(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថាអ៉ីស្រាអែល កំពុងធ្វើសង្រ្គាមជ្រុលហួសហេតុនៅក្នុងតំបន់ហ្កាហ្សា ដែលនេះជាការរិះគន់ធ្ងន់ៗបំផុតមួយរបស់លោក មកទល់នឹងសព្វថ្ងៃចំពោះរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមាន លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ជាទស្សនៈយល់ឃើញរបស់ខ្ញុំ ដូចដែលអ្នកទាំងអស់គ្នា បានដឹងដែរ នោះគឺការដឹកនាំការឆ្លើយតបនៅក្នុងតំបន់ហ្កាហ្សា ធ្វើឡើងជ្រុលហួសហេតុ»។ លោកបន្ថែមទៀតថាលោកផ្ទាល់កំពុងជំរុញឱ្យមាន ការបង្កើនជំនួយមនុស្សធម៌សម្រាប់ជនស៊ីវិលប៉ាឡេស្ទីន និងបទឈប់បាញ់បណ្ដោះអាសន្នមួយ ដើម្បីឈានទៅរកការដោះលែងចំណាប់ខ្មាំង ដោយក្រុមហាម៉ាស។
គួរបញ្ជាក់ថា អ៉ីស្រាអែលបានធ្វើសង្រ្គាមនៅក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីក្រុមហាម៉ាសបើកការវាយប្រហារលើភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយសម្លាប់មនុស្ស ១,២០០នាក់ និងចាប់ខ្លួនមនុស្សជាង ២៥៣នាក់ជាចំណាប់ខ្មាំង។ ប៉ុន្តែ ក្រសួងសុខាភិបាលហ្កាហ្សា បានអះអាងថាការសងសឹករបស់អ៉ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនដល់ជាង ២៧,០០០នាក់ ក្នុងនោះ ភាគច្រើនជាជនស៊ីវិលស្រ្តី និងកុមារ៕
រូបភាពពី Reuters