(រ៉ូម)៖ ប្រព័ន្ធផ្សព្វផ្សាយអ៉ីតាលី បានរាយការណ៍កាលពីថ្ងៃពុធសប្តាហ៍នេះថា ពលរដ្ឋតួកគីម្នាក់ឈ្មោះ Gun Ufuk ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈ ២០ឆ្នាំនៅក្នុងប្រទេសអ៉ីតាលី សម្រាប់ការជាប់ពាក់ព័ន្ធរបស់លោក ទៅនឹងហេតុការណ៍លិចទូកដឹកជនភៀសខ្លួន សម្លាប់មនុស្សយ៉ាងហោចណាស់ ៩៤នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ ២០២៤។

រដ្ឋអាជ្ញាបានចោទប្រកាន់ថា លោក Ufuk ជាអ្នករៀបចំទូកដឹកមនុស្សប្រហែល ១៨០នាក់ចេញពីភាគខាងលិចតួកគី ហើយក្នុងចំណោមពួកគេបានស្លាប់ នៅពេលដែលទូកលិចចំពេលមានព្យុះ នៅឯច្រាំងសមុទ្រនៃទីក្រុង Cutro ភាគខាងត្បូងប្រទេសអ៉ីតាលី កាលពីខែកុម្ភៈ ឆ្នាំ២០២៣។ ប៉ុន្តែលោក Ufuk បានបដិសេធធ្វើខុសដោយនិយាយថា ខ្លួនគ្រាន់តែជាអ្នកនៅលើទូកនោះដែរតែប៉ុណ្ណោះ ពីព្រោះលោកក៏កំពុងព្យាយាមគេច ចេញពីការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ក្នុងប្រទេសតួកគី។ ចៅក្រមម្នាក់មកពីទីក្រុង Crotone ភាគខាងត្បូងអ៉ីតាលី បានពិន័យជាប្រាក់ចំនួន ៣លានអឺរ៉ូ ឬស្មើនឹងជាង ៣.២លានដុល្លារទៅលើលោក Ufuk ក្រោយកាត់ទោសពីបទបង្កើតក្រុមរត់ពន្ធមនុស្ស។

គួរបញ្ជាក់ថា បុរសជនជាតិតួកគីរូបនេះ ត្រូវបានចាប់ខ្លួនក្នុងប្រទេសអូទ្រីស កាលពីខែមីនា ឆ្នាំ ២០២៣ បន្ទាប់ពីភៀសខ្លួនឆ្លងកាត់ព្រំដែន មកពីអ៉ីតាលី។ ការផ្តន្ទាទោសអតិបរមាសម្រាប់បទឧក្រិដ្ឋគឺមានរយៈពេល ៣០ឆ្នាំ ក្រោមលក្ខខណ្ឌដ៏តឹងរ៉ឹងពីសំណាក់រដ្ឋាភិបាល បន្ទាប់ពីគ្រោះថ្នាក់លិចទូកនោះកើតឡើង៕

រូបភាពពី Reuters