(ម៉ានីល)៖ រដ្ឋមន្រ្តីការពារជាតិហ្វីលីពីននាថ្ងៃចន្ទនេះ បានសម្តែងការប្តេជ្ញាចិត្តដើម្បីការពារអធិបតេយ្យជាតិ ក្រោយការគំរាមចង់ធ្វើអបគមន៍ ​ពីសំណាក់អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។

កាលពីថ្ងៃទី៣០ ខែមករាកន្លងទៅ លោក Duterte បានប្រកូកប្រកាសចង់ឱ្យមានការផ្តល់ឯករាជ្យ សម្រាប់កោះ Mindanao ដែលជា​ទីកំណើតរបស់លោក នៅភាគខាងត្បូងប្រទេសហ្វីលីពីន ខណៈសម្ព័ន្ធភាពរវាងលោក ជាមួយប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្ន គឺលោក Ferdinand Marcos Jr បានដួលរលំទៅវិញកាលពីសប្តាហ៍មុន ដោយសារតែការខ្វែងគំនិតគ្នា​ ជុំវិញកិច្ចប្រឹងប្រែងចង់ធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ។

ប្រមុខការពារជាតិហ្វីលីពីន លោក Gilberto Teodoro នាថ្ងៃចន្ទនេះ បាននិយាយថា តួនាទីរបស់ក្រសួងការពារជាតិហ្វីលីពីន គឺធានា​ការពារនូវអធិបតេយ្យជាតិ និងបូរណភាពទឹកដី ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយក្រសួងនឹងអនុវត្តតួនាទីនេះ យ៉ាងខ្ជាប់ខ្ជួនបំផុត។ សម្តីរបស់លោក Teodoro គឺជាការបន្ទរសេចក្តីថ្លែងការណ៍ ធ្វើឡើងដោយទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីន ដែលបាននិយាយ កាលពីថ្ងៃអាទិត្យកន្លងទៅនេះថា រដ្ឋាភិបាលហ្វីលីពីន នឹងមិនស្ទាក់ស្ទើរដាច់ខាត ក្នុងការប្រើប្រាស់សិទ្ធិអំណាច និងកងកម្លាំងរបស់ខ្លួន ដើម្បីទប់ស្កាត់និងបញ្ឈប់សកម្មភាពទាំងឡាយណា ដែលប៉ុនប៉ងចង់បំបែកប្រទេសហ្វីលីពីន។ រីឯប្រមុខកងទ័ពហ្វីលីពីន លោក Romeo Brawner ក៏បានចេញសេចក្តីថ្លែងការណ៍ស្រដៀងគ្នាផងដែរ។

គួរបញ្ជាក់ថា លោក Duterte បានបង្កើតប្រវត្តិសាស្រ្ត តាមរយៈការក្លាយជាប្រធានាធិបតីហ្វីលីពីនដំបូងគេ ដែលមានប្រភពចេញមកពីកោះ Mindanao ដែលត្រូវបានញាំញីដោយអំពើហិង្សានិងជម្លោះ អស់រយៈពេលរាប់ទសវត្សរ៍ ខណៈរដ្ឋាភិបាលហ្វីលីពីន បានប្រយុទ្ធតតាំង​ជាមួយក្រុមឧទ្ទាម និងក្រុមជ្រុលនិយម៕

រូបភាពពី Reuters