(អ៊ីស្តង់ប៊ុល)៖ រដ្ឋមន្ត្រីការបរទេសតួកគីបានប្រកាសកាលពីល្ងាចថ្ងៃអាទិត្យថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសតួកគីក្នុងពេលឆាប់ៗនេះ ដោយវានឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកពូទីន ទៅកាន់ប្រទេសសមាជិកអង្គការណាតូ ចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែនជាទ្រង់ទ្រាយធំកាលពីពីរឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤។
រដ្ឋមន្ត្រីការបរទេស លោក Hakan Fidan បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ឯកជនមួយថា ជំនួបរបស់លោក ពូទីន ជាមួយប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan នឹងផ្តោតលើវិធីថ្មីមួយ ដើម្បីអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនតាមរយៈសមុទ្រខ្មៅ។ លោកមិនបានបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់សម្រាប់ដំណើរទស្សនកិច្ចនេះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយតួកគីបានរាយការណ៍ថា លោក ពូទីន នឹងមកដល់នៅថ្ងៃទី ១២ ខែកុម្ភៈ។
គួរបញ្ជាក់ថា តួកគីបានព្យាយាមរក្សាទំនាក់ទំនងល្អជាមួយរុស្ស៊ី និងអ៊ុយក្រែន ដែលជាប្រទេសជិតខាងរបស់ខ្លួននៅលើសមុទ្រខ្មៅ។ ខណៈពេលដែលខ្លួនបានបដិសេធ មិនចូលរួមក្នុងការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើទីក្រុងមូស្គូ តួកគីក៏បានគាំទ្របូរណភាពទឹកដីរបស់អ៊ុយក្រែន និងផ្តល់អាវុធដល់ទីក្រុងគៀវផងដែរ។
លោក Fidan បាននិយាយថា «កិច្ចព្រមព្រៀងស្បៀងអាហារពីមុនបានដំណើរការក្រោមយន្តការជាក់លាក់។ ឥឡូវនេះវាត្រូវបានគេមើលឃើញថា មានលទ្ធភាពនៃយន្តការផ្សេងគ្នា»។ លោកបាននិយាយបែបនេះ ដោយសំដៅទៅលើកិច្ចព្រមព្រៀងមុនដែលមានរយៈពេលមួយឆ្នាំ មុនពេលរុស្ស៊ីដកខ្លួនចេញពីវានៅក្នុងខែកក្កដា។
រដ្ឋមន្ត្រីការបរទេសតួកគីរូបនេះ ក៏បាននិយាយផងដែរថា លោក Erdogan ក៏នឹងពិភាក្សាជាមួយលោក ពូទីន ជុំវិញបញ្ហាសន្តិសុខនៅក្នុងប្រទេសស៊ីរី និងកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលផងដែរ៕
រូបភាពពី AFP