(បាកដាដ)៖ នាថ្ងៃព្រហស្បតិ៍នេះ អាជ្ញាធរអ៉ីរ៉ាក់បានចោទប្រកាន់ថា ក្រុមយោធាចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក គឺជាកត្តាបង្កអស្ថិរភាព នៅក្នុងប្រទេសមជ្ឈិមបូព៌ាមួយនេះ បន្ទាប់ពីទីក្រុងវ៉ាស៉ីនតោន បានបើកការវាយប្រហារក្នុងទឹកដីអ៉ីរ៉ាក់ លើក្រុមចលនាប្រដាប់អាវុធដែលគាំទ្រដោយអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។

កាលពីថ្ងៃពុធសប្តាហ៍នេះ យោធាអាមេរិកបាននិយាយថា ការវាយប្រហារមួយរបស់ខ្លួន បានផ្តាច់ជីវិតមេបញ្ជាការរបស់ក្រុមឈ្មោះ Kataib Hezbollah ជាក្រុមប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់នៅប្រទេសអ៉ីរ៉ាក់ ដែលមន្ទីរបញ្ចកោណចោទថា បានវាយប្រហារមកលើកងទ័ពអាមេរិក។ អ្នកនាំពាក្យយោធាអ៉ីរ៉ាក់ លោក Yahya Rasool បានលើកឡើងនាថ្ងៃព្រហស្បតិ៍នេះថា ក្រុមយោធាចម្រុះអន្តរជាតិដឹកនាំដោយអាមេរិក បានក្លាយជាកត្តាបង្កអស្ថិរភាពមួយ នៅប្រទេសអ៉ីរ៉ាក់ និងកំពុងធ្វើឱ្យអ៉ីរ៉ាក់ស្ថិតក្នុងហានិភ័យ នៃការជាប់ជំពាក់ជំពិនក្នុងវដ្តនៃជម្លោះ។

គួរបញ្ជាក់ថា ក្រុមយោធាចម្រុះអន្តរជាតិដឹកនាំដោយអាមេរិកនៅប្រទេសអ៉ីរ៉ាក់ ត្រូវបានបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងក្រុមភេរវករ ISIS។ សហរដ្ឋអាមេរិក មានកងទ័ពចំនួន២,៥០០នាក់ នៅទីនោះ ដើម្បីផ្តល់ប្រឹក្សានិងជួយគាំទ្រកងកម្លាំងអ៉ីរ៉ាក់ ក្នុងការទប់ស្កាត់កុំឱ្យពួក ISIS ពង្រីកខ្លួនឡើងវិញ។ ដោយឡែក ចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែលនិងហាម៉ាស បានផ្ទុះឡើងនៅដែនដីប៉ាឡេស្ទីន Gaza Strip នៅ​ខែតុលា ឆ្នាំ២០២៣មក អ៉ីរ៉ាក់និងស៉ីរីបានមើលឃើញការកើនឡើង នៃការវាយប្រហារដាក់គ្នាទៅវិញទៅមក រវាងក្រុមចលនាប្រដាប់អាវុធ​ដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក និងកងកម្លាំងអាមេរិកដែលឈរជើងនៅក្នុងតំបន់៕

រូបភាពពី AFP