(ប៉េកាំង)៖ នៅថ្ងៃអង្គារនេះ ចិនបានចេញមុខទទូចឱ្យអ៉ីស្រាអែល បញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួន នៅទីក្រុង Rafah នៃតំបន់ Gaza Strip ឱ្យឆាប់ៗតាមតែអាចធ្វើទៅបាន ដោយទីក្រុងប៉េកាំង បានព្រមានពីគ្រោះមហន្តរាយមនុស្សធម៌ធ្ងន់ធ្ងរ ប្រសិនបើការប្រយុទ្ធគ្នាមិនបញ្ឈប់ទេនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។
អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «ចិនតាមដានយ៉ាងដិតដល់ ចំពោះស្ថានការណ៍វិវត្តនៅទីក្រុង Rafah ហើយប្រឆាំងនិងថ្កោលទោសរាល់សកម្មភាពទាំងឡាយ ដែលបង្កគ្រោះថ្នាក់ដល់ជនស៉ីវិល និងបំពានច្បាប់អន្តរជាតិ។ ទីក្រុងប៉េកាំងទទូចឱ្យអ៉ីស្រាអែល បញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួន ឱ្យឆាប់ៗតាមតែអាចទៅរួច ហើយខិតខំធ្វើយ៉ាងណាស់បញ្ចៀស ការបាត់បង់អាយុជីវិតជនស្លូតត្រង់ ដើម្បីទប់ស្កាត់គ្រោះមហន្តរាយមនុស្សធម៌ កាន់តែធ្ងន់ធ្ងរ នៅ Rafah។
គួរបញ្ជាក់ថា អ៉ីស្រាអែលកំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំងពីអន្តរជាតិ ឱ្យយល់ព្រមទទួលយកបទឈប់បាញ់ជាមួយក្រុមហាម៉ាស ខណៈដែលខ្លួនត្រៀមលក្ខណៈ ដើម្បីបើកការវាយលុកទ្រង់ទ្រាយធំចូលទីក្រុង Rafah ដែលជាក្រុងជាប់ព្រំដែននៅភាគខាងត្បូងតំបន់ Gaza និងជាទីដែលជនជាតិប៉ាឡេស្ទីនជាង១លាននាក់ បានរត់ពីភាគខាងជើង ទៅជ្រកកោន។
កាលពីមុនព្រឹកព្រលឹមថ្ងៃចន្ទសប្តាហ៍នេះ អ៉ីស្រាអែលបានធ្វើសកម្មភាពវាយឆ្មក់ទ្រង់ទ្រាយតូច នៅ Rafah ដែលរំដោះបានចំណាប់ខ្មាំង២នាក់ និងសម្លាប់មនុស្សប្រហែល១០០នាក់ ក្រោយច្រានចោលលក្ខខណ្ឌបទឈប់បាញ់របស់ក្រុមហាម៉ាស កាលពីសប្តាហ៍មុន។ អង្គការសហប្រជាជាតិ ក៏បានចេញមុខព្រមានអ៉ីស្រាអែលផងដែរ ប្រឆាំងការវាយប្រហារទ្រង់ទ្រាយធំចូលទីក្រុង Rafah ដែលគ្មានផែនការការពារជនស៉ីវិលច្បាស់លាស់ ខណៈជនជាតិប៉ាឡេស្ទីននៅទីនោះ បាននិយាយថា ពួកគេគ្មានកន្លែងណាផ្សេង ដែលអាចរត់ភៀសខ្លួនទៅ ទៀតឡើយ៕