(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានទទួលស្គាល់ថាកងកម្លាំងរបស់ខ្លួន បានដឹកនាំការវាយប្រហារតាមផ្លូវអាកាស ជាច្រើនប្រឆាំងប្រព័ន្ធមីស៊ីលរបស់ក្រុមហ៊ូទី ខណៈក្រុមឧទ្ទាមមានមូលដ្ឋានក្នុងប្រទេសយេម៉ែនមួយនេះបានត្រៀមលក្ខខណៈបើកការវាយប្រហារ ដែលគំរាមកំហែងដល់នាវាចម្បាំងអាមេរិក និងកប៉ាល់ដឹកទំនិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​​ AFP ​នៅថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៤។

ទីបញ្ជាការកណ្ដាលអាមេរិក ហៅកាត់ថា CENTCOM បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ម៉ោងក្នុងទីក្រុង សាណា កងកម្លាំងនៃទីបញ្ជាការកណ្ដាលបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសស្វ័យការពារខ្លួនចំនួន ៧លើក ប្រឆាំងនឹងទូក៤គ្រឿង និងប្រព័ន្ធ បាញ់មីស៊ីលគ្រូសប្រឆាំងនាវា ៧គ្រឿងរបស់ក្រុមហ៊ូទី ដែលត្រៀមលក្ខខណៈបើកការវាយប្រហារប្រឆាំងនាវាក្នុងតំបន់សមុទ្រក្រហម»។

CENTCOM បន្ថែមទៀតថាខ្លួនបានកំណត់អត្តសញ្ញាណមីស៊ីល និងទូករបស់ក្រុមហ៊ូទីនៅក្នុងតំបន់គ្រប់គ្រងដោយក្រុមមួយនេះនៅក្នុងប្រទេសយេម៉ែន ហើយកំណត់ថាបានបង្កការគំរាមកំហែងបន្ទាន់ដល់នាវាចម្បាំងអាមេរិក និងកប៉ាល់ដឹកទំនិញនៅក្នុងតំបន់។

គួរបញ្ជាក់ថា កាលពីពុធកន្លងទៅ CENTCOM ក៏បានទទួលស្គាល់ផងដែរពីការវាយប្រហារលើគោលដៅពាក់ព័ន្ធនឹងក្រុមហ៊ូទី ជាមួយការអះអាងថា ការវាយប្រហារនេះនឹងការពារសេរីភាពធ្វើនាវាចរណ៍ និងផ្ដល់សុវត្ថិភាពដល់នាវាចម្បាំងអាមេរិក និងកប៉ាល់ដឹកទំនិញ ក្នុងតំបន់៕

រូបភាពពី​ Reuters