(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ មន្រ្តីជាន់ខ្ពស់ម្នាក់នៃមន្ទីរបញ្ចកោណបាននិយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី មានសិទ្ធិជ្រើសរើសមេដឹកនាំយោធារបស់អ៊ុយក្រែន ហើយសហរដ្ឋអាមេរិកនឹងធ្វើការប្រកបដោយប្រសិទ្ធភាព ជាមួយប្រមុខកងទ័ពថ្មីរបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៤។
លោកស្រី Celeste Wallander ឧបការីរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក ទទួលបន្ទុកកិច្ចសន្តិសុខអន្តរជាតិនៃមន្ទីរបញ្ចកោណ បានលើកឡើងដូច្នេះថា «លោក ហ្សេលេនស្គី គឺជាប្រធានាធិបតីនៃប្រទេសរបស់លោក ហើយខុសពីរុស្ស៉ី អ៊ុយក្រែនមានការគ្រប់គ្រងស៉ីវិលបែបប្រជាធិបតេយ្យ លើកងកម្លាំងយោធារបស់ខ្លួន។ សហរដ្ឋអាមេរិកគោរពព្រមទាំងនឹងបន្តធ្វើការ ជាមួយបុគ្គលនានា ដែលលោក ហ្សេលេនស្គី ជ្រើសរើសធ្វើជាអគ្គមេបញ្ជាការយោធារបស់លោក ហើយ ពួកយើងនឹងធ្វើការប្រកបដោយប្រសិទ្ធភាព ជាមួយឧត្តមសេនីយ Syrskyi»។
គួរបញ្ជាក់ថា លោក ហ្សេលេនស្គី បានសម្រេចដំឡើងតំណែងលោក Oleksandr Syrskyi ដែលជាមេបញ្ជាការកងកម្លាំងជើងគោក ឱ្យក្លាយជាប្រមុខកងទ័ពអ៊ុយក្រែន ជំនួសលោក Valeriy Zaluzhnyi។ លោក Zaluzhnyi បានដឹកនាំកងទ័ពអ៊ុយក្រែនយកឈ្នះលើកងទ័ពរុស្ស៉ី នៅក្នុងសមរភូមិជាច្រើននៅប៉ុន្មានខែដំបូងនៃសង្រ្គាម។ ប៉ុន្តែការបរាជ័យក្នុងប្រតិបត្តិការវាយបក កាលពីរដូវក្ដៅឆ្នាំមុន រួមទាំងការខ្វែងគំនិតគ្នាជាសាធារណៈជាមួយលោក ហ្សេលេនស្គី បានធ្វើឱ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់លោក ក្នុងជួរគណៈរដ្ឋមន្ត្រីរបស់លោកប្រធានាធិបតីអ៊ុយក្រែន។ ការប្រកាសដោយផ្ទាល់របស់លោក ហ្សេលេនស្គី បានបិទបញ្ចប់ការសង្ស័យ និងពាក្យចចាមអារ៉ាមជាច្រើនសប្ដាហ៍មកនេះ ជុំវិញការដកតំណែង លោក Zaluzhnyi៕
រូបភាពពី Reuters