(ហ៊្សេរុយសាឡិម)៖ នៅថ្ងៃអង្គារនេះ ប្រមុខចារកម្មអ៉ីស្រាអែល បានចេញដំណើរទៅកាន់អេហ្ស៉ីប ដើម្បីពិភាក្សាគ្នាជាមួយសមភាគីអេហ្ស៉ីប និងសហរដ្ឋអាមេរិក ស្តីពីសំណើបទឈប់បាញ់សម្រាប់សង្រ្គាមតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។
ប្រភពពីក្រុមមន្រ្តីអ៉ីស្រាអែល បានបង្ហើបឱ្យដឹងថា នាយកទីភ្នាក់ងារស៉ើបការណ៍សម្ងាត់ Mossad លោក David Barnea នឹងជួបលោក William Burns នាយកចារកម្មអាមេរិក CIA ហើយនៅរដ្ឋធានីគែររបស់អេហ្ស៉ីប អ្នកទាំងពីរនឹងត្រូវចូលរួមដោយនាយករដ្ឋមន្រ្តីកាតា Mohammed bin Abdulrahman Al-Thani ដែលមានតួនាទីជាប្រមុខការទូតកាតាផងដែរ និងធ្លាប់ជួយសម្រេចបានបទឈប់បាញ់កន្លងមក។
ចំណែកប្រភពពីទីក្រុងវ៉ាស៉ីនតោន បានឱ្យដឹងកាលពីថ្ងៃចន្ទសប្តាហ៍នេះថា លោក Burns នឹងត្រូវមានវត្តមាននៅទីក្រុងគែរ ដើម្បីចូលរួមកិច្ចពិភាក្សា អំពីសំណើបទឈប់បាញ់ ដែលជួយសម្រុះសម្រួលដោយភាគីកាតា បន្ទាប់ពីអ៉ីស្រាអែលបានបដិសេធ លក្ខខណ្ឌឆ្លើយតបដំបូងកាលពីសប្តាហ៍មុន ពីសំណាក់ក្រុមហាម៉ាសប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ Gaza។
គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញាបន្តសង្រ្គាមដើម្បីកម្ទេចក្រុមហាម៉ាស តាមរយៈការបញ្ជូនកងទ័ពចូលវាយលុកទ្រង់ទ្រាយធំ លើទីក្រុង Rafah ដែលនៅព្រំដែនភាគខាងត្បូងតំបន់ Gaza និងជាទីដែលជនជាតិប៉ាឡេស្ទីនប្រមាណ១.៤លាននាក់ បាននាំគ្នារត់ទៅជ្រកកោន ដើម្បីគេចពីការប្រយុទ្ធគ្នា។ កាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយថា ទីក្រុងវ៉ាស៉ីនតោនមិនគាំទ្រឡើយ ចំពោះប្រតិបត្តិការយោធាទ្រង់ទ្រាយធំ ដែលគ្មានផែនការច្បាស់លាស់ ដើម្បីការពារជនស៉ីវិល នៅ Rafah៕វ
រូបភាពពី AFP