(ញូវដែលី)៖ នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីមហាផ្ទៃនៃប្រទេសឥណ្ឌា បាននិយាយថា រូបលោកបានផ្តល់អនុសាសន៍ឱ្យបញ្ចប់ជាបន្ទាន់ នូវកិច្ចព្រមព្រៀងធ្វើដំណើរដោយសេរីនៅតំបន់ព្រំដែនជាមួយមីយ៉ាន់ម៉ា ជាទីដែលមនុស្សរាប់ពាន់នាក់ បាននាំគ្នារត់ភៀសខ្លួនមកគិតចាប់តាំងពី​ការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និងក្រុមចលនាតស៊ូប្រដាប់អាវុធ បានកើនឡើងកម្តៅយ៉ាងខ្លាំងក្លា កាលពីឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។

រដ្ឋមន្រ្តីមហាផ្ទៃឥណ្ឌា លោក Amit Shah បាននិយាយថា ក្រសួងការបរទេសឥណ្ឌា កំពុងស្ថិតក្នុងនីតិវិធីលុបចោលកិច្ចព្រមព្រៀងនោះ។ កិច្ចព្រមព្រៀងខាងលើ អនុញ្ញាតឱ្យប្រជាជននៃប្រទេសទាំងពីរ ដែលរស់នៅតំបន់ព្រំដែន អាចធ្វើដំណើរចេញចូលសេរីសម្រាប់ចម្ងាយខ្លីៗ ដោយមិនចាំបាច់មានទិដ្ឋាការនោះឡើយ។ ប្រជាជនភាគច្រើនដែលរស់នៅតំបន់ព្រំដែនឥណ្ឌា-មីយ៉ាន់ម៉ា មានចំណងទាក់ទងផ្នែកវប្បធម៌និង​សាសនារវាងគ្នា។ បើតាមលោក Shah ការសម្រេចបែបនេះ គឺចាំបាច់ដើម្បីធានាសន្តិសុខផ្ទៃក្នុងរបស់ប្រទេសឥណ្ឌា និងដើម្បីរក្សាសណ្ឋាន​ប្រជាសាស្រ្ត នៅតាមតំបន់ព្រំប្រទល់ជាប់មីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា ផ្នែកនៃប្រទេសមីយ៉ាន់ម៉ា ដែលនៅក្បែរព្រំដែនឥណ្ឌា បានមើលឃើញការប្រយុទ្ធគ្នាយ៉ាងញឹកញាប់ ចាប់តាំងតែពីក្រុម Arakan Army (AA) បានបើកការវាយប្រហារទ្រង់ទ្រាយធំ លើកងកម្លាំងសន្តិសុខរបស់របបសឹក កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។ ប្រការនោះ បានបិទបញ្ចប់បទឈប់បាញ់ ដែលត្រូវបានអនុវត្តចាប់តាំងពីរដ្ឋប្រហារយោធា ឆ្នាំ២០២១។ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក៏កំពុងប្រយុទ្ធជាមួយ ក្រុមចលនាតស៊ូប្រដាប់អាវុធជនជាតិភាគតិច នៅតាមតំបន់ប៉ែកដទៃទៀតនៃផ្ទៃប្រទេសផងដែរ៕

រូបភាពពី Reuters