(ព្រុចសែល)៖ អគ្គលេខាធិការនៃអង្គការណាតូ (NATO) នាថ្ងៃសៅរ៍នេះ បានអំពាវនាវឱ្យអឺរ៉ុបប្រឹងប្រែងបង្កើនការផលិតសព្វាវុធរបស់ខ្លួន ដើម្បីជួយគាំទ្រអ៊ុយក្រែន ក៏ដូចជាដើម្បីទប់ស្កាត់ការប្រឈមមុខដាក់គ្នាដោយផ្ទាល់ ជាមួយទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។
នៅមុនកិច្ចប្រជុំសំខាន់មួយ នៃក្រុមរដ្ឋមន្រ្តីការពារជាតិ NATO នៅទីក្រុងព្រុចសែល និងមុនខួប២ឆ្នាំនៃសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន លោក Jens Stoltenberg ដែលជាប្រមុខអង្គការ NATO បានសង្កត់ធ្ងន់ពីភាពចាំបាច់ ក្នុងការស្តារនិងពង្រីកវិស័យឧស្សាហកម្មការពារជាតិរបស់អឺរ៉ុប ដើម្បីបង្កើនការផ្តល់សព្វាវុធទៅដល់ដៃអ៊ុយក្រែន ព្រមទាំងបំពេញស្តុកសព្វាវុធខ្លួនឯងឡើងវិញ។ យោងតាមលោក Stoltenberg វាមានន័យថា ត្រូវផ្លាស់ប្តូរពីចង្វាក់នៃការផលិតអាវុធយឺតៗអំលុងពេលសន្តិភាព ទៅជាចង្វាក់នៃការផលិតក្នុងសន្ទុះឆាប់រហ័ស អំលុងពេលមានជម្លោះវិញ។
ប្រមុខ NATO រូបនេះ បានបន្តថា នាពេលឥឡូវ ពុំមានការគំរាមកំហែងភ្លាមៗណាមួយប្រឆាំងសមាជិក NATO ឡើយ ប៉ុន្តែការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន ក្នុងរយៈពេលជិត២ឆ្នាំមកនេះ បានបង្ហាញឱ្យឃើញថា សន្តិភាពនៅអឺរ៉ុបត្រូវតែមានការឱ្យតម្លៃ។ លោក Stoltenberg បានគូសបញ្ជាក់ថា NATO មិនចង់មានសង្រ្គាមជាមួយរុស្ស៉ីផ្ទាល់ឡើយ ប៉ុន្តែប្រសិនបើប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ឈ្នះសង្រ្គាមនៅអ៊ុយក្រែន គ្មាននរណាអាចធានាបានទេថា ការឈ្លានពានរបស់រុស្ស៉ី នឹងមិនរីករាលដាលថែមទៀតនោះ ដូច្នេះការបន្តគាំទ្រអ៊ុយក្រែន និងការផ្តោតវិនិយោគលើសមត្ថភាពរបស់ NATO ខ្លួនឯងផ្ទាល់ គឺជាការការពារដ៏ប្រសើរបំផុត។
គួរបញ្ជាក់ថា ក្រុមប្រមុខការពារជាតិនៃបណ្តាប្រទេសជាសមាជិក NATO នឹងត្រូវជួបប្រជុំគ្នា ក្នុងទីក្រុងព្រុចសែលនៃប្រទេសបែលហ្ស៉ិក នាថ្ងៃទី១៥ ខែកុម្ភៈ គឺជាងមួយសប្តាហ៍មុនខួបលើកទី២ នៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន ដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៕
រូបភាពពី AFP