(ញូវដែលី)៖ កសិករឥណ្ឌា បានបន្តការដើរដង្ហែក្បួនតវ៉ាចូលក្នុងទីក្រុងញូវដេលី នៅថ្ងៃអង្គារនេះ បន្ទាប់ពីកិច្ចពិភាក្សាជាមួយក្រុមរដ្ឋមន្ត្រី បានបរាជ័យ ដើម្បីដោះស្រាយបញ្ហាមួយចំនួន ដែលរួមទាំងការសន្យាធ្វើឱ្យតម្លៃដំណាំមានភាពល្អប្រសើរ កាលពីឆ្នាំ ២០២១។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៤។

កាលពីថ្ងៃចន្ទសប្តាហ៍នេះ មេដឹកនាំសហជីព និងមន្រ្តីរដ្ឋាភិបាលបានជួបជជែកគ្នា តែមិនទទួលបានលទ្ធផលទេ ដោយកសិករនិយាយថា រដ្ឋាភិបាលកំពុងអូសបន្លាយពេលលើការទាមទាររបស់ពួកគេ។ រីឯរដ្ឋមន្ត្រីកសិកម្ម លោក Arjun Munda បានប្រាប់អ្នកសារព័ត៌មានថា បញ្ហាមួយចំនួនត្រូវបានដោះស្រាយ ប៉ុន្តែត្រូវការការពិភាក្សាបន្ថែម។ សហជីពកសិករ រំពឹងថានឹងបង្ខំឱ្យរដ្ឋាភិបាល បង្កើតគណៈកម្មការច្បាប់មួយ ដែលមានការប្តេជ្ញាគាំទ្រពីថ្នាក់ជាតិ ឬជាការធានាក្នុងតម្លៃណាមួយ និងសន្យាឱ្យបានច្បាស់លាស់លើការបង្កើនប្រាក់ចំណូលទ្វេដង សម្រាប់កសិករ។

គួរបញ្ជាក់ថា ប៉ូលិស បានហាមឃាត់ការប្រមូលផ្តុំធំៗ នៅក្នុងទីក្រុងញូវដេលី និងបិទផ្លូវសំខាន់ៗចូលមកក្នុងរដ្ឋធានី ពីភាគខាងជើងនៃរដ្ឋ Punjab ពីកន្លែងដែលកសិករភាគច្រើនកំពុងចាប់ផ្តើមការហែក្បួនរបស់ពួកគេ។ នេះជាការតវ៉ាថ្មីមួយទៀតក្នុងរយៈពេលជាង ២ឆ្នាំមក និងតែប៉ុន្មានខែមុនការបោះឆ្នោតជាតិ ដែលលោកនាយករដ្ឋមន្ត្រី Narendra Modi នឹងត្រូវស្វែងរកអាណត្តិទី៣ ហើយកសិករគឺជាតួអង្គបោះឆ្នោតដ៏មានឥទ្ធិពលក្នុងប្រទេសឥណ្ឌា៕

រូបភាពពី Reuters