(អ៊ីស្តង់ប៊ុល)៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី បាននិយាយឱ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា អាជ្ញាធរតួកគីបានចាប់ខ្លួនមនុស្ស ១៤៧ នាក់ ដែលសង្ស័យថាមានទំនាក់ទំនងនឹងក្រុមសកម្មប្រយុទ្ធ ISIS ក្នុងប្រតិបត្តិការនៅក្នុងខេត្តចំនួន ៣៣ នៅទូទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤។
លោក Ali Yerlikaya បាននិយាយនៅលើបណ្តាញទំនាក់ទំនងសង្គម X ដូច្នេះថា «ប្រតិតបត្តិការ Operation Heroes-49 កំពុងត្រូវបានអនុវត្តក្នុងពេលដំណាលគ្នានៅទូទាំងប្រទេស»។
គួរបញ្ជាក់ថា កាលពីខែមុន ពលរដ្ឋតួកគីម្នាក់ត្រូវបាន សម្លាប់ដោយពួកសកម្មប្រយុទ្ធ ISIS នៅក្នុងវិហារកាតូលិកអ៊ីតាលី Santa Maria ក្នុងទីក្រុងអ៊ីស្តង់ប៊ុល។ ប៉ូលីសតួកគីបានចាប់ខ្លួនជនសង្ស័យដែលជាជនដៃដល់ នៃការវាយប្រហារនេះ៕
រូបភាពពី AFP