(រ៉ាម៉ាឡាហ៍)៖ ក្រុមមន្រ្តីនិយាយថា កងកម្លាំងអ៉ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៣នាក់អំឡុងពេលវាយឆ្មក់លើជំរំជនភៀសខ្លួន នៅតំបន់ West Bank កាលពីថ្ងៃពុធសប្តាហ៍នេះ ខណៈដែលរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken សង្កត់ធ្ងន់លើតម្រូវការបន្ធូរបន្ថយភាពតានតឹង ក្នុងពេលធ្វើទស្សនកិច្ចតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ ២០២៤។
យោធាអ៉ីសា្រអែលនិយាយថា ខ្លួនបានសម្លាប់ជនសង្ស័យម្នាក់ ក្នុងការបាញ់តទល់គ្នា ក្រោយឡោមព័ទ្ធផ្ទះមួយខ្នង ដែលជននោះស្ថិតនៅ។ រីឯខ្មាន់កាំភ្លើង២នាក់ទៀតដែលព្យាយាមរត់គេច ក៏ត្រូវបានសម្លាប់ផងដែរ នៅក្នុងប្រតិបត្តិការ៤ម៉ោង ហើយមិនមានទាហានអ៉ីស្រាអែលណាម្នាក់រងរបួសទេ។
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឱ្យដឹងថា បុរស ២នាក់អាយុ ៣០ ឆ្នាំត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងអ៉ីស្រាអែល ក្នុងជំរុំជនភៀសខ្លួន Nur Shams នៅក្បែរទីក្រុង Tulkarm ភាគខាងលិចតំបន់ West Bank។ ចំណែកអ្នកស្លាប់ទី ៣គ្មានការបញ្ជាក់នោះទេ។ បើតាមអ្នករស់នៅក្នុងជំរំ បុរស២នាក់នោះត្រូវបានបាញ់សម្លាប់នៅក្នុងផ្ទះ ប៉ុន្តែសាកសពពួកគេ ត្រូវបានរកឃើញនៅបរិវេណខាងក្រៅ។
គួរបញ្ជាក់ថា ជនភៀសខ្លួនប៉ាឡេស្ទីនប្រហែល១៣,៥១៩នាក់ ត្រូវបានចុះឈ្មោះនៅក្នុងជំរំ Nur Shams ជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិ ប្រចាំដែនដីប៉ាឡេស្ទីន ហើយភាគច្រើនសង្ឃឹមថា នឹងអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញ បន្ទាប់ពីភៀសខ្លួន ឬត្រូវបានបណ្តេញចេញ ក្នុងសង្រ្គាមឆ្នាំ ១៩៤៨ ជាពេលដែលប្រទេសអ៉ីស្រាអែលបានបង្កើតឡើង៕
រូបភាពពី Reuters