(វ៉ាស៊ីនតោន)៖ ការវាយប្រហារតាមផ្លូវអាកាសដោយកម្លាំងសហរដ្ឋអាមេរិក និងអង់គ្លេសដាក់លើទឹកដីប្រទេសអ៊ីរ៉ាក់, ស៊ីរី និងយេម៉ែន បានបង្កការខឹងសម្បារកាន់តែ ខ្លាំង។ សហរដ្ឋអាមេរិកនិយាយថាការវាយប្រហារដាក់លើក្រុមសកម្មជនឥស្លាមនៅលើទឹកដីនៃប្រទេសអារ៉ាប់ទាំងបីកន្លងមកនេះ គឺដើម្បីចង់បន្សាបឥទ្ធិពលយោធារបស់ ក្រុមប្រដាប់ឥស្លាមដែលអ៊ីរ៉ង់បានគាំទ្រទាំងនោះផង និងដើម្បីការសងសឹកផងចំពោះការសម្លាប់យុទ្ធជនអាមេរិកបីនាក់នៅមូលដ្ឋាន Tower 22។ ប៉ុន្តែ ក្រុមយុទ្ធឥស្លាមទាំងនោះ បានប្តេជ្ញាថានឹងធ្វើការសងសឹកតបតទៅវិញ។

ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន បានព្រមាននឹងបន្តការវាយប្រហារដាក់ជាបន្ថែមទៀតលើក្រុមប្រដាប់អាវុធឥស្លាមដែលអ៊ីរ៉ង់បានគាំទ្របន្ទាប់ បានធ្វើការវាយប្រហារ តាមផ្លូវអាកាសជាបន្តបន្ទាប់ដាក់លើពួកគេនៅក្នុងប្រទេសអ៊ីរ៉ាក់ ស៊ីរី និងយេម៉ែន នាប៉ុន្មានថ្ងៃនេះរួចមក។ សហរដ្ឋអាមេរិក និងអង់គ្លេសបានបើកការវាយប្រហារ ប្រឆាំងនឹងគោលដៅក្រុមប្រដាប់អាវុធដែលឥស្លាមគាំទ្រក្នុងនោះ ការវាយប្រហារចំនួន៣៦គោលដៅបានធ្វើនៅក្នុងប្រទេសយេម៉ែន និង៨៥គោលដៅ បានធ្វើនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។

ប៉ុន្តែ ការវាយប្រហារប៉ុន្មានថ្ងៃមកនេះរបស់សហរដ្ឋអាមេរិក ត្រូវគេឃើញថាមានហ៊ានឱ្យប៉ះពាល់លើទឹកដីអ៊ីរ៉ង់ឡើយ បើទោះបីជាសហរដ្ឋអាមេរិកនិយាយថា រដ្ឋាភិបាលក្រុងតេហេរ៉ង់ បានស្ថិតនៅពីក្រោយក្រុមប្រដាប់អាវុធឥស្លាមទាំងនេះដើម្បីធ្វើការវាយប្រហារដាក់មកលើសហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ។ ការវាយប្រហារ ជាបន្តបន្ទាប់តាំងពីថ្ងៃសុក្រមកនោះ មិនមានសេចក្តីរាយការណ៍អំពីការបាត់បង់ជីវិតរបស់អ៊ីរ៉ង់ឡើយ។ អ្នកដែលប៉ះពាល់គឺអ៊ីរ៉ាក់, ស៊ីរី និងយេម៉ែនតែប៉ុណ្ណោះ។

ការវាយប្រហារសងសឹកចាប់ផ្តើមកាលពីថ្ងៃទី២កុម្ភៈ គឺនៅបន្ទាប់ពីសហរដ្ឋអាមេរិកបានពន្យាពេលច្រើនថ្ងៃនៅក្នុងការឆ្លើយតបតសងសឹកចំពោះអ្វីដែល ក្រុមប្រដាប់អាវុធឥស្លាម ដែលអ៊ីរ៉ង់គាំទ្រ បានវាយប្រហារដ្រូនដាក់លើមូលដ្ឋានយោធាអាមេរិក Tower 22 ដោយបានសម្លាប់ទាហានអាមេរិក៣នាក់ និងរបួស ជាង៤០នាក់នៅក្នុងតំបន់មជ្ឈិមបូព៌ាកន្លងមកនេះ។ មន្ត្រីទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan បានថ្លែងកាលពីថ្ងៃទី៤កុម្ភៈថា «ការវាយប្រហារ បានចាប់ផ្តើមតាំងពីយប់ថ្ងៃសុក្រទី២កុម្ភៈ ឆ្នាំ២០២៤ ប៉ុន្តែវាយមិនមែនជាការ បញ្ចប់ចុងក្រោយនោះទេ។ យើងមានបំណងនឹងធ្វើការវាយប្រហារជាបន្ថែមជាមួយនឹងការធ្វើ សកម្មភាពនានាដទៃ ទៀតដែលជាសារដ៏ច្បាស់លាស់ប្រាប់ទៅវិញថាសហរដ្ឋអាមេរិកនឹងឆ្លើយតបដាក់ ទៅវិញនៅពេលណាដែលកងកម្លាំងប្រដាប់អាវុធអាមេរិកបានរងនឹងការវាយ ប្រហារឬក៏មានពលរដ្ឋអា មេរិកត្រូវបានគេសម្លាប់»។ លោក Jake Sullivan បានថ្លែងបន្តថា «ក្នុងពេលនេះ គេកំពុងតែធ្វើ ការវាយតម្លៃលើសំណួរពាក់ព័ន្ធករណីមនុស្សស្លាប់និងរង របួស ក្នុងរង្វង់ក្រុមសកម្មជនប្រដាប់អាវុធឥស្លាមទាំងនោះសិន»

សហរដ្ឋអាមេរិកបានថ្លែងថាការវាយប្រហារដាក់លើប្រទេសស៊ីរីនិងអ៊ីរ៉ាក់ទាំង៨៥ គោលដៅ ការពីល្ងាចថ្ងៃសុក្រ បានធ្វើតាមរយៈគ្រាប់បញ្ជាច្បាស់លាស់ដាក់លើគោលដៅ Precision-Guided Munitions…និងការវាយប្រហារទាំងនោះ បានបាញ់ដាក់លើទីតាំងបញ្ជាការដ្ឋានធ្វើ ប្រតិបត្តិការ, ទីតាំងផ្តល់ព័ត៌មានសម្ងាត់, បាញ់ដាក់លើទីតាំង ដែលមានការរក្សាដ្រូន, បាញ់កម្ទេចគ្រាប់មីស៊ីល និងគ្រាប់រ៉ុក្កែត, ទីតាំងស្បៀង និងទីតាំងផ្គត់ផ្គង់ខ្សែសង្វាក់ដឹកជញ្ជូនគ្រាប់រំសេវរបស់ក្រុមជីវពល និងកម្លាំងឧបត្ថម្ភ បដិវត្តន៍ឥស្លាម IRGC របស់អ៊ីរ៉ង់ដែលជាក្រុមជួយគាំទ្រក្រុមសកម្មជនឥស្លាម ក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងសហរដ្ឋអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ា។

នៅក្នុងប្រទេសអ៊ីរ៉ាក់នោះ ការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ត្រូវគេរាយការណ៍ថា បានសម្លាប់សមាជិក១៧នាក់នៃកងកម្លាំង PMF ដែលជាក្រុមប្រដាប់អាវុធមួយដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ ប៉ុន្តែសេចក្តីរាយការណ៍បង្ហាញថាក្នុងកងកម្លាំង PMF របស់រដ្ឋាភិបាលអ៊ីរ៉ាក់នោះ ក៏រួមមានទាំងក្រុមប្រដាប់អាវុធដែលអ៊ីរ៉ង់បានគាំទ្រផងដែរ។ ការវាយប្រហារដាក់លើគោលដៅ ក្នុងប្រទេសស៊ិរីនិងអ៊ីរ៉ាក់ គឺបន្ទាប់ពីសហរដ្ឋអាមេរិកបានចាត់ទុកថាអំពើ វាយប្រហារដាក់លើមូលដ្ឋាន Tower22 ដែលសម្លាប់ទាហានអាមេរិកបីរូបនិង ជាង៤០នាក់ទៀតរងរបួសនោះ គឺជាការទទួលខុសត្រូវរបស់ក្រុម Islamic Resistance ក្នុងទឹកដីអ៊ីរ៉ាក់។ ក្រុម Islamic Resistance គឺជាក្រុមមួយដ៏ធំដែលអ៊ីរ៉ង់បានជួយគាំទ្រ។

ប៉ុន្តែ បើទោះបីជាសហរដ្ឋអាមេរិកបានចោទដោយត្រង់ៗថាទង្វើវាយប្រហាររបស់ក្រុមសកម្ម ជនឥស្លាមទាំងនោះ ជាក្រុមដែលអ៊ីរ់ង់បានគាំទ្រក៏ដោយ ទាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវគេឃើញថាបានព្យាយាមការចៀសវាងមិនប្រឈមមុខគ្នាដោយការធ្វើសង្គ្រាមដាក់គ្នាដោយផ្ទាល់ដែរ។ ក្រសួងការពារជាតិអាមេរិក បាននិយាយថា គេមិនចង់ធ្វើសង្រ្គាមជាមួយនឹងអ៊ីរ៉ង់ ចំណែកអ៊ីរ៉ង់វិញបានថ្លែងថាគេនឹងមិនគេចវេះពីសង្គ្រាមឡើយប្រសិនណាបើសហរដ្ឋអាមេរិក បង្ខំឱ្យអ៊ីរ៉ង់ត្រូវលោតចូលក្នុងសង្គ្រាមមែននោះ។ មានសំណួរជាច្រើន ត្រូវបានគេសួរចំពោះមន្ត្រីក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាណក្នុងកម្ម វិធី « Face the Nation» កាលពីចុងសប្តាហ៍ ពាក់ព័ន្ធនឹងការចង់ដឹងថាតើសហរដ្ឋអាមេរិកនឹង វាយប្រហារដាក់លើប្រទេសអ៊ីរ៉ង់ដែរឬទេនៅពេលដែលមានការឃើញច្បាស់ថាអ៊ីរ៉ង់គឺជាប្រ ទេសដែលស្ថិតនៅពីក្រោយក្រុមយុទ្ធជនឥស្លាមប្រដាប់អាវុធទាំងនោះ? លោក Jake Sullivan បានព្យាយាមឆ្លើយដោយពង្វាងការមិនចង់ប៉ះទង្គិចលើអ៊ីរ៉ង់ឡើយ ប៉ុន្តែ លោកបញ្ជាក់ថា ការវាយប្រហារកាលពីថ្ងៃសុក្រ វាគ្រាន់តែជាការចាប់ផ្តើម។

លោក Jake Sullivan បាននិយាយបញ្ជាក់ថា «វាគ្រាន់តែជាការចាប់ផ្តើមទេចំពោះការឆ្លើយតប របស់យើងទេ…គេចាត់វិធានការផ្សេងជាច្រើនទៀត ដែលវិធានការខ្លះ ក៏ធ្លាប់ត្រូវបានគេ ឃើញ រួចមកហើយ និងវិធានការខ្លះទៀត ប្រហែលជាគេមិនទាន់បានឃើញនៅឡើយទេ ដែលអ្វីទាំងនេះ គឺជាការឆ្លើយតបចំពោះអ្វីដែល ពួកគេបានធ្វើឱ្យការស្លាប់ដល់ទាហានក្លាហានរបស់សហរដ្ឋអាមេរិក»។

លោក Jake Sullivan បានថ្លែងបដិសេធមិនរៀបរាប់ដោយចំហរក្នុងគម្រោងកិច្ចការប្រតិបត្តិការ របស់យោធាអាមេរិកដាក់ទៅលើក្រុមយុទ្ធជនឥស្លាមក្នុងតំបន់មជ្ឈិមបូព៌ា ឡើយ។ បន្ទាប់ពីការវាយប្រហារ៨៥គោលដៅ ដាក់លើប្រទេសស៊ីរីនិងអ៊ីរ៉ាក់រួច, កងកម្លាំងអាមេរិក រួមសហការជាមួយនឹងប្រទេសអង់គ្លេស បានធ្វើការវាយប្រហារ ដាក់មកលើក្រុមហ៊ូធីនៃប្រទេសយេម៉ែនជាបន្តទៀត។ បញ្ជាការដ្ឋានកណ្តាលអាមេរិក CENTCOM បានថ្លែងថាការវាយប្រហារដាក់លើក្រុមហ៊ូធី ទាំង៣៦គោលដៅនោះ គឺស្ថិតក្នុងកន្លែងចំនួន១៣។ ការវាយប្រហារតាមផ្លូវអាកាលកាលពី ថ្ងៃសៅរ៍នោះ គឺជាការវាយប្រហារក្នុងទ្រង់ទ្រាយធំបង្អស់ជាងគេហើយ ដោយកម្លាំងសហការ របស់សហរដ្ឋអាមេរិកនិងអង់គ្លេស។ ក្រុមហ៊ូធីបាននិយាយថា អាគារ៨៤របស់ខ្លួនបានរង នឹង ការវាយប្រ ហារតាមផ្លូវអាកាសនៅថ្ងៃសៅរ៍ទី៣កុម្ភៈនោះ។

បញ្ជាការដ្ឋានកណ្តាលអាមេរិក CENTCOM និយាយថា គោលដៅដែលបានវាយប្រហារនោះ រួមមានទីតាំងសម្ងាត់ក្រោមដីរបស់ក្រុមហ៊ូធី, បញ្ជាការដ្ឋានបញ្ជានិងគ្រប់គ្រង របស់ក្រុមហ៊ូធី, ប្រព័ន្ធមីស៊ីល, ទីតាំងរក្សាទុកដ្រូន និងទីតាំងធ្វើប្រតិបត្តិការ, ប្រព័ន្ធរ៉ាដានិងឧទ្ធម្ភាគចក្រជាច្រើនគ្រឿង។ ការវាយប្រហារកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍ កន្លងមកនេះ ត្រូវក្រុមហ៊ូធីបាននិយាយថាកើតឡើងនៅក្នុងតំបន់រាជធានី Sanaa និងលើតំបន់មួយចំនួនទៀត។ ក្រុមហ៊ូធី បានថ្លែង ប្រតិកម្មចំពោះការវាយប្រហារនេះ មកវិញកាលពីថ្ងៃអាទិត្យជាមួយការសច្ចាថានឹង ធ្វើការសងសឹកតបតទៅវិញ។ មន្ត្រីនាំពាក្យយោធាក្រុមហ៊ូធី លោក Yahya Sarea បាន និយាយប្តេជ្ញាថា ការវាយប្រហារ របស់អាមេរិកនិងអង់គ្លេសទាំងនោះ «គឺគេមិនទុកឱ្យវាធ្វើដំណើរទៅដោយគ្មានការឆ្លើយតបនិងការផ្តល់ផលវិបាកទៅវិញនោះឡើយ»

មន្ត្រីអ្នកនាំពាក្យក្រុម Houthi ម្នាក់ទៀតឈ្មោះ Mohammed Abdulsalam បានថ្លែងថា ហ៊ូធី មិនញញើតចំពោះការគំរាមកំហែងនេះឡើយ។ លោកថាក្រុមហ៊ូធីនៃ ប្រទេសយេម៉ែន នៅតែបន្តភាពម៉ឺងម៉ាត់របស់ខ្លួនគាំទ្រក្រុមហាម៉ាសប៉ាឡេស្ទីនក្នុងតំបន់ Gaza។ លោកបញ្ជាក់ថាការវាយប្រហាររបស់អាមេរិក និងអង់គ្លេសទាំងនេះ មិនអាចប៉ះពាល់លើទឹកចិត្តសម្រេចរបស់កងកម្លាំងយុទ្ធជនប្រទេសយេម៉ែនបានឡើយ។ ក្រសួងការបរទេសអ៊ីរ៉ង់ បានថ្លែងប្រតិកម្មចំពោះការវាយប្រហារដាក់លើ ប្រទេសយម៉ែនវេលា ចុងក្រោយនេះ ថាជាការរំលោភបំពានយ៉ាងកម្រោលរបស់សហរដ្ឋអាមេរិក និងប្រទេសអង់គ្លេសដាក់មកលើច្បាប់អន្តរជាតិ។

ក្រសួងការបរទេសអ៊ីរ៉ង់ព្រមានថា «បើសិនជាមានការវាយ ប្រហារបន្តបែបនេះថែមទៀតនោះ គឺវាជាការគំរាមកំហែងគួរឱ្យព្រួយបារម្ភចំពោះសន្តិភាព និងសន្តិសុខជា អន្តរជាតិ»។ សង្គ្រាមដែលកាន់តែរាលដាលចូលក្នុងតំបន់មជ្ឈិមបូព៌ានេះ បានកើតឡើងដោយសារតែដើមចមនៃព្រឹត្តិការណ៍បង្ហូរឈាម ថ្ងៃទី៧តុលាឆ្នាំ២០២៣ ដែលក្រុមហាម៉ាសប៉ាឡេស្ទីនបានសម្លាប់ពលរដ្ឋអ៊ីស្រាអែល១ពាន់១៣៩នាក់ និងចាប់ជាចំណាប់ខ្មាំង២៤០នាក់។ ចំណាប់ខ្មែរជាង ១០០នាក់ហើយត្រូវបានដោះលែង តាមរយៈការបញ្ឈប់បាញ់គ្នាចំនួនថ្ងៃដោយមានការដោះ លែងអ្នកទោសប៉ាឡេស្ទីនជាច្រើនថែមទៀតកាលពីចុងឆ្នាំ២០២៣។

អ៊ីស្រាអែលក្រោយព្រឹត្តិការណ៍បង្ហូរឈាមនោះមក បានប្រកាសការធ្វើសង្គ្រាមដាក់លើតំបន់ហ្គាហ្សា ជាមួយនឹងការដាក់គោលដៅសម្រេចយោធារបស់ខ្លួនបីចំណុច។ ចំណុចទីមួយគឺការ បំបាត់ក្រុមហាម៉ាសចេញពីតំបន់ហ្គាហ្សា, ចំណុចទី២ រំដោះចំណាប់ខ្មាំង និងចំណុចទីបីការ ធ្វើឱ្យតំបន់ហ្គាហ្សានឹងលែងក្លាយជាតំបន់បង្កគ្រោះថ្នាក់ ដល់អ៊ីស្រាអែលសម្រាប់អនាគត។ ខណៈសង្គ្រាមបានអូសបន្លាយរយៈពេល១២២ថ្ងៃគិតត្រឹមថ្ងៃចន្ទទី៥កុម្ភៈ, គោលដៅទាំងបី របស់អ៊ីស្រាអែលនៅមិនទាន់បានសម្រេច អស់ទាំងស្រុងឡើយ គ្រាដែលជីវិតពលរដ្ឋប៉ាឡេ ស្ទីនបានស្លាប់២ម៉ឺន៧ពាន់៣៦៥នាក់, អ្នករងរបួសកើនដល់៦ម៉ឺន៦ពាន់៦៣០នាក់ និងការវាយប្រហារនៅក្នុងតំបន់ ហ្គាហ្សាតាមរយៈកម្លាំងថ្មើរជើង, ការបាញ់តាមផ្លូវអាកាសនិងតាម កងទ័ពជើងទឹករបស់អ៊ីស្រាអែលនៅតែបន្តធ្វើមិនទាន់ចប់សព្វគ្រប់ឡើយ៕

រូបភាពពី AFP