(យូអិន)៖ ក្នុងរបាយការណ៍មួយ របស់អង្គការសហប្រជាជាតិ (UN) ដែលមិនទាន់ត្រូវបានចេញផ្សាយជាផ្លូវការ ប៉ុន្តែត្រូវបានឃើញដោយ ​ទីភ្នាក់ងារព័ត៌មាន Reuters បានបង្ហាញថា ក្រុមឃ្លាំមើលទណ្ឌកម្មរបស់ UN កំពុងតែស៉ើបអង្កេតការវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យាសរុបរាប់សិបករណី ដែលសង្ស័យធ្វើឡើងដោយកូរ៉េខាងជើង និងកើបបានថវិកាចំនួនប្រហែល៣ពាន់លានដុល្លារ ដើម្បីយកទៅជួយផ្គត់ផ្គង់ ​កម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែរនិងមីស៉ីលបាលិស្ទីគ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្រុមឃ្លាំមើលទណ្ឌកម្មឯករាជ្យ ដែលមានតួនាទីរាយការណ៍ទៅកាន់ក្រុមប្រឹក្សាសន្តិសុខរបស់ UN បាននិយាយក្នុងរបាយការណ៍ខាងលើថា ប្រទេសកូរ៉េខាងជើងនៅតែបន្ត មើលស្រាលទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ ហើយខ្លួនកំពុងស៉ើបអង្កេតសកម្មភាពវាយប្រហារតាម​ប្រព័ន្ធព័ត៌មានវិទ្យាចំនួន៥៨ករណី ដែលសង្ស័យធ្វើឡើងដោយកូរ៉េខាងជើង លើក្រុមហ៊ុនពាក់ព័ន្ធរូបិយបណ្ណឌីជីថលគ្រីបតូ (crypto) កាលពីឆ្នាំ២០១៧-២០២៣ និងលួចថវិកាបាន​ប្រមាណ៣ពាន់លានដុល្លារ ដើម្បីយកទៅប្រើប្រាស់ក្នុងកិច្ចប្រឹងប្រែង អភិវឌ្ឍអាវុធប្រល័យលោក របស់ទីក្រុងព្យុងយ៉ាង។

គួរបញ្ជាក់ថា កូរ៉េខាងជើងត្រូវហាមឃាត់ជាយូរមកហើយ ពីការធ្វើតេស្តអាវុធនុយក្លេអ៊ែរ និងមីស៉ីលបាលិស្ទីគ ដោយក្រុមប្រឹក្សាសន្តិសុខ UN។ ប្រទេសឯកោមួយនេះ បានជាប់ទណ្ឌកម្មរបស់ UN តាំងតែពីឆ្នាំ២០០៦មក។ យ៉ាងណាក្តី ការធ្វើសកម្មភាពបន្ថែមប្រឆាំងកូរ៉េខាងជើង ​ទំនងជាមិនអាចទៅរួចឡើយ ដ្បិតក្រុមប្រឹក្សាសន្តិសុខ UN បានជាប់គាំងជុំវិញបញ្ហានេះ ប៉ុន្មានឆ្នាំមកហើយ។ ផ្ទុយទៅវិញ រុស្ស៉ីនិងចិនដែលជា​សមាជិកអចិន្រ្តៃយ៍ មានបំណងចង់ឱ្យបន្ធូរបន្ថយទណ្ឌកម្មវិញ ដើម្បីបញ្ចុះបញ្ចូលទីក្រុងព្យុងយ៉ាង ឱ្យយល់ព្រមវិលត្រឡប់មករកតុចរចាគ្នា ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ៕

រូបភាពពី Reuters