងស្ទះដោយសារតែ បញ្ហាប្រទាំងប្រទើសនៃនយោបាយក្នុងស្រុក ដែលគណបក្សសាធារណរដ្ឋស្នើលើ វិស័យពង្រឹងបញ្ហាសន្តិសុខព្រំដែនអាមេរិកនិងម៉ិចស៊ីកូ។

សំណើស្វែងរកថវិកា៦០ពាន់លាន ដែលបានស្ទះកាលពីចុងឆ្នាំ២០២៣ ត្រូវបានស្នើម្តងទៀត នាដើមឆ្នាំ២០២៤ ប៉ុន្តែត្រូវរាំងស្ទះសាជាថ្មីម្តងទៀត។ លោកដូណាល់ត្រាំកាលពីថ្ងៃសៅរ៍ទី ១០កុម្ភៈឆ្នាំ២០២៤ ក្នុងពេលកំពុងធ្វើយុទ្ធនាការឃោសនា រកសម្លេងសន្លឹកឆ្នោត បានថ្លែង អបអរសាទរចំពោះភាពរាំងស្ទះ នៃការផ្តល់ជំនួយដល់អ៊ុយក្រែននោះ ដែលលោកបានចាត់ទុក ថាវាជាគ្រោះមហន្តរាយប្រសិនណា បើសហរដ្ឋអាមេរិក នឹងផ្តល់ទៅឱ្យអ៊ុយក្រែនមែននោះ។

ទោះជាយ៉ាងណាក៏ដោយ ស្ថាប័នព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលគ្រប់គ្រងដោយសម្លេងភាគ ច្រើនរបស់គណបក្សប្រជាធិបតេយ្យ ត្រូវគេឃើញថាកំពុងខិតខំ ស្វែងរកការបញ្ចុះបញ្ចូល សមាជិកព្រឹទ្ធសភាជាច្រើន ពីគណបក្សសាធារណរដ្ឋ ដើម្បីជួយជំរុញ ការអនុម័តកញ្ចប់ជំនួយ យោធា៦០ពាន់លាននោះដល់អ៊ុយក្រែន។ ស្ថាប័នព្រឹទ្ធស ភាអាមេរិកកាលពីចុងសប្តាហ៍នេះ បានធ្វើការបោះឆ្នោតសាជាថ្មី គ្រាដែល មេដឹកនាំមតិភាគច្រើននៃគណបក្សប្រជាធិបតេយ្យលោក Chuck Schumer និងមេដឹកនាំម្លេង ភាគតិចនៃ គណបក្សសាធារណរដ្ឋលោក Mitch McConnell បានចេញសេចក្តីព្រមានមួយ និយាយអំពី ផលវិបាកនិងក្តីបារម្ភនៃការបោះបង់ សម្ព័ន្ធមិត្តអាមេរិកក្នុងទ្វីបអឺរ៉ុបប្រសិនណាបើ កញ្ចប់ជំនួយ យោធានោះ នឹងមិនបានអនុម័តជួយអ៊ុយក្រែននោះទេ។

ការបោះឆ្នោតកាលពីថ្ងៃអាទិត្យក្នុង សម្លេង៦៧ទល់នឹង២៧សម្លេង ដើម្បីរកការជួយជំរុញ កញ្ចប់ជំនួយយោធាឱ្យមានការជជែកគ្នានោះ បានស្ថិតក្នុង រង្វង់ដែលលោក ដូណាល់ ត្រាំ និង ក្រុមអ្នកគាំទ្រកំពុងតែបង្ហាញសម្លេងប្រឆាំងយ៉ាងខ្លាំងក្លា។ ការបោះឆ្នោត កាលពីថ្ងៃអាទិត្យ ជួយជម្រុញនោះផងដែរ ត្រូវគេឃើញថា មានសម្លេងគាំទ្រពី គណបក្សសាធារណរដ្ឋចំនួន១៨ ដែលការគាំទ្រជំរុញ ឱ្យមានវិធានការស្នើនោះហើយ ហាក់ ដូចជាមានភាពសុទិដ្ឋិនិយមរំពឹងថា វានឹងអាចមានការអនុម័ត ក្នុងការបោះឆ្នោតក្នុងស្ថាប័ន ព្រឹទ្ធសភា ប៉ុន្តែកិច្ចពិភាក្សាលើបញ្ហាផ្តល់ជំនួយនោះ បានធ្វើឱ្យសមាជិកព្រឹទ្ធសភាក្នុងក្រុម គណបក្សសាធារណរដ្ឋបានបែកបាក់គ្នាជាខ្លាំង ដោយខ្លះបានគាំទ្រនិងខ្លះទៀតមិនបានគាំទ្រ ឱ្យមានការផ្តល់ជំនួយទទេៗដល់អ៊ុយក្រែន នោះឡើយ។

លោក ដូណាល់ ត្រាំ បានសរសេរតាមបណ្តាញសង្គម កាលពីចុងសប្តាហ៍ថា សហរដ្ឋអាមេរិកគូរ តែពិចារណាឱ្យអ៊ុយក្រែនខ្ចីលុយជាជាង ការឱ្យលុយទាំងនោះដល់អ៊ុយក្រែន។ លោកបានសរ សេរថាសហរដ្ឋអាមេរិក មិនគួរល្ងង់ជាបន្តថែមទៀតឡើយ។ សមាជិកព្រឹទ្ធសភា ត្រូវគេរាយការណ៍ថានៅតែព្យាយាមចរចា លើកិច្ចព្រមព្រៀងស្តីពីវិសោធនកម្ម កាលពីថ្ងៃអាទិត្យ ប៉ុន្តែគេមិនប្រាកដទេថាតើពួកគេ អាចឈានដល់កិច្ចព្រមព្រៀងដែលនឹង ផ្លាស់ប្តូរការបោះឆ្នោតចុងក្រោយ ឬយ៉ាងណានោះឡើយ។ ប៉ុន្តែប្រសិនបើ នៅតែមានការជំទាស់, ការបោះឆ្នោតចុងក្រោយ អាចនឹងមកដល់ពាក់កណ្តាលសប្តាហ៍នេះថែមទៀត។

ទោះជាយ៉ាងណាក៏ដោយ, ប្រសិនណាបើស្ថាប័នព្រឹទ្ធសភា នឹងអាចអនុម័តឱ្យកញ្ចប់ថវិកា នេះ បានធ្វើដំណើរទៅមុខរួចមែននោះ, អនាគតនៃកញ្ចប់សំណើថវិកាដដែលនោះ ក៏នឹងត្រូវ រកការអនុម័តជាបន្ថែមទៀតពីស្ថាប័នសភាតំណាងរាស្ត្រ ដែលជាស្ថាប័ន មានសម្លេងគាំទ្រ ភាគច្រើនដោយសមាជិកគណបក្សសាធារណរដ្ឋ។ ប្រធានសភាតំណាងរាស្ត្រលោក Mike Johnson នៃគណបក្សសាធារណរដ្ឋ បានបញ្ជាក់នូវការប្តេជ្ញាចិត្តមុននេះថា លោកមិនគាំទ្រ ឱ្យមានការផ្តល់ជំនួយ ដល់ប្រទេសអ៊ុយក្រែនឡើយ៕

រូបភាពពី Reuters