(ប៉េកាំង)៖ តាមទិន្នន័យដែលប្រកាសដោយអគ្គនាយកដ្ឋានគយចិន នាពេលថ្មីៗកន្លងទៅនេះបានបង្ហាញថា ទំហំនាំចេញនាំចូលសរុប របស់ប្រទេសចិនក្នុងឆ្នាំ ២០២៣ មានចំនួន ៤១,៧៦ ទ្រីលានយាន់ប្រាក់ចិនដែលកើនឡើង ០,២ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២២។ ក្នុងនោះការនាំចេញមានចំនួន ២៣,៧៧ ទ្រីលានយាន់ប្រាក់ចិន ឯការនាំចូលមានចំនួន ១៧,៩៩ ទ្រីលានយាន់ប្រាក់ចិន។ ពីមួយត្រីមាសទៅមួយត្រីមាសបានកើនឡើងជាបន្តបន្ទាប់ ហើយនៅត្រីមាសទី ៤ ពីមួយខែទៅមួយខែមានភាពកាន់តែល្អប្រសើរ។ល។ "តារាងពិន្ទុ" នៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនក្នុងឆ្នាំ ២០២៣ ដែលប្រកាលដោយអគ្គនាយកដ្ឋានគយចិន បានបង្កើនជំនឿចិត្តរបស់សហគមន៍អន្តរជាតិ ចំពោះសេដ្ឋកិច្ចចិនថែមមួយកម្រិតទៀត។

បើមើលពីសភាពការណ៍ទូទៅនៃពាណិជ្ជកម្មអន្តរជាតិ អ្នកផងទាំងពួងនឹងយល់ច្បាស់ថែមមួយកម្រិតទៀត ចំពោះ "តារាងពិន្ទុ" ដែលបានមកដោយមិនងាយនេះ។ បច្ចុប្បន្ននេះ ការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោក មានកម្លាំងទន់ខ្សោយ ការពារនិយមខាងពាណិជ្ជកម្មរបស់ប្រទេសមួយចំនួន បានងើបឡើងវិញ ការប៉ះទង្គិចខាងភូមិសាស្ត្រនយោបាយ នៅតែកើតឡើងឥតឈប់ឈរ ហើយពាណិជ្ជកម្មជាមួយបរទេសរបស់អង្គភាពសេដ្ឋកិច្ចសំខាន់ៗ លើពិភពលោកបានធ្លាក់ចុះយ៉ាងខ្លាំងជាទួទៅ ។ ក្នុងបរិបទបែបនេះ សមិទ្ធផលគួរឱ្យកត់សម្គាល់ដែលទទួលបាន ក្នុងការនាំចេញនាំចូលរបស់ចិន គឺល្អជាងការរំពឹងទុក ដែលជាកម្លាំងជំរុញដ៏ខ្លាំងក្លាសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ ។

តើភាពធន់និងកម្លាំងរស់រវើកនៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិន គឺមកពីណា? បើមើលពីការនាំចេញអាចឃើញថា ចិនបានក្តាប់ជាប់នូវបញ្ហាគន្លឹះចំនួនពីរ ពោលគឺ "ទីផ្សារ" និង "ផលិតផល" ។ នៅឆ្នាំ ២០២៣ ការនាំចេញផលិតផលគ្រឿងចក្រ និងអេឡិចត្រូនិករបស់ប្រទេសចិនបានឡើងដល់ ១៣,៩២ ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង ២,៩ ភាគរយ។ ក្នុងនោះ ទំហំនាំចេញសរុបនៃ "ផលិតផលចំនួន ៣" ដែលមានរថយន្តដឹកអ្នកដំណើរដើរដោយថាមពលអគ្គិសនី អាគុយលីចូមនិងអាគុយថាមពលសូឡា ជាតំណាងមានចំនួនលើសពី ១ ទ្រីលានយាន់ប្រាក់ចិនជាលើកដំបូង ដែលកើនឡើង ២៩,៩ ភាគរយ ។ តាមទិន្នន័យដែលសមាគមឧស្សាហកម្មរថយន្តប្រទេសចិន ចេញផ្សាយនាពេលថ្មីៗកន្លងទៅនេះឱ្យដឹងថា នៅឆ្នាំ ២០២៣ បរិមាណផលិតនិងលក់រថយន្តរបស់ចិនសុទ្ធតែបានលើសពី ៣០ លានគ្រឿងជាលើកដំបូងដែលបានជាប់លំដាប់ថ្នាក់ទីមួយ នៅលើពិភពលោកក្នុងរយៈពេល ១៥ ឆ្នាំជាប់ៗគ្នា។

តាមការប៉ាន់ប្រមាណរបស់អង្គការពាណិជ្ជកម្មពិភពលោកឱ្យដឹងថា កូតាទីផ្សារអន្តរជាតិនៃការនាំចេញរបស់ចិនក្នុងឆ្នាំ ២០២៣ នៅតែស្ថិតក្នុងកម្រិតខ្ពស់បង្គួរ ពោលគឺ ប្រហែល ១៤ ភាគរយ។ ប្រទេសចិនបានពង្រីកយ៉ាងពេញលេញនូវឧត្តមភាព របស់ប្រទេសធំបំផុតខាងផលិតកម្មលើទូទាំងពិភពលោក។ នៅឆ្នាំ ២០២៣ ក្នុងទំហំនាំចេញសរុបរបស់ប្រទេសចិនដែលមានចំនួន ២៣,៧៧ ទ្រីលានយាន់ប្រាក់ចិន ផលិតផលនៃឧស្សាហកម្មកម្មន្តសាល ក៏បានឡើងដល់ ២៣,៥១ ទ្រីលានយាន់ប្រាក់ចិនផងដែរ ។ ក្នុងនោះ ការនាំចេញខាងមុខរបរផលិតគ្រឿងបរិក្ខារ បានកើនឡើង ២,៨ ភាគរយដែលមានសមាមាត្រត្រូវជាជិត ៦០ ភាគរយនៃទំហំនាំចេញសរុប។ ជាពិសេស គឺឧស្សាហកម្មផលិតនាវានិងរថយន្តបានក្លាយជា ឧស្សាហកម្មដែលទទួលបាន ការអភិវឌ្ឍយ៉ាងខ្លាំងក្លា កំពុងទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីសហគមន៍អន្តរជាតិ។

ការបើកទូលាយចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់បាននិងកំពុងរីកចម្រើនទៅមុខជាលំដាប់ ហើយវេទិកាថ្មីនិងមុខរបរថ្មី មាននិន្នាការអភិវឌ្ឍន៍ដ៏ល្អប្រសើរ។ នៅឆ្នាំ ២០២៣ តំបន់ពិសោធន៍ពាណិជ្ជកម្មសេរីរបស់ចិន បានពង្រីកដល់ចំនួន ២២ កន្លែង ហើយទំហំនាំចេញនាំចូលសរុបមានចំនួន ៧,៦៧ ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង ២,៧ ភាគរយ។ តាមស្ថិតិជាជំហានដំបូង បានឱ្យដឹងថា ការនាំចេញនាំចូលតាមប្រព័ន្ធធុរកិច្ចអេឡិចត្រូនិកឆ្លងដែន របស់ប្រទេសចិនក្នុងឆ្នាំ ២០២៣ មានចំនួន ២,៣៨ ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង ១៥,៦ ភាគរយ។

បើមើលពីការនាំចូលអាចឃើញថា ទីផ្សារតម្រូវការក្នុងស្រុកដែលប្រកបដោយសក្ដានុពលដ៏ធំធេង របស់ប្រទេសចិនបានផ្តល់ការទ្រទ្រង់ដ៏ខ្លាំងក្លា។ ផលិតផលក្នុងស្រុកសរុបរបស់ចិន (GDP) នៅឆ្នាំ ២០២៣មានចំនួនលើសពី ១២៦ ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង៥,២ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២២ ហើយបានកាន់លំដាប់ថ្នាក់ឈានមុខ ក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់ៗលើពិភពលោក។ សេដ្ឋកិច្ចទទួលបានការអភិវឌ្ឍប្រកបដោយស្ថិរភាពនិងភាពរឹងមាំ ហើយអ្នកប្រើប្រាស់មានជំនឿចិត្តនិងហ៊ានចំណាយប្រាក់។

សមិទ្ធផលគួឱ្យកត់សម្គាល់នៃពាណិជ្ជកម្ម ជាមួយបរទេសរបស់ប្រទេសចិន គឺ អាស្រ័យលើការគាំទ្រដ៏ខ្លាំងក្លានៃគោលនយោបាយ។ ចាប់តាំងពីចូលឆ្នាំ ២០២៣ មក ដើម្បីជួយសហគ្រាសពាណិជ្ជកម្មបរទេសរបស់ចិន ឱ្យដោះស្រាយបញ្ហា ដូចជាចរាចរណ៍ទំនិញមាន ភាពមិនសូវរលូននិងការលំបាកផ្នែកប្រាក់ទុកជាដើម រដ្ឋាភិបាលចិនបានដាក់ចេញនូវវិធានការមួយចំនួន សម្រាប់ជំរុញឱ្យពាណិជ្ជកម្មជាមួយបរទេស រក្សាស្ថិរភាពនិងលើកកម្ពស់គុណភាព។ នៅឆ្នាំ ២០២៣ សហគ្រាសពាណិជ្ជកម្មបរទេសដែលទទួលបាន សមិទ្ធផលជាក់ស្តែងខាងនាំចេញនាំចូល មានចំនួនលើសពី ៦០ ម៉ឺនសហគ្រាសជាលើកដំបូង។

ប្រទេសចិនបន្តពង្រីកការនាំចូល ដែលបាននិងកំពុងប្រែក្លាយជាកាលានុវត្តភាពកាន់តែច្រើនឡើងៗ សម្រាប់ឱ្យពិភពលោកចែករំលែកជាមួយគ្នា។ ក្នុងមួយឆ្នាំកន្លងទៅ ពិព័រណ៍នាំចូលចិនអន្តរជាតិ បានធ្វើជាសាក្សីនៃ "ការចូលរួមពិព័រណ៍ទាំង ៦ លើក" របស់មិត្តចាស់នៃពិព័រណ៍នាំចូលចិនអន្តរជាតិ ទ្រង់ទ្រាយនៃផលិតផលថ្មី បច្ចេកវិទ្យាថ្មីនិងសេវាកម្មថ្មីនៃសហគ្រាសជាច្រើន បានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្រ្ត នៃពិព័រណ៍នាំចូលចិនអន្តរជាតិ អត្រាអន្តរជាតូបនីយកម្មនៃសហគ្រាសដែលចូលរួម ក្នុងពិព័រណ៍ទំនិញនាំចេញនាំចូល នៃប្រទេសចិន (ពិព័រណ៍ Canton )តាមអហ្វឡាញបានបំបែកកំណត់ត្រាខ្ពស់ថ្មី ស្តង់តាំងពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទីមួយ នៅទូទាំងពិភពលោក គឺ ពិបាកទទួលបាន ។ល។ ពិព័រណ៍សំខាន់ៗមួយចំនួន ដែលរៀបចំធ្វើដោយប្រទេសចិនបានផ្តល់ឱកាសកាន់តែច្រើន សម្រាប់ឱ្យសហគ្រាសផលិតកម្មពិភពលោក ចូលក្នុងទីផ្សារចិន ហើយទីផ្សារធំរបស់ចិនកំពុងក្លាយជា ទីផ្សារធំរបស់ពិភពលោកពីមួយថ្ងៃទៅមួយថ្ងៃ។

ក្រៅពីទីផ្សារប្រើប្រាស់ ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនក៏កំពុងជំរុញយ៉ាងខ្លាំង ដល់ភាពរលូននៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកលផងដែរ ជាពិសេស ភាពរលូនខាងពាណិជ្ជកម្មរវាងចិន និងប្រទេសដែលចូលរួមកិច្ចកសាង "ខ្សែក្រវាត់និងផ្លូវ" គឺ គួរឱ្យកត់សម្គាល់។ តាមទិន្នន័យស្ថិតិរបស់អគ្គនាយកដ្ឋានគយចិន បង្ហាញឱ្យដឹងថា នៅឆ្នាំ ២០២៣ ទំហំនាំចេញនាំចូលរវាងចិន និងប្រទេសដែលចូលរួមកិច្ចកសាង "ខ្សែក្រវាត់និងផ្លូវ" បានឡើងដល់ ១៩,៤៧ ទ្រីលានយាន់ប្រាក់ចិន កើនឡើង ២,៨ ភាគរយដែលមានសមាមាត្រត្រូវជា ៤៦,៦ ភាគរយនៃទំហំនាំចេញសរុប។ ទំហំនាំចេញនាំចូលសរុបរវាងចិន ជាមួយប្រទេសអាមេរិកឡាទីននិងអាហ្រ្វិក បានឡើងដល់ ៣,៤៤ ទ្រីលានយាន់ប្រាក់ចិននិង១,៩៨ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង ៦,៨ ភាគរយនិង ៧,១ ភាគរយដោយឡែកពីគ្នា។

នាពេលថ្មីៗកន្លងទៅនេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានដំឡើងការប៉ាន់ប្រមាណចំពោះ កំណើនសេដ្ឋកិច្ចសកលឆ្នាំ ២០២៤ ដល់ ៣,១% ។ មួយផ្នែក គឺ ដោយមកពីកំណើននៃអង្គភាពសេដ្ឋកិច្ចសំខាន់ៗ លើពិភពលោកដែលបូករួមទាំងប្រទេសចិនជាដើម ពោរពេញទៅដោយភាពធន់ ហើយមួយផ្នែកទៀត គឺដោយមកពីល្បឿនធ្លាក់ចុះ នៃអតិផរណាសកលលឿនជាងការរំពឹងទុក។ គ្រឹះស្ថានអន្តរជាតិជាច្រើនបានប៉ាន់ប្រមាណថា អត្រារួមចំណែករបស់ប្រទេសចិន ចំពោះកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ ២០២៣ ប្រហែលនឹងឡើងដល់ ៣០ ភាគរយ ដូច្នេះ ចិននៅតែជាក្បាលម៉ាស៊ីនដ៏ធំបំផុត ក្នុងការជំរុញកំណើនសេដ្ឋកិច្ចពិភពលោកដដែល។

សម្លឹងមើលទៅឆ្នាំ ២០២៤ យើងមិនត្រឹមតែត្រូវមើលឃើញភាពមិនប្រាកដប្រជា និងអស្ថិរភាពនៃបរិយាកាសខាងក្រៅប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវមើលឃើញនូវការសន្សំទុកជាបន្តបន្ទាប់ នៃលក្ខខណ្ឌដែលមានអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនផងដែរ។ សន្និសីទស្តីពីការងារសេដ្ឋកិច្ចមជ្ឈិមចិន ដែលបានធ្វើឡើងនៅចុងឆ្នាំ ២០២៣ បានលើកឡើងថា ត្រូវពន្លឿនការពូនជ្រំកម្លាំងចលករថ្មី សម្រាប់ជំរុញពាណិជ្ជកម្មជាមួយបរទេស ផ្តោតសំខាន់ទៅលើការពង្រីក តម្រូវការក្នុងស្រុក ក៏ដូចជាពង្រីកការបើកទូលាយ ប្រកបដោយកម្រិតខ្ពស់។ យើងមានជំនឿចិត្តថា ក្រោមការគាំទ្រ នៃគោលនយោបាយគ្រប់ប្រភេទ សម្រាប់លំនឹងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយបរទេស និងកិច្ចខិតខំប្រឹងប្រែងរួមរបស់ សហគ្រាសពាណិជ្ជកម្មបរទេសទាំងឡាយ ពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនក្នុងឆ្នាំ ២០២៤ នឹងបន្តដើរកាន់តែឆ្ងាយនិងកាន់តែរឹងមាំតទៅទៀត៕

វិទ្យុមិត្តភាពកម្ពុជាចិន