(ឌូបៃ)៖ កូរ៉េខាងត្បូង និងអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដោយរដ្ឋបាល​នៃកម្មវិធី​អាវុធរបស់ទីក្រុងសេអ៊ូល (DAPA) និយាយថាវាបានកើតឡើងនៅពេលដែល​ទីក្រុងសេអ៊ូល​កំពុងសម្លឹង​រក​ការ​លក់​អាវុធ​បន្ថែម​ទៀត​ក្នុង​តំបន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ ២០២៤។

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik ដែលកំពុងបំពេញទស្សនកិច្ចក្នុងទីក្រុង Riyadh នៃប្រទេសអារ៉ាប៊ីសាអូឌីត ក៏មានវត្តមានក្នុងអំឡុងពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះដែរ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ DAPA នៅថ្ងៃចន្ទនេះ កិច្ចព្រៀមព្រៀងនេះនាំទៅដល់ការបង្កើតគណៈកម្មការរួមមួយ ដើម្បីបង្កើតជាក្រុមការងារសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍប្រព័ន្ធអាវុធ ក៏ដូចជាការផលិត។ យ៉ាងនេះក្តី អ្នក​នាំពាក្យរបស់ DAPA មិន​បាន​ចែករំលែក​ព័ត៌មាន​លម្អិត​បន្ថែមទៀតនោះទេ នៅពេលត្រូបានសាកសួរ​អំពី​កិច្ច​ព្រមព្រៀង​នេះ​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​។

គួរបញ្ជាក់ថា កូរ៉េខាងត្បូងបាននិងកំពុងជំរុញការលក់អាវុធ ដើម្បីក្លាយខ្លួនជាប្រទេសផ្គត់ផ្គង់ដ៏ធំបំផុតមួយរបស់ពិភពលោក បើទោះបីជាមានការប្រកួតប្រជែងខ្លាំងពីសំណាក់ក្រុមហ៊ុននាំចេញអាវុធផ្សេងទៀតរបស់ពិភពលោកក៏ដោយ៕

រូបភាពពី Reuters