(វ៉ាស៊ីនតោន)៖ សេតវិមានបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នឹងធ្វើជាម្ចាស់ផ្ទះទទួលស្តេចហ្សកដានី Abdullah II ក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ សម្រាប់កិច្ចពិភាក្សាស្តីពីការដោះស្រាយជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤។

កិច្ចប្រជុំនេះធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិក និងមហាអំណាចក្នុងតំបន់ បាននិងកំពុងព្យាយាមស្វែងរកបទឈប់បាញ់គ្នា ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា ក្នុងក្តីសង្ឃឹមនៃការឈានដល់ដំណោះស្រាយរយៈពេលវែង។

លេខាធិការសារព័ត៌មានសេតវិមាន លោក Karine Jean-Pierre បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំទាំងពីរនឹង «ពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់ហ្គាហ្សា និងការខិតខំប្រឹងប្រែងដើម្បីបញ្ចប់វិបត្តិយូរអង្វែង»

លោកបានបន្ថែមថា ពួកគេក៏នឹងពិភាក្សាផងដែរ «កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន រួមទាំងការពង្រឹងជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សា និងចក្ខុវិស័យសម្រាប់សន្តិភាពយូរអង្វែង ដែលរួមបញ្ចូលទាំងដំណោះស្រាយរដ្ឋពីរ ជាមួយនឹងការធានាសន្តិសុខរបស់អ៊ីស្រាអែល»

លោក Jean-Pierre បាននិយាយថា ស្តេចហ្ស៊កដានី អមដោយម្ចាស់ក្សត្រី Rania នឹងធ្វើទស្សនកិច្ចនៅសេតវិមាន ខណៈដែលសហរដ្ឋអាមេរិក និងហ្ស៊កដានីប្រារព្ធខួបលើកទី ៧៥ នៃទំនាក់ទំនងការទូត។

វានឹងជាជំនួបលើកដំបូងរវាងលោក Biden និងស្តេច Abdullah II ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលា មកលើអ៊ីស្រាអែលដែលបង្កជាសង្គ្រាមនៅតំបន់ហ្គាហ្សា។

តិចជាងពីរសប្តាហ៍បន្ទាប់ពីការវាយប្រហារ ប្រធានាធិបតីអាមេរិក លោក Biden បានគ្រោងធ្វើដំណើរទៅកាន់ប្រទេសហ្ស៊កដានី ដើម្បីពិភាក្សាជាមួយស្តេច ប៉ុន្តែកិច្ចប្រជុំនោះត្រូវបានលុបចោលវិញ បន្ទាប់ពីការទម្លាក់គ្រាប់បែកនៅមន្ទីរពេទ្យមួយនៅហ្គាហ្សា ដែលបានបង្កឱ្យមានកំហឹងពាសពេញពិភពអារ៉ាប់៕