(ម៉ានីល)៖ រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន បានបញ្ជាឱ្យយោធាបង្កើនចំនួនកងទ័ព ដែលឈរជើងតាមដែនកោះនៅចុងភាគខាងជើងប្រទេស ពោលគឺនៅទល់មុខកោះតៃវ៉ាន់ ដើម្បីពង្រឹងសមត្ថភាពការពារទឹកដីរបស់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។
រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន លោក Gilberto Teodoro ក៏បានអំពាវនាវផងដែរ ឱ្យបង្កើនការសាងសង់មូលដ្ឋានបន្ថែម នៅប្រជុំកោះ Batanes ដែលមានចម្ងាយមិនដល់ ២០០គីឡូម៉ែត្រនោះឡើយពីកោះតៃវ៉ាន់ ក្នុងឱកាសបំពេញទស្សនកិច្ច ទៅកាន់មូលដ្ឋានយោធាជើងទឹកមួយកន្លែងនៅទីនោះ កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ ច្រកសមុទ្រ Bashi ដែលស្ថិតនៅរវាងប្រជុំកោះនោះនិងតៃវ៉ាន់ ត្រូវបានចាត់ទុកជា ច្រកដ៏សំខាន់មួយសម្រាប់នាវាធ្វើដំណើរចេញចូល រវាងតំបន់ប៉ាស៉ីហ្វិកខាងលិច ហើយនិងតំបន់សមុទ្រចិនខាងត្បូង ដែលមានបញ្ហាវិវាទ។ ក្រសួងការពារជាតិតៃវ៉ាន់ធ្លាប់អះអាងថា យោធាចិនតែងបញ្ជូននាវានិងយន្តហោះ ឆ្លងកាត់ច្រកសមុទ្រនោះជាប្រចាំ។
គួរបញ្ជាក់ថា បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីខែសីហា ឆ្នាំ២០២៣ យោធាអាមេរិកកំពុងស្ថិតក្នុងកិច្ចពិភាក្សា ដើម្បីអភិវឌ្ឍកំពង់ផែស៉ីវិលមួយ នៅប្រជុំកោះ Batanes។ កាលពីឆ្នាំមុន ហ្វីលីពីនបានបង្កើនជិតទ្វេដង នូវចំនួនមូលដ្ឋានទ័ពរបស់ខ្លួន ដែលកងកម្លាំងយោធាអាមេរិក មានសិទ្ធិប្រើប្រាស់បាន ក្នុងនោះរួមមាន៣កន្លែង នៅទល់មុខកោះតៃវ៉ាន់។ ចិនដែលចាត់ទុកតៃវ៉ាន់ ជាផ្នែកមិនអាចកាត់ផ្តាច់បាន នៃទឹកដីរបស់ខ្លួន បានរិះគន់ហ្វីលីពីននាពេលនោះថា កំពុងព្យាយាមដុតបញ្ឆេះភាពតានតឹងនៅក្នុងតំបន់៕
រូបភាពពី AFP