(ប៊ុយដាប៉ែស)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ក្រុមឯកអគ្គរដ្ឋទូតមកពីសហរដ្ឋអាមេរិក និងប្រទេស NATO ដទៃទៀត រួមមានទាំងប៉ូឡូញ ដាណឺម៉ាក និងស្លូវ៉ាគី បាននាំគ្នាបង្ហាញវត្តមាននៅសភានៃប្រទេសហុងគ្រី ដើម្បីដាក់សម្ពាធឱ្យទីក្រុងប៊ុយដាប៉ែស ផ្តល់សច្ចាប័នឱ្យបានឆាប់ចំពោះពាក្យស្នើសុំសមាជិកភាព NATO របស់ប្រទេសស៊ុយអែត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។
សម័យប្រជុំវិសាមញ្ញខាងលើរបស់សភាហុងគ្រី ត្រូវបានស្នើដោយក្រុមគណបក្សប្រឆាំង ដើម្បីបោះឆ្នោតលើការផ្តល់សច្ចាប័នកាលពីថ្ងៃចន្ទ ប៉ុន្តែក្រុមតំណាងរាស្រ្តមកពីគណបក្សកាន់អំណាច Fidesz បានធ្វើពហិការ ជាហេតុធ្វើឱ្យសម័យប្រជុំនោះខ្វះចំនួនគូរ៉ុម ដែលមានន័យថា ការផ្តល់សច្ចាប័ននឹងត្រូវពន្យារពេលបន្តទៀត។ ក្រុមសមាជិកសភាបក្ស Fidesz បាននិយាយថា ពួកគេចង់ឱ្យនាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersson មកបំពេញទស្សនកិច្ចនៅប៊ុយដាប៉ែសសិន មុនពួកគេផ្តល់សច្ចាប័ន។
គួរបញ្ជាក់ថា បន្ទាប់ពីការផ្តល់សច្ចាប័នរបស់តួកគីកាលពីពេលថ្មីៗកន្លងទៅនេះ ហុងគ្រីគឺជាសមាជិក NATO ចុងក្រោយគេបង្អស់ ដែលនៅអែអង់ពុំទាន់ផ្តល់សច្ចាប័ន ចំពោះសមាជិកភាពរបស់ទីក្រុងស្តុកខុល។ ដើម្បីអាចក្លាយជាសមាជិកបាន ពាក្យស្នើសុំចាំបាច់ត្រូវទទួលបាន ការផ្តល់សច្ចាប័នពីសមាជិក NATO បច្ចុប្បន្នទាំងអស់។ ស៊ុយអែតបានស្នើសុំចូលរួមក្នុង NATO កាលពីខែឧសភា ឆ្នាំ២០២២ គឺក្នុងពេលដំណាលគ្នាជាមួយហ្វាំងឡង់ បន្ទាប់ពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន បានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំដដែលនោះ។ យ៉ាងណាមិញ ផ្ទុយពីស៊ុយអែត ហ្វាំងឡង់បានក្លាយជាសមាជិក NATO ជាផ្លូវការ តាំងតែពីខែមេសា ឆ្នាំមុនម្ល៉េះ៕
រូបភាពពី Reuters