(ស៉ីដនី)៖ រដ្ឋមន្រ្តីមន្រ្តីទទួលបន្ទុកឧស្សាហកម្មការពារជាតិ លោក Pat Conroy បាននិយាយនៅថ្ងៃសុក្រនេះថា អូស្រ្តាលីនឹងចំណាយថវិកាបន្ថែមចំនួន ៤០០លានដុល្លារអូស្ត្រាលី ឬស្មើនឹង ២៦០លានដុល្លារអាមេរិក ដើម្បីផលិតយន្តហោះដ្រូនយោធាជំនាន់ថ្មី ដែលជាគម្រោងមួយក្នុងចំណោមគម្រោងផលិតក្នុងស្រុកផ្សេងទៀត ដែលអាចបង្កើតការងារបន្ថែម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ ២០២៤។
រដ្ឋាភិបាលអូស្រ្តាលីនិយាយថា យន្តហោះដ្រូន MQ-28A Ghost Bat ដែលរចនា និងផលិតឡើង ដោយសហការជាមួយ ក្រុមហ៊ុនបុត្រសម្ព័ន្ធអូស្ត្រាលី របស់ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing នឹងមានមុខងារជាច្រើន រួមទាំងមុខងារប្រយុទ្ធផងដែរ។ រដ្ឋាភិបាលបានចំណាយប្រាក់ចំនួន ៦០០លានដុល្លារអូស្ត្រាលីរួចហើយ ដើម្បីទិញយន្តហោះដ្រូននោះចំនួន១០គ្រឿង។ ថវិកាបន្ថែមសម្រាប់ផលិតយន្តហោះចម្បាំង Ghost Bat នឹងផ្តល់ការងារជាង ៣៥០នៅទូទាំងប្រទេស ហើយនឹងធានាបាន នូវការងារបន្តសម្រាប់អ្នកផ្គត់ផ្គង់ជាង ២០០។ លោក Conroy បានបញ្ជាក់ថា «នេះគឺជាយន្តហោះយោធាដំបូងគេ ដែលត្រូវបានរចនា និងផលិតឡើងនៅក្នុងស្រុករយៈពេលជាង ៥០ឆ្នាំ ហើយមានមុខងារច្នៃប្រឌិតខ្ពស់ប្រកបដោយជំនាញ ពីឧស្សាហកម្មការពារជាតិរបស់យើង»។
គួរបញ្ជាក់ថា អូស្រ្តាលីកំពុងព្យាយាមបង្កើនសមត្ថភាពក្នុងស្រុក លើប្រព័ន្ធការពារជាតិ ឧទាហរណ៍ការចំណាយដ៏ច្រើននៃគម្រោង ដូចជាសម្ព័ន្ធភាពយោធា AUKUS ជាមួយសហរដ្ឋអាមេរិក និងអង់គ្លេសជាដើម៕
រូបភាពពី Reuters