(កៀវ)៖ ក្រុមមន្រ្តីអ៊ុយក្រែន និងប្រព័ន្ធផ្សព្វផ្សាយ បានឱ្យដឹងថា ការវាយប្រហាររបស់រុស្ស៉ីចំទីក្រុង Dnipro ភាគកណ្តាលអ៊ុយក្រែន ដោយមីស៉ីល និងយន្តហោះដ្រូននៅថ្ងៃអង្គារនេះ បង្កការខូចខាតដល់រោងចក្រថាមពល និងកាត់ផ្តាច់ទឹកសម្រាប់ផ្គត់ផ្គង់អ្នកស្រុក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៤។

កងទ័ពអាកាសអ៊ុយក្រែន បានឱ្យដឹងតាមបណ្តាញតេឡេក្រាមថា ទីក្រុងដែលមានប្រជាជនរស់នៅតិចជាង ១លាននាក់នេះ បានស្ថិតក្រោមការវាយប្រហារដោយមីស៉ីល និងយន្តហោះដ្រូនចំនួន ៤ក្រុមដែលចូលមកពីភាគខាងត្បូង ខាងកើត និងខាងជើង។ បើតាមក្រុមហ៊ុនផ្គត់ផ្គង់ថាមពលឯកជនដ៏ធំបំផុតរបស់អ៊ុយក្រែន DTEK ស្ថានីយថាមពលកំដៅមួយរងការខូចខាតខ្លាំង តែគ្មាន​អ្នក​រង​របួស​ទេ។ ក្រុមហ៊ុនផ្គត់ផ្គង់ទឹករបស់ទីក្រុង Dnipro បានប្រកាសថា ដោយសារតែការដាច់ចរន្តអគ្គិសនី ការផ្គត់ផ្គង់ទឹក ត្រូវបានផ្អាកមួយផ្នែក។ ចំណែក អភិបាលក្រុង Dnipro លោក Borys Filatov បាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធបានរងប៉ះពាល់ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។

គួរបញ្ជាក់ថា Reuters មិនអាចផ្ទៀងផ្ទាត់ព័ត៌មាននេះបានដោយឯករាជ្យនោះទេ ខណៈដែលក្រសួងការពារជាតិរុស្ស៉ី មិនទាន់ឆ្លើយតបចំពោះជុំវិញសំណើរសុំការអត្ថាធិប្បាយនោះទេ៕

រូបភាពពី Reuters