(អ៉ីស្លាម៉ាបាដ)៖ បុគ្គលិកប៉ូលិសចំនួន ១០នាក់បានស្លាប់ និង ៦នាក់រងរបួសក្នុងការវាយប្រហារមួយ នៅព្រឹកថ្ងៃចន្ទនេះ ដែលធ្វើឡើង ដោយក្រុមសកម្មប្រយុទ្ធ ទៅលើស្ថានីយ៍ប៉ូលិសនៅភាគពាយព្យប្រទេសប៉ាគីស្ថាន ខណៈដែលអំពើហិង្សាកាន់តែកើនឡើង មុនការបោះឆ្នោតជាតិសប្តាហ៍នេះចូលមកដល់។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ ២០២៤។
មន្ត្រីប៉ូលិសនៅតំបន់ Draban របស់ប៉ាគីស្ថាន ក្នុងខេត្ត Khyber-Pakhtunkhwa បាននិយាយថា នៅប្រហែលម៉ោង ៣ទៀបភ្លឺ (ម៉ោងក្នុងតំបន់) ក្រុមសកម្មប្រយុទ្ធបានធ្វើសកម្មភាពបាញ់ប្រហារ ហើយសម្រុកចូលទៅក្នុងអគារស្នាក់ការរបស់ប៉ូលិស។ ស្នងការរងប៉ូលិសតំបន់ Draban លោក Malik Anees ul Hassan បញ្ជាក់ថា «បន្ទាប់ពីចូលទៅក្នុងអគារហើយ ក្រុមភេរវករបានគប់គ្រាប់បែកដៃ បណ្តាលឱ្យមានមន្រ្តីប៉ូលិសរងរបួសថែមទៀត»។
ភ្លាមៗគេមិនទាន់ដឹងទេថា នរណាជាអ្នកនៅពីក្រោយការវាយប្រហារនេះ ហើយថាតើវាទាក់ទងនឹងការបោះឆ្នោតឬអត់នោះ។ Draban ស្ថិតនៅក្នុងតំបន់ដែលត្រូវបានគេចាត់ទុកថា ជាបន្ទាយដ៏រឹងមាំរបស់គណបក្ស Jamiat Ulema-e-Islam។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក មេដឹកនាំនៃគណបក្សសាសនានិយមមួយនេះ គឺលោក Maulana Fazal Ur Rehman បានធ្វើដំណើរទៅកាន់អាហ្វហ្គានីស្ថាន កាលពីខែមករា ដើម្បីជួបមេដឹកនាំខាងវិញ្ញាណដ៏កំពូលមួយរូបរបស់តាលីបង់ ហើយជាជំនួបមួយក្នុងចំណោមជំនួបជាមួយឥស្សរជនបរទេសដែលមានអ្នកដឹងលឺតិចតួចបំផុត។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍មុន បេក្ខជនតំណាងរាស្រ្តម្នាក់ត្រូវបានគេបាញ់សម្លាប់ នៅកន្លែងផ្សេងទៀតក្នុងខេត្ត Khyber-Pakhtunkhwa។ នៅថ្ងៃដដែលនោះដែរ មេដឹកនាំនយោបាយម្នាក់ទៀត ក៏ត្រូវគេបាញ់សម្លាប់នៅឯការិយាល័យនៃគណបក្សរបស់លោកតែម្តង ក្នុងខេត្ត Balochistan។ ក្រៅពីនេះ ការវាយប្រហារដោយគ្រាប់បែក អំឡុងពេលជួបជុំគ្នាមួយបន្ទាប់ពីយុទ្ធនាការឃោសនាបោះឆ្នោតបានសម្លាប់មនុស្ស ៤នាក់ក្នុងខេត្ត Balochistan ដោយក្រុម ISIS បានចេញមុខទទួលខុសត្រូវ៕
រូបភាពពី AFP