(ស៊ូដង់)៖ មនុស្សប្រហែល ៤០ នាក់ ដែលភាគច្រើនជាជនស៊ីវិលត្រូវបានសម្លាប់នៅក្នុងអំពើហិង្សា នៅក្នុងតំបន់ជម្លោះមួយនៅព្រំដែនរវាងប្រទេសស៊ូដង់ខាងត្បូងជាមួយប្រទេសស៊ូដង់ កាលពីចុងសប្តាហ៍ ហើយរាប់រយនាក់បានភៀសខ្លួនទៅជ្រកកោណ នៅក្នុងបរិវេណរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤។

មានការប៉ះទង្គិចជាញឹកញាប់នៅក្នុងតំបន់ Abyei រវាងក្រុមគូប្រជែង នៃក្រុមជនជាតិភាគតិច Dinka ដោយសារតែជម្លោះលើទីតាំងនៃព្រំដែនរដ្ឋបាល ដែលប្រាក់ចំណូលពន្ធសំខាន់ៗត្រូវបានប្រមូលពីពាណិជ្ជកម្មឆ្លងព្រំដែន។ តំបន់នេះសម្បូរទៅដោយប្រេង ហើយត្រូវបានគ្រប់គ្រងរួមគ្នា ដោយប្រទេសស៊ូដង់ខាងត្បូង និងស៊ូដង់ ដែលប្រទេសទាំងពីរទាមទារអធិបតេយ្យភាពលើវា។

លោក Pauls Koch រដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងតំបន់បាននិយាយថា «នៅក្នុងការវាយប្រហារដែលបានកើតឡើងនៅថ្ងៃទី ២ និងទី៣ ខែកុម្ភៈ ផ្សារលក់ដូជាច្រើនត្រូវបានដុតបំផ្លាញ ទ្រព្យសម្បត្តិត្រូវបានលួចប្លន់ ជនស៊ីវិល ១៩ នាក់ត្រូវបានសម្លាប់ និង ១៨នាក់ផ្សេងទៀតបានរងរបួស»

លោកបានបន្ថែមថា មនុស្ស ១៨ នាក់ផ្សេងទៀតត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដាច់ដោយឡែកពីគ្នាកាលពីថ្ងៃអាទិត្យ។ ក្នុង​ចំណោម​អ្នក​ស្លាប់​មាន​កុមារ​បី​នាក់ ​​និងបុគ្គលិក​​ដែល​ធ្វើការ​ឱ្យអង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន (MSF) ម្នាក់។

គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នានេះក៏បាននាំឱ្យមានការផ្លាស់ទីលំនៅរបស់មនុស្សរាប់រយនាក់ ដែលបានភៀសខ្លួនទៅជ្រកកោណក្នុងបរិវេណកងកម្លាំងរក្សាសន្តិភាព នៃកងកម្លាំងសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិសម្រាប់តំបន់ Abyei (UNISFA)។

កាលពីចុងខែមករា មនុស្សយ៉ាងតិច៥៤នាក់ រួមទាំងស្ត្រី និងកុមារ និងកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ២នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនៅក្នុងតំបន់តែមួយ។ មនុស្សជាង ២,០០០ នាក់ បច្ចុប្បន្នកំពុងជ្រកក្នុងបរិវេណ UNISFA ដោយសារតែការប្រយុទ្ធគ្នាក្នុងខែមករា និងចុងសប្តាហ៍មុន៕

រូបភាពពី Reuters