(ហ្គាហ្សា)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលត្រូវគេរាយការណ៍ថា បានដាក់បទបញ្ជាវាយប្រហារលើក្រុង Rafah ដែលជាក្រុងធំចុងក្រោយបង្អស់ប្រមូលផ្តុំ ដោយជនភៀសសឹកជាងមួយលាននាក់នៅទីនោះ។ ការដាក់បទបញ្ជាវាយប្រហារនេះ បានធ្វើឡើងក្រោយពេលដែលសំណើលក្ខខណ្ឌ របស់ក្រុមហាម៉ាសជុំវិញកិច្ចព្រមព្រៀងសម្រាកបាញ់គ្នា ត្រូវបានអ៊ីស្រាអែលទាត់ចោល និងរំពឹងការយកជោគជ័យឱ្យបានទាំងស្រុងលើតំបន់ហ្គាហ្សា ក្នុងរយៈពេលប៉ុន្មានខែទៅមុខ ទៀតនេះ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានច្រានចោលលក្ខខណ្ឌបទឈប់បាញ់ ដែលស្នើឡើងដោយក្រុមហាម៉ាសជាមួយការនិយាយថា «ជ័យជម្នះទាំងស្រុង» នៅក្នុងតំបន់ហ្គាហ្សា គឺអាចនឹងកើតមានទៅបាននៅក្នុងរយៈពេលប៉ុន្មានខែទៅមុខទៀតនេះ។
ការច្រានចោលនិងអះអាងការបន្តធ្វើសង្គ្រាមដើម្បីយកឈ្នះលើក្រុមហាម៉ាសនេះ បានធ្វើ ឡើងបន្ទាប់ពីក្រុមហាម៉ាសបានដាក់ចេញនូវការទាមទាររបស់ខ្លួនជាបន្តបន្ទាប់ ក្នុងការឆ្លើយ តបចំពោះសំណើបទឈប់បាញ់គ្នាមួយដែលគាំទ្រដោយអ៊ីស្រាអែល។

លោក Netanyahu បាននិយាយថា ការចរចាជាមួយក្រុមហាម៉ាសនេះគឺគ្មានច្រកណាអាច ចេញទៅរួចឡើយ ហើយលោកបានពណ៌នានូវការដាក់លក្ខខណ្ឌរបស់ក្រុមហាម៉ាសនោះថា មានលក្ខណៈ«ចម្លែក»។
ទោះជាយ៉ាងណាក៏ដោយ ការពិភាក្សាត្រូវគេរាយការណ៍ថា កំពុងព្យាយាមបន្តទៅមុខថែម ទៀតដើម្បីការស្វែងរកឱ្យមានការសម្រេចនូវកិច្ចព្រមព្រៀងខ្លះ។
លោក Netanyahu បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ពុធ​ថា​ «​គ្មាន​ដំណោះ ស្រាយណា​ផ្សេង​ទៀត​ទេ ក្រៅតែពីយក​ជ័យជម្នះ​ឱ្យបានពេញលេញជាចុងក្រោយ​»។

លោកបានិយាយទៀតថា «សន្តិភាពនិងសន្តិសុខនោះទេដែលគេត្រូវការសម្រាប់រក ជោគជ័យទាំងស្រុងទៅលើក្រុមហាម៉ាស។ យើងមិនអាចទទួលយកអ្វីៗបានទេនាពេលនេះ» ។ លោកណេថាន់យ៉ាហ៊ូ បាននិយាយថាជ័យជម្នះលើក្រុមហាម៉ាសនេះ មិនស្ថិតនៅឆ្ងាយទៀតឡើយ គឺនៅតែប្រមាណប៉ុន្មានខែទៅមុខទៀតតែប៉ុណ្ណោះ។
លោក បានថ្លែងថា «ប្រសិនបើក្រុមហាម៉ាសនៅបន្តរស់រានមានជីវិតនៅក្នុងតំបន់ហ្គាហ្សា, វាគ្រាន់ តែជាសំណួរនៃពេលវេលាថាតើការសម្លាប់រង្គាលជាបន្ទាប់នឹងមាននៅវេលាណាទៀតប៉ុណ្ណោះ»។

អ៊ីស្រាអែល បានប្រកាសសង្គ្រាមដាក់លើក្រុមហាម៉ាស ក្រោយព្រឹត្តិការណ៍បង្ហូរឈាមថ្ងៃទី ៧តុលាឆ្នាំ២០២៣ ដែលមានការសម្លាប់មនុស្សលើទឹកដីអ៊ីស្រាអែលចំ​នួន១ពាន់១៣៩នាក់ និងការចាប់ខ្លួនពលរដ្ឋ២៤០នាក់ជាចំណាប់ខ្មាំង។ អ៊ីស្រាអែលបានកំណត់គោលដៅធំបី ជាមួយនឹងការប្រកាសសង្គ្រាមនោះ គឺទី១ការបំបាត់ចោលក្រុមហាម៉ាសពីតំបន់ហ្គាហ្សា, ការរំដោះចំណាប់ខ្មាំង និងការធ្វើឱ្យតំបន់ហ្គាហ្សាលែងក្លាយជាគ្រោះគំរាមកំហែងដល់ទឹកដី អ៊ីស្រាអែលនាពេលអនាគត។

ក្នុងចំណោមគោលដៅទាំងបីនេះ នៅមិនទាន់មានចំណុចណាមួយដែលអ៊ីស្រាអែលបាន សម្រេច១០០ភាគរយឡើយ។ ការវាយប្រហារដើម្បីបំបាត់ក្រុមហាម៉ាសនៅតែបន្តបើទោះ បីជាអ៊ីស្រាអែលបានវាយពង្រាបទីតាំងក្នុងក្រុងហ្គាហ្សាភាគខាងជើង, ក្នុងក្រុង Khan Younis ភាគខាងត្បួងជាមួយនឹងការសម្លាប់ពលរដ្ឋប៉ាឡេស្ទីនប្រមាណជាង២ម៉ឺនពាន់នាក់ និងបង្ក របួសជិត៧ម៉ឺននាក់ក៏ដោយ។ ក្រុមយុទ្ធជនហាម៉ាសដែលគាំទ្រដោយអ៊ីរ៉ង់ នៅតែបន្តការវាយ ប្រហារក្នុងតំបន់ហ្គាហ្សា និងសង្គ្រាមត្រូវគេឃើញថាបាននិងកំពុងរាលដាលចូលដល់ប្រទេស មួយចំនួនក្នុងតំបន់ ដោយសារតែមានក្រុមសកម្មជនប្រយុទ្ធឥស្លាមមួយចំនួនដូចជាក្រុម ហេសបូឡា, ក្រុមហ៊ូធី, ក្រុមយុទ្ធជន Islamic Resistance ក្នុងទឹកដីអ៊ីរ៉ាក់ជាដើមដែលបាន ប្រកាសគាំទ្រក្រុមហាម៉ាស ប៉ាឡេស្ទីន ដោយការធ្វើសកម្មភាពវាយប្រហារដាក់លើប្រទេស អ៊ីស្រាអែល ឬដាក់លើប្រទេសនៃសម្ព័ន្ធមិត្តអ៊ីស្រាអែលដូចជាទីតាំងមូលដ្ឋានកងទ័ពអាមេរិក ឬអង់គ្លេសនៅក្នុងតំបន់មជ្ឈិមបូព៌ាជាដើម។

សហគមន៍អន្តរជាតិនិងបណ្តាប្រទេសក្នុងតំបន់ក៏ដូចជាអង្គការសហប្រជាជាតិ បានជួយធ្វើ អន្តរាគមន៍ជាបន្តបន្ទាប់ ដើម្បីស្វែងរកការឈប់បាញ់គ្នាដើម្បីឈានរកការបញ្ចប់សង្គ្រាម។ តាមរយៈកិច្ចប្រឹងប្រែងជាអន្តរជាតិមួយ ការសម្រាកឈប់បាញ់លើកទី១រយៈពេល៧ថ្ងៃត្រូវ បានធ្វើឡើងនៅក្នុងខែវិច្ឆិកាឆ្នាំ២០២៣ ដោយមានការដោះលែងចំណាប់ខ្មាំងជាងមួយរយ នាក់នៃថ្នូរអ្នកទោសប៉ាឡេស្ទីន និងការផ្តល់ជំនួយដល់ពលរដ្ឋក្នុងតំបន់ហ្គាហ្សាផងដែរ។ អំពើ វាយប្រហារគ្នាបានបន្តថែមទៀត ក្រោយការសម្រាកឈប់បាញ់លើកទី១ និងកិច្ចប្រឹងប្រែង ស្នើរកការសម្រាកឈប់បាញ់គ្នាជាលើកទី២ ត្រូវបានដាក់ចេញក្នុងសប្តាហ៍នេះ ប៉ុន្តែនាយក រដ្ឋមន្ត្រីអ៊ីស្រាអែល បានបដិសេធមិនទទួលយកលក្ខខណ្ឌដែលក្រុមហាម៉ាសបានស្នើនោះ ឡើយ។

តើសំណើលក្ខខណ្ឌរបស់ក្រុមហាម៉ាស មានអ្វីខ្លះដែលអ៊ីស្រាអែលមិនទទួលយកនាពេលនេះ?
សេចក្តីព្រាងនៃឯកសាររបស់ក្រុមហាម៉ាស់ជាមួយនឹងការដាក់លក្ខខណ្ឌ មានដូចតទៅនេះ៖
ដំណាក់កាលទី 1៖ ការសម្រាកបាញ់នឹងមានរយៈពេល៤៥ថ្ងៃ ដែលចំណាប់ខ្មាំងស្ត្រីជាតិអ៊ី ស្រាអែលទាំងអស់ និងចំណាប់ខ្មាំងបុរសអាយុក្រោម១៩ឆ្នាំ, មនុស្សចាស់ និងអ្នកមានជម្ងឺ នឹងត្រូវបានធ្វើការផ្លាស់ប្តូរជាមួយនឹងស្ត្រីនិងកុមារប៉ាឡេស្ទីនដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល។ កងកម្លាំងអ៊ីស្រាអែលនឹងត្រូវដកខ្លួនចេញពីតំបន់ដែលមានប្រជាជន នៅហ្គាហ្សា ហើយត្រូវមានការចាប់ផ្តើមកសាងមន្ទីរពេទ្យនិងជំរុំជនភៀសខ្លួនសាឡើងវិញ។
ដំណាក់កាលទី ២៖ បុរសជាចំណាប់ខ្មាំងជាតិអ៊ីស្រាអែលដែលនៅសេសសល់ នឹងត្រូវបាន ផ្លាស់ប្តូរជាមួយអ្នកទោសប៉ាឡេស្ទីន ហើយកងកម្លាំងអ៊ីស្រាអែលត្រូវចាកចេញពីហ្គាហ្សា ឱ្យ អស់ទាំងស្រុង។
ដំណាក់កាលទីបី៖ ភាគីទាំងពីរនឹងត្រូវផ្លាស់ប្តូរអដ្ឋិធាតុនិងសាកសពទៅវិញទៅមក។
កិច្ច​ព្រម​ព្រៀងដដែល​នៅ​បាន​ស្នើឱ្យមាន​ការបង្កើនផ្តល់ជំនួយនិងស្បៀងអាហារជាបន្ថែម សម្រាប់តំបន់ហ្គាហ្សា និងនៅចុងបញ្ចប់នៃការផ្អាកប្រយុទ្ធរយៈ ពេល១៣៥ថ្ងៃរួច ក្រុម ហាម៉ាសបាននិយាយថា ការចរចាដើម្បីបញ្ចប់សង្គ្រាមក៏នឹងត្រូវបញ្ចប់ឱ្យអស់ផងដែរ។

អ៊ីស្រាអែលត្រូវបានគេរំពឹងមុននេះថា ទំនងនឹងទទួលកយកសំណើរបស់ក្រុមហាម៉ាស ខណៈសំណើរកកិច្ចឈប់បាញ់គ្នាជាលើកទី២បញ្ជូនទៅឱ្យក្រុមហាម៉ាសពិនិត្យនោះ គឺជា សំណើដែលរៀបចំរួមគ្នាជាមួយសហរដ្ឋអាមេរិក ប្រទេសកាតា និងអេហ្ស៊ីបផងដែរ។ ប្រទេស កាតាដែលបានឃើញការដាក់លក្ខខណ្ឌរបស់ក្រុមហាម៉ាស បានថ្លែងមុននេះថា វាជាសញ្ញាវិជ្ជមានទូទៅ ខណៈប្រទេសអេហ្ស៊ីប បាននិយាយកត់សម្គាល់ថាក្រុមហាម៉ាសបានបង្ហាញជំហរ ទន់ភ្លន់របស់ខ្លួនវិញផងដែរ។ ប៉ុន្តែប្រធានាធិបតីអាមេរិកលោក Joe Biden ក្រោយឃើញការ ដាក់លក្ខខណ្ឌរបស់ក្រុមហាម៉ាស ជុំវិញសំណើរកការសម្រាកបាញ់គ្នានោះមក លោកបាន ថ្លែងមុននេះថា វាជាសំណើដាក់លក្ខខណ្ឌខ្ពស់បន្តិច និងលោកបានគិតថាមេដឹកនាំអ៊ីស្រា អែលទំនងនឹងមិនយល់ព្រមងាយស្រួល ចំពោះអ្វីដែលក្រុមហាម៉ាសបានស្នើសុំនោះទេ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេថាន់យ៉ាហ៊ូ កាលពីថ្ងៃពុធទី៧កុម្ភៈ បានបដិសេធ​ចំពោះ​ការ​ទាមទារ​របស់ក្រុមហាម៉ាស់​សម្រាប់បទឈប់បាញ់គ្នានោះ​ ហើយលោកបានដាក់បញ្ជា​ឲ្យកម្លាំងទ័ព​ត្រៀម​ចល័ត​ទៅទីក្រុងRafah​ ស្ថិតនៅភាគខាង​ត្បូងនៃតំបន់កាហ្សា​ ខណៈដែល​នៅទីនោះ មាន​ជនភៀសខ្លួន​ប៉ាឡេស្ទីនជាងមួយលាននាក់កំពុង​ជ្រក​កោនដើម្បី គេចចេញពីការ​ប្រយុទ្ធគ្នា។ រដ្ឋមន្ត្រីការ​បរទេស​​​​​សហរដ្ឋអាមេរិក លោក អ៊ែនថូនី ប្លីងឃីន បាន​ជួបជាមួយនឹង​លោក ណេថាន់យ៉ាហ៊ូ នៅទីក្រុង Tel Aviv ហើយ​លោក​បាននិយាយសង្ឃឹមថា នឹងអាចនៅ​មានចន្លោះដែលអាចឈានទៅរក​កិច្ចព្រមព្រៀង​រវាង​ហាម៉ាស់និងប៉ាឡេស្ទីន។

រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានថ្លែងថា «គ្រាដែលគ្មានអ្នកឆ្លើយច្បាស់លាស់ណា មួយតបចំពោះនឹងសំណើរបស់ក្រុមហាម៉ាសនេះ យើងនៅតែគិតវានឹងអាចនៅមានពេល ចន្លោះមួយ ក្នុងការស្វែងរកដើម្បីឈានទៅដល់ការព្រមព្រៀងគ្នា»។

លោកបានថ្លែងព្រមានដល់មេដឹកនាំ​អ៊ីស្រាអែល សូមកុំ​​ធ្វើសកម្មភាព ឬប្រើពាក្យសម្ដីណា​ដែលបញ្ឆេះភាពតានតឹងកាន់តែបន្ថែមទៀតនោះ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានថ្លែង​តាម​ទូរទស្សន៍ផ្សាយផ្ទាល់បញ្ជាក់ថា លោក​បានបញ្ជា​ឲ្យ​កងទ័ព​ត្រៀមធ្វើប្រតិបត្តិការ​នៅក្រុង Rafah ហើយលោកថា ភាពជោគជ័យរបស់អ៊ីស្រាអែល​លើ​ក្រុមហាម៉ាស់ នឹងអាច​សម្រេច​បានក្នុងរយៈតែប៉ុន្មានខែទៅមុខទៀតតែប៉ុណ្ណោះ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលចង់ប្រើប្រាស់កម្លាំងគាបសង្កត់យោធាដើម្បីបង្ខំឱ្យក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំង។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរួបនេះ បាននិយាយព្រមានថា ការព្រមទទួលធ្វើតាមការ​ទាមទារ របស់ក្រុមហាម៉ាស់​ នោះគឺគេនឹងមិនអាច​ឈានទៅរកការ​ដោះលែងចំណាប់ខ្មាំងបានឡើយ។ ។ លោក​បានថ្លែងបន្តថា ប្រសិនបើ​ព្រមតាម​ការទាមទាររបស់ក្រុមហាម៉ាស​នោះ គឺប្រៀបបាននឹង​ការ​នាំឲ្យ​មាន​ការ​សម្លាប់រង្គាលសា​ជាថ្មីម្ដងវិញទៀតប៉ុណ្ណោះ ។

មន្ត្រីហាម៉ាស់លោក Sami Abu Zuhri ​​​ក្នុងប្រតិកម្មរបចំពោះការ​លើកឡើងរបស់ លោក ណេថាន់ យ៉ាហ៊ូ បាននិយាយថា ការដែល​លោក ​ណេថាន់ យ៉ាហ៊ូ ចិញ្ចឹមចិត្ត​បន្ត​ការ​ធ្វើសង្គ្រាមនោះ គឺជា​ការ​បញ្ជាក់​ឲ្យឃើញពីគោលដៅប្រល័យពូជសាសន៍របស់អ៊ីស្រាអែលមកលើ​ប្រជាជនប៉ាឡេស្ទីន។ មន្ត្រីហាម៉ាស់ រូបនោះ បានជំរុញឲ្យរាល់ភាគីតស៊ូ​ទាំងអស់​បន្តការប្រយុទ្ធ​ ហើយបាន​ជំរុញ​ឲ្យ​មានការ​ប្រុងប្រយ័ត្នចំពោះ​ទង្វើរបស់អ៊ីស្រាអែល ។

សេចក្តីរាយការណ៍បានព្រមានដល់អ៊ីស្រាអែលថា បើសិនជាលោកណេថាន់យ៉ាហ៊ូ ទាត់ ចោលមិនទទួលយកនូវលក្ខខណ្ឌដាក់ចេញដោយក្រុមហាម៉ាសនោះទេ, ជីវិតចំណាប់ខ្មាំង ដែលនៅសេសសល់ត្រៀមបំរុងជាថ្នូរក្នុងពេលខាងមុខនេះទំនងនឹងគ្មានសេសសល់ជីវិតឡើយ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្លែងព្រមានថាការ ពង្រីកជម្លោះចូលទៅក្នុងទីក្រុង Rafah នឹង «បង្កើននូវអ្វីដែលជាសុបិន្តអាក្រក់មនុស្សធម៌» នៅ ក្នុងទីក្រុង Rafah។ សំណួរបន្ទាន់មួយត្រូវបានដាក់ចេញនៅក្នុងពេលនេះ។ សំណួរនោះគឺថា តើនឹងមានអ្វីមួយ អាចជួយសង្គ្រោះពលរដ្ឋប៉ាឡេស្ទីន និងជួយតំបន់ហ្គាហ្សាស្ទ្រីបឱ្យចេញផុតពីទុក្ខទោស នៃសង្គ្រាមបានដែរឬទេ ជាពិសេសការគំរាមកំហែងដែលអ៊ីស្រាអែលកំពុងបញ្ជួនកម្លាំងត្រៀមវាយប្រហារដាក់លើក្រុង Rafah ដែលមានពលរដ្ឋភៀសសឹកជាងមួយលាននាក់រស់នៅទីនោះ។ តើ ក្រុង Rafah នឹងក្លាយជាទី វាលកប់ខ្មោច ដូចក្រុង Gaza ភាគខាងជើង, ឬក្រុងKhan Yunis ភាគខាងត្បូងទៀតដែរឬទេ?

សេចក្តីរាយការណ៍២៤ម៉ោងចុងក្រោយនេះរបស់ទូរទស្សន៍អាល់ហ្សាហ្ស៊ីរ៉ា បានឱ្យដឹងថា លោក ណេថាន់ យ៉ាហ៊ូ បានដាក់បញ្ជាឱ្យមានការវាយប្រហារលើក្រុង Rafah ហើយ។ សេចក្តីរាយការណ៍ថ្ងៃទី៨កុម្ភៈនេះ បាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលដាក់លើក្រុង Rafah បានសម្លាប់ មនុស្ស១៤នាក់និង ច្រើនសិបនាក់ទៀតបានរងរបួស។ ក្នុងចំណោមអ្នកសា្លប់​ទាំង១៤នាក់ក៏រួមមានកុមារ៥នាក់ផងដែរ។

សេចក្តីរាយការណ៍បានបង្ហាញក្តីបារម្ភជុំវិញភាពអត់ឃ្លានរបស់ពលរដ្ឋស៊ីវិលជាង៣០ម៉ឺននាក់ ដែលស្ថិតក្នុងតំបន់ហ្គាហ្សាភាគខាងជើង ដែលពួកគេត្រូវបានរងហ៊ុំព័ទ្ធនិងមិនអាចធ្វើដំណើរ ចាកចេញទៅកាន់ទីណាបានឡើយ។ គិតត្រឹមថ្ងៃទី៨កុម្ភៈឆ្នាំ២០២៤, ខណៈសង្គ្រាមបាន ឈានចូលដល់១២៥រួចមកនេះ, តួលេខពលរដ្ឋក្នុងតំបន់ហ្គាហ្សាដែលបានស្លាប់មាន ចំនួន កើនដល់ ២ម៉ឹន៧ពាន់៧០៨នាក់ និងមានអ្នករងរបួសចំនួន៦ម៉ឺន៧ពាន់១៤៧នាក់៕

រូបភាពពី AFP