(ហ្សាការតា)៖ លទ្ធផលស្ទង់មតិថ្មីចុងក្រោយបំផុត បានបង្ហាញនៅថ្ងៃសុក្រនេះថា បេក្ខជនប្រធានាធិបតីឥណ្ឌូណេស៉ី លោក Prabowo Subianto នឹងទទួលបានសំឡេងគាំទ្រលើស៥០ភាគរយ ដែលចាំបាច់ដើម្បីក្លាយជា អ្នកទទួលជ័យជម្នះ ក្នុងការបោះឆ្នោតថ្ងៃទី១៤ កុម្ភៈ ពោលគឺនៅជុំដំបូងតែម្តង ដោយមិនចាំបាច់មានការបោះឆ្នោតជុំបន្ទាប់ទៀតឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្នុងចំណោមមនុស្ស១,២០០នាក់ ដែលត្រូវបានស្ទាបស្ទង់មតិ ដោយស្ថាប័នស្រាវជ្រាវ Indikator Politik Indonesia កាលពីចន្លោះថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី៤ ខែកុម្ភៈ ៥១.៨ភាគរយ បានឆ្លើយថា ពួកគេនឹងបោះឆ្នោតឱ្យលោក Prabowo ខណៈ២៤.១ភាគរយ និង ១៩.៦ភាគរយទៀត ថានឹងបោះឱ្យគូប្រជែងរបស់លោក គឺលោក Anies Baswedan និង លោក Ganjar Pranowo។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឥណ្ឌូណេស៉ីអាណត្តិនេះ គឺជាការចូលរួមប្រកួតប្រជែងលើកទី៣ហើយ សម្រាប់លោក Prabowo ដែលបច្ចុប្បន្នជារដ្ឋមន្រ្តីការពារជាតិ។ កន្លងមក រូបលោកបានទទួលបរាជ័យ២លើកជាប់គ្នា ក្រោមថ្វីដៃរបស់ប្រធានាធិបតីលោក Joko Widodo ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៤ និងឆ្នាំ២០១៩។
គួរបញ្ជាក់ថា ខណៈលទ្ធផលស្ទង់មតិជាបន្តបន្ទាប់ នាពេលកន្លងទៅ បានបង្ហាញថា លោក Prabowo គឺជាបេក្ខជននាំមុខគូប្រជែង លទ្ធផលស្ទង់មតិនាថ្ងៃសុក្រនេះ គឺជាលើកដំបូងបំផុត ដែលរូបលោកត្រូវបានព្យាករថា នឹងទទួលបានសំឡេងគាំទ្រលើស៥០ភាគរយ។ ការបោះឆ្នោតជុំទី២នឹងត្រូវធ្វើឡើង ប្រសិនបើពុំមានបេក្ខជនណាម្នាក់ ទទួលបានសំឡេងលើស៥០ភាគរយ ទេនោះ៕
រូបភាពពី Reuters