(វ៉ាស៉ីនតោន)៖ ព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ចេញសេចក្តីព្រាងកញ្ចប់ថវិកាមួយ មានទំហំសរុបចំនួន ១១៨ពាន់លានដុល្លារ ស្តីពីសន្តិសុខព្រំដែន ព្រមទាំងជំនួយសម្រាប់អ៊ុយក្រែននិងអ៉ីស្រាអែល ប៉ុន្តែវាត្រូវបានបង្ហាញជំហរប្រឆាំងភ្លាមៗ ពី​សំណាក់សភាតំណាងរាស្រ្តអាមេរិក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សសាធារណរដ្ឋ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចេញមុខអំពាវនាវឱ្យសភាជាតិអាមេរិក រួមគ្នាអនុម័តសេចក្តីព្រាងកញ្ចប់ថវិកាខាងលើ ឱ្យបាន​ឆាប់រហ័ស។ ទោះជាបែបនេះក្តី ប្រធានសភាតំណាងរាស្រ្តអាមេរិក លោក Mike Johnson មកពីបក្សសាធារណរដ្ឋ បានប្រកាសថា សេចក្តីព្រាងនោះនឹងត្រូវបដិសេធចោល ដោយមិនបាច់ចាំយូរឡើយ ប្រសិនបើវាត្រូវធ្លាក់មកដល់សភារបស់លោក។ លោក Johnson បាននិយាយដូច្នេះថា «សេចក្តីព្រាងកញ្ចប់ថវិកានេះ គឺយ៉ាប់ខ្លាំងជាងអ្វីដែលយើងបានរំពឹងទុកទៅទៀត ហើយវានឹងគ្មានលទ្ធភាពសូម្បីបន្តិចឡើយ ក្នុងការបញ្ចប់មហន្តរាយព្រំដែន ដែលលោកប្រធានាធិបតីបានបង្កើតឡើង»

គួរបញ្ជាក់ថា ក្រៅពីថវិកា២០.២៣ពាន់លានដុល្លារ សម្រាប់សន្តិសុខព្រំដែន សេចក្តីព្រាងខាងលើ ក៏រួមបញ្ចូលផងដែរនូវ ៦០.០៦ពាន់លានដុល្លារ សម្រាប់ការបន្តគាំទ្រអ៊ុយក្រែន ក្នុងសង្រ្គាមជាមួយរុស្ស៉ី, ១៤.១ពាន់លានដុល្លារ ក្នុងទម្រង់ជាជំនួយសន្តិសុខសម្រាប់អ៉ីស្រាអែល, ២.៤៤ពាន់លានដុល្លារ សម្រាប់បញ្ជាការដ្ឋានកណ្តាលរបស់យោធាអាមេរិក និងជម្លោះនៅតំបន់សមុទ្រក្រហម និង៤.៨៣ពាន់លានដុល្លារ សម្រាប់គាំទ្របណ្តាដៃគូរបស់អាមេរិក នៅក្នុងតំបន់ឥណ្ឌូប៉ាស៉ីហ្វិក ជាទីដែលចិនកំពុងកើនឡើងឥទ្ធិពល។

បន្ថែមពីនេះ ថវិកា១០ពាន់លានដុល្លារទៀត នឹងត្រូវផ្តល់ជាជំនួយមនុស្សធម៌សម្រាប់ជនស៉ីវិល នៅតាមតំបន់មានជម្លោះ រួមមានទាំងនៅ​អ៊ុយក្រែន ហ្កាហ្សា និង West Bank ប៉ុន្តែសេចក្តីព្រាងខាងលើ បានកំណត់លក្ខខណ្ឌមួយ ដែលហាមមិនឱ្យផ្តល់មូលនិធិទៅកាន់​ទីភ្នាក់ងាររបស់ UN សម្រាប់ជនជាតិប៉ាឡេស្ទីន UNRWA ឡើយ។ រដ្ឋបាលលោក បៃដិន និងបណ្តាប្រទេសជាច្រើនទៀត បានផ្អាកការផ្តល់​មូលធិនិឱ្យ UNRWA ជុំវិញការចោទប្រកាន់ថា បុគ្គលិកមួយចំនួនរបស់ទីភ្នាក់ងារនេះ មានជាប់ពាក់ព័ន្ធក្នុងសកម្មភាពវាយប្រហារ របស់​ក្រុមហាម៉ាសប៉ាឡេស្ទីននៅអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន៕

រូបភាពពី Reuters