(ប៉េកាំង)៖ រដ្ឋបាលរដ្ឋតិចសាស់ និងរដ្ឋាភិបាលសហព័ន្ធអាមេរិកនៅតែបន្តមានជម្លោះដ៏ខ្លាំង អំពីបញ្ហាអន្តោប្រវេសន៍ រហូតដល់មានការលើកឡើងថា "មានការលែងលះគ្នារវាងរដ្ឋ" ផងដែរ។ តាមលទ្ធផលនៃការស្ទង់ប្រជាមតិចំពោះអ្នកប្រើប្រាស់ អ៊ីនធឺណិតជុំវិញពិភពលោកដែលចេញផ្សាយដោយ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបង្ហាញថា ចំនួន ៨៦,៥% នៃអ្នកផ្តល់បទសម្ភាសន៍សម្គាល់ថា ការប្រឈមមុខដាក់គ្នារវាងភាគីទាំងពីរលើបញ្ហាអន្តោប្រវេសន៍ បានបញ្ជាក់ម្តងទៀតនូវការពិតដែលថា ការប្រឈមមុខដាក់គ្នារវាងគណបក្សទាំងពីរ នៃសហរដ្ឋអាមេរិកកាន់តែខ្លាំងក្លា ហើយមុខងារនយោបាយបាត់បង់តុល្យភាព ពីមួយថ្ងៃទៅមួយថ្ងៃ។

បញ្ហាអន្តោប្រវេសន៍តែងតែជាចំណុចស្នូល ដែលបណ្តាលឱ្យបង្កការប្រឈមមុខដាក់គ្នា រវាងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ របស់សហរដ្ឋអាមេរិក។ នៅក្នុងការស្ទង់ប្រជាមតិ អ្នកផ្តល់បទសម្ភាសន៍នៅទូទាំងពិភពលោកចំនួន ៧០,២%មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអំពើហិង្សា និងអមនុស្សធម៌របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការដោះស្រាយបញ្ហាអន្តោប្រវេសន៍ ហើយសម្គាល់ឃើញថា មន្ត្រីអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក បានរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្សជាមូលដ្ឋាន នៃជនអន្តោប្រវេសន៍។

ក្រៅពីនេះ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩៣,៥% បានថ្លែងថា បញ្ហាអន្តោប្រវេសន៍បានក្លាយជាឧបករណ៍សម្រាប់បេក្ខជន ដើម្បីឈ្នះសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតរាល់លើក របស់សហរដ្ឋអាមេរិក ប៉ុន្តែ បន្ទាប់ពីការបោះឆ្នោត ការសន្យាខាងនយោបាយរបស់ពួកគេ ពិបាកសម្រេចណាស់ ដែលធ្វើឱ្យមនុស្សខកចិត្តយ៉ាងខ្លាំង។

បញ្ហាអន្តោប្រវេសន៍ដែលកាន់តែធ្ងន់ធ្ងរ មិនត្រឹមតែបានលាតត្រដាងនូវបញ្ហានៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់អាមេរិកប៉ុណ្ណោះទេ ថែមទាំងបានលាតត្រដាងនូវបញ្ហាបាត់បង់សណ្តាប់ធ្នាប់ ក្នុងអភិបាលកិច្ចដែលមានលក្ខណៈរចនាសម្ព័ន្ធក្នុងស្រទាប់ជ្រៅ របស់សង្គមអាមេរិកផងដែរ។ នៅក្នុងការស្ទង់ប្រជាមតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩០,៣%យល់ថា មូលហេតុមានលក្ខណៈរចនាសម្ព័ន្ធដូចជា "ការបណ្តែតបណ្តោយដែលមានលក្ខណៈមិនប្រាកដប្រជា" របស់រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកចំ ពោះក្រុមជនអន្តោប្រវេសន៍ខុសច្បាប់ អាចនឹងធ្វើឱ្យរដ្ឋាភិបាលសហព័ន្ធ និងរដ្ឋដែលគ្រប់គ្រងដោយគណបក្សនយោបាយប្រឆាំង មានការដណ្តើមអំណាចកាន់តែខ្លាំងក្លា។

អ្នកផ្តល់សម្ភាសន៍ចំនួន ៨៩,៣% បានថ្លែងថា នៅក្នុងបរិបទដែលមាននយោបាយជ្រុលនិយម នៅក្នុងសហរដ្ឋអាមេរិក បញ្ហាអន្តោប្រវេសន៍គ្រាន់តែជាផ្នែកតូចមួយ នៃភាពវឹកវរនយោបាយនៅក្នុងសហរដ្ឋអាមេរិក ហើយ "អាមេរិកប្រឆាំងនឹងអាមេរិក" អាចនឹងក្លាយជារឿងប្រក្រតី។ មានអ្នកប្រើប្រាស់អ៊ីនធឺណិតបានខមិនថា "នេះ (ភាពវឹកវរនៃបញ្ហាអន្តោប្រវេសន៍) គឺជាការចាប់ផ្តើមនៃការធ្លាក់ចុះ និងការដួលរលំនៃសហរដ្ឋអាមេរិក"។

សូមបញ្ជាក់ថា ការស្ទង់ប្រជាមតិនេះ ត្រូវបានចេញផ្សាយនៅលើវេទិកាប្រាំភាសានៃ CGTN គឺភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់ និងរុស្ស៊ី។ក្នុងរយៈពេល ២៤ ម៉ោង អ្នកប្រើប្រាស់អ៊ីនធឺណិតជាង ១១០០០ នាក់បានចូលរួមបោះឆ្នោត និងបញ្ចេញមតិរបស់ពួកគេ៕

អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជាចិន

រូបភាពពី Reuters