(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់ម្នាក់ មកពីក្រសួងការបរទេសអាមេរិកបានជំរុញឱ្យប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ ច្រានចោលកិច្ចព្រមព្រៀងសន្តិសុខ ជាមួយចិន ដោយព្រមានថារាល់កិច្ចព្រមព្រៀងសន្តិសុខជាមួយប៉េកាំង នឹងត្រូវជួបផលវិបាក និងការខាតបង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។
អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Richard Verma ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sydney Morning Herald ដែលត្រូវបានចេញផ្សាយនៅថ្ងៃចន្ទនេះ។ ការលើកឡើងរបស់លោក Verma នេះដែរកើតមានឡើង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសប៉ាពូអាស៊ីនូវែលហ្គីណេ លោក Justin Tkachenko បានប្រាប់ Reuters កាលពីសប្ដាហ៍មុនថាប្រទេសរបស់លោកកំពុងស្ថិតក្នុងកិច្ចចរចាជាមួយចិនស្ដីពីកិច្ចព្រមព្រៀងសន្តិសុខ មួយ។ តាមលោក Tkachenko ចិនសន្យាផ្ដល់ជំនួយបណ្ដុះបណ្ដាល បរិក្ខារ រួមទាំងបច្ចេកវិទ្យាតាមដាន ដល់ប៉ូលិសប៉ាពូអាស៊ីនូវែលហ្គីណេ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអូស្ត្រាលី បានចាត់ទុកតំបន់ប៉ាស៊ីហ្វិកជាដែនឥទ្ធិពលរបស់ខ្លួន អស់រយៈពេលរាប់ទសវត្សរ៍មកហើយ និងកំពុងព្យយាម ទប់ស្កាត់កុំឱ្យប្រទេសដែនកោះក្នុងតំបន់នេះចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយចិន បន្ទាប់ពីប៉េកាំងសម្រេចបានកិច្ចព្រមព្រៀងសន្តិសុខ ជាមួយប្រទេស សូឡូម៉ុន កាលពីឆ្នាំ២០២២៕
រូបភាពពី Reuters