(ព្រុចសែល)៖ ក្រុមមន្រ្តីការទូតរបស់សហភាពអឺរ៉ុប (EU) បាននិយាយថា គណៈកម្មការអឺរ៉ុបនឹងមិនបន្ថែមការហាមប្រាមថ្មីណាមួយនោះទេ ទៅលើការនាំចូលពីរុស្ស៉ីនៅក្នុងកញ្ចប់ទណ្ឌកម្មទី ១៣របស់ខ្លួនខណៈដែលសំណើនៃកញ្ចប់ទណ្ឌកម្មនេះឈានដល់ដំណាក់កាលជិតសម្រេចហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។

គណៈកម្មការ EU និងបណ្តាប្រទេសជាសមាជិក ចង់អនុម័តវិធានការថ្មីឲ្យបានឆាប់ចំខួបលើកទី ២នៃការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ។ ទោះបីជាមានការអំពាវនាវពីប្រទេស EU មួយចំនួនឱ្យបន្ថែមការហាមឃាត់លើការនាំចេញរបស់រុស្ស៉ី ដូចជា អាលុយមីញ៉ូមក្តី តែគណៈកម្មការអឺរ៉ុបបានលើកតែសំណើដែលខ្លួនសង្ឃឹមថានឹងមានការជជែកពិភាក្សាតិចតួចប៉ុណ្ណោះក្នុងចំណោមប្រទេសជាសមាជិកទាំងអស់ ហើយអាចធ្វើការអនុម័តបានឆាប់រហ័ស។

មន្រ្តីការទូតមួយរូប បាននិយាយថា «នឹងមានការចុះបញ្ជីឈ្មោះរាប់រយនៃអង្គភាព និងបុគ្គលរុស្ស៉ី ប៉ុន្តែគ្មានក្រុមហ៊ុនធំៗនោះទេ។ សំណើដែលអាចមកដល់នាដើមសប្តាហ៍នេះ ក៏នឹងបន្ថែមឈ្មោះក្រុមហ៊ុមរុស្ស៊ីដែលត្រូវកំណត់មិនឱ្យក្រុមហ៊ុននៅអឺរ៉ុបលក់ទំនិញទៅឲ្យ នោះគឺជាប្រភេទទំនិញសម្រាប់ប្រើប្រាស់ធម្មតាហើយអាចយកធ្វើធាតុផ្សំផលិតអាវុធបាន»

គួរបញ្ជាក់ថា បណ្តាប្រទេសជាសមាជិក EU ចាំបាច់ត្រូវបោះឆ្នោតជាឯកច្ឆ័ន្ទ ដើម្បីអនុម័តកញ្ចប់ទណ្ឌកម្មថ្មី។ នៅពេលកញ្ចប់ទណ្ឌកម្មទី ១៣ត្រូវបានអនុម័ត គណៈកម្មការនឹងស្នើឡើងភ្លាមៗនូវកញ្ចប់ទណ្ឌកម្មទី ១៤ដែលអាចរួមបញ្ចូលការហាមឃាត់លើការនាំចូលថ្មីមួយចំនួន៕

រូបភាពពី Reuters