(ម៉ានីល)៖ យោធាប្រទេសហ្វីលីពីនបានឱ្យដឹងថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ ហ្វីលីពីននិងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធជើងទឹករួមគ្នា នៅតំបន់សមុទ្រចិនខាងត្បូង ខណៈវាគឺជាការធ្វើលំហាត់យោធាជុំថ្មីចុងក្រោយមួយទៀត ដែលគូសរំលេចពីការពង្រឹងចំណងទាក់ទងការពារជាតិ កាន់តែខ្លាំងរវាងសម្ព័ន្ធមិត្តទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។
ប្រមុខកងទ័ពហ្វីលីពីន លោក Romeo Brawner បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «វាស្តែងឱ្យឃើញនូវការប្តេជ្ញារបស់យើង ចំពោះតំបន់ប៉ាស៉ីហ្វិកដែលសេរីនិងបើកចំហ ហើយជួយធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ដើម្បីសំដៅទៅពង្រឹងសមត្ថភាពការពារជាតិតាមដែនសមុទ្ររបស់ពួកយើង ឱ្យកាន់តែរឹងមាំថែមទៀត»។ ក្នុងពេលប្រមាណជា១ឆ្នាំចុងក្រោយនេះ ការរួមគ្នាធ្វើសកម្មភាពយោធារវាងហ្វីលីពីននិងអាមេរិក មានសន្ទុះកើនឡើងខ្លាំង ចំពោះមុខភាពតានតឹងនៅតំបន់សមុទ្រចិនខាងត្បូង ជាទីដែលហ្វីលីពីនបានប្រឈមដាក់មុខគ្នា យ៉ាងញឹកញាប់ជាមួយចិន ជុំវិញបញ្ហាវិវាទទឹកដី។
គួរបញ្ជាក់ថា សមយុទ្ធយោធាខាងលើ គឺជាលើកទី៣ហើយ ដែលហ្វីលីពីននិងសហរដ្ឋអាមេរិក បានប្រារព្ធឡើងនៅសមុទ្រចិនខាងត្បូង គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុន ខណៈវាជាសកម្មភាពដែលបានធ្វើឱ្យចិនខឹងសម្បារ ដ្បិតទីក្រុងប៉េកាំងចាត់ទុកថា វាជាការជ្រៀតជ្រែករបស់អាមេរិកលើបញ្ហានៅក្នុងតំបន់៕
រូបភាពពី Reuters