(អ៉ីស្លាម៉ាបាដ)៖ យ៉ាងហោចណាស់មនុស្ស ៥នាក់បានស្លាប់ ក្រោមការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធ ខណៈប៉ាគីស្ថានកំពុងរៀបចំ ការបោះឆ្នោតជាតិ នាថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ ២០២៤។

មេប៉ូលិសស្រុក លោក Rauf Qaisrani បានឱ្យដឹងថា មន្រ្តីប៉ូលិស ៤នាក់ត្រូវបានសម្លាប់ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែក ដែលកំណត់គោលដៅមកលើប៉ូលិសល្បាត ក្នុងស្រុក Dera Ismail Khan នៃតំបន់ Kulachi ស្ថិតនៅភាគពាយព្យប្រទេស។ ដោយឡែក មនុស្សម្នាក់ទៀតត្រូវបានសម្លាប់នៅពេលខ្មាន់កាំភ្លើង បើកការបាញ់ប្រហារទៅលើរថយន្តរបស់កងកម្លាំងសន្តិសុខក្នុងក្រុង Tank ចម្ងាយប្រហែល ៤០គីឡូម៉ែត្រទៅភាគខាងជើង។

ទាហានរាប់ពាន់នាក់ ត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវ និងនៅតាមការិយាល័យបោះឆ្នោតទូទាំងប្រទេស ហើយព្រំដែនជាប់ជាមួយអ៉ីរ៉ង់ និងអាហ្វហ្គានីស្ថាន ត្រូវបិទជាបណ្តោះអាសន្ន។ តាមរយៈសារនៅលើបណ្តាញសង្គម X ក្រសួងមហាផ្ទៃប៉ាគីស្ថានបញ្ជាក់ថា «ដោយសារតែមានអំពើភេរវកម្មនាពេលថ្មីៗនេះនៅក្នុងប្រទេស ហើយអាយុជីវិតដ៏មានតម្លៃត្រូវបាត់បង់ ការដាក់ចេញនូវិធានការសន្តិសុខ គឺមានសារៈសំខាន់ណាស់ ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ និងដោះស្រាយនូវការគំរាមកំហែងដែលអាចកើតមាន»។

គួរបញ្ជាក់ថា បើតាមក្រសួងមហាផ្ទៃ ការដាក់ចេញនូវវិធានកានេះកើតមានឡើង បន្ទាប់ពីមនុស្ស ២៦នាក់ត្រូវបានសម្លាប់ ក្នុងការផ្ទុះពីរលើក នៅក្បែរការិយាល័យបោះឆ្នោតក្នុងខេត្ត Balochistan ភាគនិរតី កាលពីថ្ងៃពុធសប្តាហ៍នេះ។ ក្រោយមកក្រុម ISIS បានចេញមុខទទួលខុសត្រូវ៕

រូបភាពពី Reuters