(ក្វាតេម៉ាឡាស៉ីធី)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ក្វាតេម៉ាឡាបាននិយាយថា ខ្លួននឹងនៅតែបន្តរក្សាទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ដដែល បន្ទាប់ពីនាពេលថ្មីៗនេះ រដ្ឋមន្រ្តីការបរទេសរបស់ខ្លួនបានបង្ហើបថា រដ្ឋាភិបាលក្វាតេម៉ាឡា នឹងព្យាយាមស្វែងរកទំនាក់ទំនងពាណិជ្ជកម្មផ្លូវការជាមួយចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្រសួងការបរទេសក្វាតេម៉ាឡា បានចេញសេចក្តីថ្លែងការណ៍ថា ប្រទេសអាមេរិកឡាទីនមួយនេះ នៅតែបន្តទទួលស្គាល់តៃវ៉ាន់ជារដ្ឋឯករាជ្យ បន្ទាប់ពីគណបក្សប្រឆាំង Todos បាននិយាយថា ខ្លួនគ្រោងនឹងចោទសួរ រដ្ឋមន្រ្តីការបរទេសក្វាតេម៉ាឡា លោក Carlos Ramiro Martinez នៅក្នុងសភា ដើម្បីឱ្យរូបលោកបកស្រាយឱ្យបានច្បាស់លាស់ អំពីផែនការរបស់រដ្ឋាភិបាលពាក់ព័ន្ធប្រទេសចិន។
ក្នុងបទសម្ភាសឮកាលពីថ្ងៃចន្ទសប្តាហ៍នេះ លោក Martinez បានលើកឡើងយ៉ាងដូច្នេះថា «ពួកយើងនឹងបន្តធ្វើការជាមួយតៃវ៉ាន់ ក្នុងកម្រិតដែលយើងបានធ្វើមកទល់ពេលនេះ ប៉ុន្តែលោកប្រធានាធិបតីបានគូសរំលេចថា យើងមិនអាចព្រងើយកន្តើយចំពោះទម្ងន់ និងអំណាចរបស់ប្រទេសចិននោះឡើយ»។ លោក Martinez បានបន្តទៀតថា ក្វាតេម៉ាឡា មានចំណាប់អារម្មណ៍ ក្នុងការអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន ដែលអាចនឹងឈានដល់ ការបង្កើតការិយាល័យពាណិជ្ជកម្មផ្លូវការមួយ។
គួរបញ្ជាក់ថា ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានបង្កើតឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួន នៅឯតំបន់អាមេរិកឡាទីន ដោយប្រទេសអាមេរិកកណ្តាលជាច្រើន ដូចជាហុងឌូរ៉ាសនិងប៉ាណាម៉ាជាដើម បាននាំគ្នាដោះដៃចោលតៃវ៉ាន់ដើម្បីងាកទៅចាប់ចិនវិញ។ កោះតៃវ៉ាន់ត្រូវរដ្ឋាភិបាលទីក្រុងប៉េកាំង ចាត់ទុកត្រឹមជាខេត្តមួយប៉ុណ្ណោះ របស់ប្រទេសចិន៕
រូបភាពពី Reuters