(ព្យុងយ៉ាង)៖ តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃសុក្រនេះ មេដឹកនាំ លោក គីម ជុងអ៊ុន បាននិយាយថា កូរ៉េខាងជើងនឹងមិនស្ទាក់ស្ទើរឡើយ ក្នុងការប្រើប្រាស់អំណាចយោធាទាំងអស់ដើម្បីកម្ចាត់សត្រូវ ប្រសិនបើក្នុងចំណោមពួកគេប្រើកម្លាំងប្រឆាំងនឹងប្រទេសខ្លួន ខណៈដែលលោកចូលរួមប្រារព្ធខួបនៃការបង្កើតយោធា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ ២០២៤។

លោក គីម បានធ្វើអត្ថាធិប្បាយក្នុងពេលចុះទៅកាន់ក្រសួងការពារជាតិ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយបានប្រជុំជួរយោធា ដើម្បីពង្រឹងមនោគមវិជ្ជារបស់គណបក្សពលករកំពុងកាន់អំណាច។ KCNA បានដកស្រង់របស់ លោក គីម ដែលគូសបញ្ជាក់ថា «ប្រសិនបើសត្រូវព្យាយាមប្រើកម្លាំងប្រឆាំងនឹងប្រទេសរបស់យើង យើងនឹងធ្វើការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការផ្លាស់ប្តូរប្រវត្តិសាស្រ្ត ហើយមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់អំណាចដ៏អស្ចារ្យទាំងអស់របស់យើង ដើម្បីកម្ចាត់ពួកគេឡើយ»។ លោក គីម ក៏បានប្តេជ្ញាជាថ្មីថាមិនធ្វើការសន្ទនា ឬចរចាជាមួយកូរ៉េខាងត្បូងដែលលោកហៅថាជា «សត្រូវទី១» របស់ប្រទេសលោក ហើយនិយាយថា គោលនយោបាយត្រៀមខ្លួនខាងយោធាដ៏មានឥទ្ធិពល គឺជាមធ្យោបាយតែមួយគត់ ដើម្បីធានាសន្តិភាព និងសន្តិសុខសម្រាប់កូរ៉េខាងជើង។

គួរបញ្ជាក់ថា កូរ៉េខាងជើង បានកំណត់យកពេលប្រារព្ធខួបយោធារបស់ខ្លួននៅរៀងរាល់ថ្ងៃទី៨ ខែកុម្ភៈ ហើយកាលពីឆ្នាំ ២០២៣ បានធ្វើព្យុហយាត្រាយោធាដ៏ធំមួយនៅពាក់កណ្តាលអធ្រាត្រ ដោយការបង្ហាញនូវមីស៉ីលផ្លោងអន្តរទ្វីបដ៏ធំបំផុតរបស់ខ្លួន។ ប៉ុន្តែនៅក្នុងឆ្នាំនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមិនបានធ្វើរាយការណ៍ណាមួយអំពីព្រឹត្តិការណ៍ទ្រង់ទ្រាយធំស្រដៀងគ្នានេះទេ គ្រាន់តែមានការដង្ហែក្បួនឆ្មាំកិត្តិយស សម្រាប់លោក គីម នៅក្រសួងការពារជាតិ ហើយថាលោកបានចូលរួមពិធីជប់លៀងជាមួយមេបញ្ជាការយោធា និងទាហានដើម្បីអបអរសាទរ៕

រូបភាពពី​ Reuters