(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាលោកនឹងដំឡើងពន្ធលើចិនសាជាថ្មី ប្រសិនបើជាប់ឆ្នោតនៅក្នុង ការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាខាងមុខ ហើយពន្ធទាំងនោះអាចនឹងត្រូវដំឡើងខ្ពស់ជាង ៦០ភាគរយទៀតផង។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Sunday Morning Futures របស់ទូរទស្សន៍ Fox News ដោយ នៅពេលត្រូវបានសាកសួរពីសេចក្ដីរាយការណ៍ដែលថាលោកអាចនឹងពិចារណាដាក់ទណ្ឌកម្មដំឡើងពន្ធ៦០ភាគរយលើទំនិញចិន ប្រសិនបើលោកជាប់ឆ្នោត លោក ត្រាំ បានអះអាងថាលោកអាចនឹងដំឡើងពន្ធច្រើនជាងនេះទៅទៀត។

គួរបញ្ជាក់ថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដំឡើងពន្ធលើទំនិញនាំចូលពីចិនរាប់រយពាន់លានដុល្លារ ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ នៅក្នុងសង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំង២៕